សៀមរាបៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ខណៈមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យស្ថានភាពដី និងរចនាសម្ព័ន្ធនៅប្រាសាទអង្គរវត្តក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កាលពីថ្ងៃទី២២ កញ្ញា បានចេញសេចក្តីជូនដំណឹងថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ដូចនេះមន្ទីរសាធារណការ សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ។
ផ្លូវដែលបានផ្អាកចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់ មានកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ) ផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង) ផ្លូវជាតិលេខ ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ) ផ្លូវខេត្តលេខ ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវខេត្តលេខ ២៦៦C (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្ត លេខ ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-ស្រែណូយ) និងផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី។
ជាមួយគ្នានេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ កាលពីថ្ងៃទី២១ កញ្ញា បានចុះពិនិត្យស្ថានភាពដី និងរចនាសម្ព័ន្ធនៅប្រាសាទអង្គរវត្តក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នេះ។
ការចុះពិនិត្យនេះដឹកនាំដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង អ្នកជំនាញជាតិ និងអន្តរជាតិ នៅបរិវេណប្រាសាទអង្គរវត្ត ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ដើម្បីពិនិត្យមើលស្ថានភាពដី ថ្មប្រាសាទ ប្រព័ន្ធរំដោះទឹក និងរចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីការពារចៀសវាងមានបញ្ហាប្រឈមណាមួយកើតឡើង៕