
រូប Ministry of Foreign Affairs and International Cooperation - Cambodia
ភ្នំពេញៈ ប្រមុខការទូតកម្ពុជា និងអាហ្សង់ទីន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំង ២ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំ និងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។
MoU នេះត្រូវបានចុះហត្ថលេខារវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Santiago Cafiero រដ្ឋមន្ដ្រីការបរទេសពាណិជ្ជកម្មអន្តរជាតិ និងធម្មការអាហ្សង់ទីន នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២០ ខែកញ្ញា នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាដែលផ្សព្វផ្សាយនាថ្ងៃទី២៣ ខែកញ្ញា បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទាំង ២ បានលើកឡើងអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងអាហ្សង់ទីន រួមទាំងការដោះស្រាយជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់នៃជំងឺនេះ។
លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍ដ៏ខ្លាំងរបស់អាហ្សង់ទីន ដែលបានលើកឡើងដោយលោក Santiago Cafiero ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងតំបន់អាស៊ាន នៅក្នុងវិស័យដែលមានសក្តានុពលជាច្រើន រួមមានវិស័យសុខាភិបាល សន្តិសុខស្បៀង កសិកម្មនិងនេសាទ ថាមពលនិងការទាញយករ៉ែ និងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ។
រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានឯកភាពធ្វើការជាមួយគ្នាដើម្បីស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហគមន៍នៃបណ្ដារដ្ឋនៅអាមេរិកឡាទីន និងការ៉ាប៊ីន (CELAC) នៅក្នុងវិស័យទាំងនេះផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ដោយយល់ស្របគ្នាលើតម្រូវការក្នុងការបង្កើតយន្តការមួយដើម្បីចាប់ផ្តើមធ្វើឱ្យសម្រេចបាននូវបំណងប្រាថ្នារួមសម្រាប់ទំនាក់ទំនងមិត្តភាពកាន់តែរឹងមាំ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើគ្រប់វិស័យដែលអាចធ្វើទៅបានរវាងកម្ពុជានិងអាហ្សង់ទីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Santiago Cafiero បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំង ២ » ។
រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានជជែកគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន និងផលប៉ះពាល់ពីសង្គ្រាមនេះទៅលើសន្តិសុខស្បៀង និងថាមពលរបស់ពិភពលោក និងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។
លោក ប្រាក់ សុខុន បានប្រាប់សមភាគីអាហ្សង់ទីនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន ហើយនិងបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ៕