ភ្នំពេញៈ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យផ្លាស់ប្តូរដំណើរការនៃការដោះស្រាយបញ្ហាអាកាសធាតុ ខណៈភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុគំរាមកំហែងដល់មនុស្សជាតិ។
លោកថ្លែងថា៖ «ការគំរាមកំហែងដែលកើតមានចំពោះមនុស្សជាតិ គឺភាពងាយរងគ្រោះរបស់យើង ចំពោះការប្រែប្រួលអាកាសធាតុ។ យើងចាំបាច់ត្រូវផ្លាស់ប្តូរដំណើរការនៃការដោះស្រាយបញ្ហាអាកាសធាតុនាពេលនេះ ដោយមិនអាចរង់ចាំថ្ងៃស្អែកបាននោះទេ»។
ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែកញ្ញា លោក ហ៊ុន សែន លើកឡើងថា អស់រយៈពេល ៥០ ឆ្នាំមកហើយ ចាប់តាំងពីរដ្ឋាភិបាលត្រូវបានទទួលការព្រមានអំពីការផ្លាស់ប្តូរទម្រង់ផលិតកម្ម និងការប្រើប្រាស់ ដើម្បីចៀសវាងគ្រោះមហន្តរាយនេះ។ ប៉ុន្តែជាអកុសល ចាប់តាំងពីពេលនោះមក ឃើញតែការបាត់បង់ជីវចម្រុះកាន់តែច្រើន ការរេចរឹលដីកាន់តែច្រើន និងការខ្វះខាតទឹកសាបកាន់តែកើនឡើង។
លោកថ្លែងថា៖ «សកម្មភាពរួមរបស់យើងត្រូវតែផ្តោតលើកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការបញ្ចៀសផលប៉ះពាល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលមានភាពធន់នឹងអាកាសធាតុ ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះការទាញសីតុណ្ហភាពពិភពលោកឱ្យថយ ១,៥ អង្សាសេ ទាមទារការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចៀស និងសម្របខ្លួន»។
លោក ហ៊ុន សែន អំពាវនាវឱ្យអនុវត្តនូវលទ្ធផលនៃកិច្ចប្រជុំនៅក្នុងសន្និសីទកំពូលលើកទី ២៦ ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅក្នុងទីក្រុង Glasgow នៃចក្រភពអង់គ្លេស ដោយយកចិត្តទុកដាក់ជាបន្ទាន់ និងឈរលើគោលការណ៍រួម ប៉ុន្តែបែងចែកការទទួលខុសត្រូវ និងតាមសមត្ថភាពរៀងៗខ្លួន។
លោកក៏បានលើកឡើងអំពីការគំរាមកំហែងបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលកើតចេញពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ដែលប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល។
ដើម្បីផ្លាស់ប្តូរជាមូលដ្ឋានទៅមុខនៃដំណើរការសង្គម សេដ្ឋកិច្ច និងនយោបាយ លោកអំពាវនាវឱ្យមានការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាអង្គការស្នូល ដែលអាចលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងធានាភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏អំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលនយោបាយឌីជីថល ប្រកបដោយបរិយាប័ន្ន និងក្របខ័ណ្ឌបទប្បញ្ញត្តិអំណោយផល ដែលនាំទៅរកការវិនិយោគកាន់តែច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រោះវាមានសារៈសំខាន់ សម្រាប់តភ្ជាប់គម្លាតឌីជីថល ដែលកំពុងកើនឡើង និងបង្កើតប្រភពនៃកំណើនថ្មី។
លោកថ្លែងថា៖ «ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
ពាក់ព័ន្ធក្របខ័ណ្ឌអាស៊ាន លោក ហ៊ុន សែន ថ្លែងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាស៊ានអាចមានលទ្ធភាពធ្វើដំណើរឆ្លងកាត់សភាពការណ៍ភូមិសាស្ត្រនយោបាយ ដែលមានការផ្លាស់ប្តូរឥតឈប់ឈរ ក្លាយជាអង្គការតំបន់ដ៏លេចធ្លោ និងជោគជ័យបំផុត ខណៈដែលមានការបោះជំហានយ៉ាងខ្លាំង ក្នុងការជំរុញភាពជឿទុកចិត្តបាន និងភាពពាក់ព័ន្ធក្នុងកិច្ចការពិភពលោក។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីវិបត្តិមីយ៉ាន់ម៉ា, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, និងទម្រង់ថ្មីៗនៃវីរុសកូវីដ ១៩ បំប្លែងខ្លួន និងជំងឺឆ្លងផ្សេងៗកំពុងតែលេចឡើងជាបន្តបន្ទាប់។ លោកបានថ្លែងអំពីជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយកម្ពុជាបានក្លាយជាប្រទេស មានអត្រាប្រជាជនទទួលវ៉ាក់សាំងជំងឺកូវីដ ១៩ ខ្ពស់ជាងគេក្នុងកម្រិតសកល ដែលអាចបើកប្រទេសបានពេញលេញឡើងវិញ។
លោកនាយករដ្ឋមន្ត្រីបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ អំពីការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ចំពោះកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យ។
លោកក៏បានលើកឡើងពីជោគជ័យនៃសាលាក្តីខ្មែរក្រហម ដោយការពិតមួយត្រូវបានរកឃើញ ហើយយុត្តិធម៌ត្រូវបានការពារ។
ចំណែកបេសកកម្មរក្សាសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា កម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ទៅបណ្តាប្រទេសកំពុងជួបវិបត្តិ៕