ភ្នំពេញៈ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង្ហាញបំណងចង់ចុះដើរតាមផ្លូវសម្ដែងមតិក្នុងថ្ងៃប្រារព្ធទិវាគ្រូបង្រៀន៥ តុលា នាសប្ដាហ៍ក្រោយ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ថា បើខាងសមាគមធ្វើបែបនេះបាន អាស្រ័យលើស្ថានភាពជាក់ស្ដែង ដើម្បីកុំឱ្យការសម្ដែងមតិក្លាយជាការរំខាន។
ការលើកឡើងដូច្នេះ ធ្វើឡើងមុនពេលភាគីទាំង២ គឺសាលារាជធានីភ្នំពេញ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងជួបជជែកគ្នានៅថ្ងៃទី ២៨ ខែកញ្ញា ដើម្បីបើកផ្លូវឱ្យសមាគមគ្រូបង្រៀន រៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី ៥ តុលា នៅទីលានប្រជាធិបតេយ្យដោយសន្តិវិធី។
កិច្ចប្រជុំនេះដឹកនាំដោយលោកកើត ឆែ និង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ។ រីឯភាគីសមាគម ដឹកនាំដោយលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសមាសភាពចូលរួមផ្សេងទៀត សរុប ២០ រូប។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញលើកឡើងនៅថ្ងៃទី ២៧ កញ្ញាថា ជំនួបមុនការប្រារព្ធទិវាគ្រូបង្រៀនមកដល់នៅថ្ងៃទី ៥ ខែតុលា សំខាន់សម្រាប់ភាគីទាំង ២ ក្នុងការគ្រប់គ្រងសភាពការណ៍ និងងាយស្រួលដល់អាជ្ញាធរក្នុងការបែងចែកការងារតាមគោលដៅនីមួយៗ ចៀសវាងកើតមានបញ្ហាអ្វីមួយជាយថាហេតុ។
លោកបញ្ជាក់ថា «នៅក្នុងសំណើជួបជុំរបស់សមាគមផ្ញើមកកាន់សាលារាជធានីភ្នំពេញ ការជួបជុំនោះមានគ្នា ១៥០ នាក់។ អ៊ីចឹងសមាសភាពប៉ុណ្ណឹងយើងនឹងសម្រេចជូនគាត់នៅក្នុងជំនួបថ្ងៃទី ២៨ កញ្ញា តែសំខាន់នោះ យើងចង់ដឹងអំពីការទទួលខុសត្រូវថា សមាគមនឹងយកញត្តិទៅដាក់នៅស្ថាប័នណាខ្លះ? ហើយយកទៅដាក់នោះប៉ុន្មាននាក់?»
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគម ឱ្យដឹងនៅថ្ងៃទី ២៧ កញ្ញា ថា សមាគមនឹងប្រារព្ធទិវាគ្រូបង្រៀននៅឆ្នាំ ២០២២ នេះក្រោមប្រធានបទ «កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា»។ លោកស្រីចង់ឱ្យអាជ្ញាធរផ្ដល់សិទ្ធិមកសមាជិកសមាគមចុះតាមថ្នល់សម្ដែងមតិ ដោយគ្មានការរារាំង ដើម្បីយកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ។ បើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រសិនបើការអនុញ្ញាតកើតឡើងមែននោះ វានឹងបង្ហាញពីលម្ហសេរីភាពនៅកម្ពុជាកាន់តែទូលំទូលាយ។
លោកស្រីថា៖ «ជារៀងរាល់ឆ្នាំ អាជ្ញាធរតែងតែឱ្យយើងជួបជុំគ្នាប្រារព្ធទិវាគ្រូបង្រៀននេះឡើង តែបញ្ហានៅត្រង់ថា អាជ្ញាធរកម្រិតការចូលរួម កំណត់ទីតាំងក្នុងការឈរ។ អ៊ីចឹងខ្ញុំគិតថា វាបានប៉ះពាល់ដល់សេរីភាពនៃការចូលរួមដោយសេរី តែឆ្នាំនេះយើងចង់ឃើញមានរូបភាពថ្មីអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូដើរហែយកញត្តិទៅដាក់តាមគោលដៅដែលខ្លួនបានគិតទុក»។
ទោះយ៉ាងណា លោក កើត ឆែ អះអាងថា អាជ្ញាធរតែងតែសម្របសម្រួលគ្រប់ការជួបជុំសម្ដែងមតិ ហើយការដើរតាមផ្លូវសម្ដែងមតិ អាជ្ញាធរខ្លាចក្រែងប៉ះពាល់ដល់ការធ្វើចរាចរណ៍ក្នុងរាធានីភ្នំពេញ ព្រោះរាជធានីភ្នំពេញកំពុងមានភាពមមាញឹកស្រាប់ទៅហើយ។
លោកបញ្ជាក់ថា «យើងមិនដែលបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ ព្រោះកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការសម្ដែងមតិទាំងអស់ត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
បើតាមលោក កើត ឆែ អាជ្ញាធរអាចផ្ដល់ជម្រើស ២ ទៅសមាគម ដោយជម្រើសទី ១ អញ្ជើញភាគីពាក់ព័ន្ធ ដែលសមាគមចង់ដាក់ញត្តិហ្នឹងមកទទួលញត្តិដល់ទីលានប្រជាធិបតេយ្យផ្ទាល់តែម្ដង។ ទី ២ សមាគមចាត់តំណាងជាមួយនឹងចំនួនសមស្របប្រើប្រាស់មធ្យោបាយណាមួយយកញត្តិទៅដាក់ដល់កន្លែង។
ចំពោះប្រធានបទដែលត្រូវប្រារព្ធនៅឆ្នាំនេះ ក្រោមប្រធានបទ «កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា» នោះ លោកស្រី អ៊ុក ឆាយ៉ាវី អះអាងថា គេចង់ឃើញរូបភាពថ្មីក្នុងវិស័យអប់រំ គ្រូបង្រៀនគួរបង្ហាញភាពស្អាតស្អំថ្លៃថ្នូរ ដោយបញ្ឈប់ការយកនំទៅលក់ក្នុងសាលា បញ្ឈប់ការបើកបង្រៀនគួរក្រៅម៉ោង ដើម្បីបានចំណូល និងគាបពិន្ទុសិស្ស ចំពោះអ្នកគ្មានលទ្ធភាពរៀនគួរក្រៅម៉ោង៕