ភ្នំពេញៈក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវជាថ្មីដល់អ្នកបើកបរមួយចំនួន បញ្ឈប់ការបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈផ្លូវនេះមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយ ដោយត្រូវរង់ចាំរហូតដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។
ការក្រើនរំឭកជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួន បានបើកបរលើផ្លូវល្បឿនលឿនមុនដាក់ឱ្យប្រើប្រាស់ជាផ្លួវការ និងបានបង្ហោះរូបភាពបែបអវិជ្ជមាន ភ្ជាប់ជាមួយរូបភាពសត្វគោឆ្លងកាត់ផ្លូវជាដើម។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ « សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រើប្រាស់ ជាសាធារណៈនៅឡើយទេ។ សូមបងប្អូនអត់ធ្មត់ រង់ចាំដល់ថ្ងៃទី ១ តុលា ២០២២ ទើបអាចប្រើប្រាស់បាន។ សូមបងប្អូនមានការយោគយល់អធ្យាស្រ័យ សូមបើកបរដោយសុវត្ថិភាព»។
ជាមួយគ្នានេះដែរ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន សម្តែងការហួសចិត្តចំពោះបុគ្គលមួយចំនួនដែលបានបើកបរលើផ្លូវល្បឿនលឿនមុនការបើកឱ្យដំណើរការជាផ្លូវការ ហើយរិះគន់ទៅលើម្ចាស់ការដ្ឋានផ្លូវនេះទៅវិញ។
លោកមានប្រសាសន៍ថា៖ « ខ្ញុំពិតជាមិនយល់ពីការគិត និងទង្វើរបស់បុគ្គលដែលបានសុំអង្វរករអ្នកទទួលខុសត្រូវការដ្ឋាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីបានជិះជាលក្ខណៈបណ្ដោះអាសន្ន និងដោយសារការយោគយល់ផងនោះ ហើយបានថតរូបការបំផ្លាស់ទីរទេះក្របី-គោមួយចំនួន យកទៅបង្ហោះចែកចាយព្រោងព្រាត ព្រមទាំងអត្ថាធិប្បាយបន្តុះបង្អាប់ យ៉ាងចុកចាប់ដល់អ្នកទទួលខុសត្រូវការដ្ឋានទៅវិញ»។
លោកបន្តថា ផ្លូវល្បឿនលឿននេះកំពុងស្ថិតនៅក្នុងស្ថានភាពជាការដ្ឋាននៅឡើយ ហើយផ្ទុយទៅវិញ គឺអ្នកដែលបើកបរលើផ្លូវនេះ មិនមានសិទ្ធិប្រើប្រាស់ផ្លូវល្បឿនលឿននេះ មុនការបើកឱ្យដំណើរការជាសាធារណៈពីក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ។
លោកថា៖ «ហេតុដូចនេះហើយ បានសូម្បីតែអ្នកបើកបរក៏ពេលខ្លះគេតម្រូវឱ្យបើកផ្លូវបញ្ច្រាសទិសផងដែរ។ អ្នកបើកបរខ្លះត្រូវបានអ្នកទទួលខុសត្រូវការដ្ឋានអធ្យាស្រ័យ ដោយសារតែជាវប្បធម៌យោគយល់របស់ខ្មែរដូចគ្នាទើបអនុញ្ញាតឱ្យចូល តែបែរជាមកបន្ទោសបង្អាប់ទម្លាក់ការទទួលខុសត្រូវយ៉ាងអាម៉ាស់ដល់គេទៅវិញ»។
លោកគូសបញ្ជាក់ថា ជាក់ស្តែង ការបំផ្លាស់ទីរទេះក្របី-គោមួយចំនួននេះ គឺត្រូវបានអនុញ្ញាតដោយអ្នកគ្រប់គ្រងការដ្ឋានដើម្បីបិទច្រកជាស្ថាពរតាមបណ្ដោយផ្លូវ។
យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី ២៧ ខែកញ្ញា បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។
សេចក្តីប្រកាសបន្តថា ក្នុងន័យនេះ ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង អំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជន ឱ្យបានទូលំទូលាយ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល ១ ខែ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
ក្រសួងបញ្ជាក់ថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿន រួមមាន រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរមាលើសពី ៧០ គ.ម/ម៉ោង និងទោចក្រយានយន្តដែលមានទំហំ ស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការ ក្រើនរំឭកដល់សាធារណជន ឱ្យចូលរួមគោរពបទបញ្ជា និងសេចក្តីណែនាំនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។
ក្រសួងសង្កត់ធ្ងន់ថា៖ «ក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ»។
ពាក់ព័ន្ធផ្លូវល្បឿនលឿននេះដែរ កាលពីថ្ងៃទី ២៣ ខែកញ្ញា តំណាងអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ លោក ហ៊ាង សុទ្ធាយុត្តិ និងគណៈប្រតិភូក្រុមហ៊ុនផ្លូវល្បឿនលឿន តំណាងដោយលោកស្រី YIN Hong អគ្គនាយករងក្រុមហ៊ុន Cambodian PPSHV Co., Ltd. បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សា អំពីការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយប្រមូលចំណូលកម្រៃ នៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព នៃអាជីវកម្ម តាមរយៈការបំពាក់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងការចែករំលែកទិន្នន័យចាំបាច់សម្រាប់ក្រសួងស្ថាប័នរដ្ឋមានសមត្ថកិច្ច។
គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានវិនិយោគដោយសាជីវកម្មផ្លូវថ្នល់ និងស្ពានប្រទេសចិន (CRBC) តាមរយៈក្រុមហ៊ុនផ្លូវល្បឿនលឿន Cambodian PPSHV ដោយមានតម្លៃប្រមាណ ២ ០១៩ លានដុល្លារ លាតសន្ធឹងប្រវែងជាង ១៨៧គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង៕