ភ្នំពេញៈការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋ និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៍ថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០២៥ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការលើកឡើង របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន។
លោកបានថ្លែងដូចនេះ នាឱកាសនៃការប្រកាសរាជធានីភ្នំពេញអស់មីន កាលពីថ្ងៃទី ២២ ខែកញ្ញា ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ក្នុងឱកាសនោះ លោក លី ធុជ បានលើកឡើងអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងប្រទេសកម្ពុជា ដែលជាកេរដំណែលបន្សល់ទុកពីសង្រ្គាមក្នុងតំបន់ និងជម្លោះផ្ទៃក្នុង អស់ជាង៣ទសវត្សរ៍ និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់នៅគ្រប់ទិសទី នៅក្នុងប្រទេសកម្ពុជា ដែលវាមិនត្រឹមតែបំផ្លាញអាយុជីវិត និងបង្ករបួសស្នាមដល់ប្រជាពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះទេ វាថែមទាំងជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។
លោកមានប្រសាសន៍ថា ៖ «ភូមិអស់មីន ឬខេត្ត រាជធានីអស់មីន មិនមែនជាភូមិ ឬជាខេត្ត រាជធានី អស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ។ មានន័យថា រាជធានីភ្នំពេញ មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅរាជធានីភ្នំពេញ ដែលយើងបានដឹងក្នុងខែមីនា ឆ្នាំ ២០២២ និងត្រូវបានប្រកាសអស់មីន នាថ្ងៃនេះ»។
លោកបានបញ្ជាក់ថា រាជធានីភ្នំពេញនៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ៣១៥ ហិកតា ស្មើនឹង ៣៦ ចម្ការគ្រាប់មីនទៀត ស្ថិតក្នុងខណ្ឌព្រែកព្នៅ ពោធិ៍សែនជ័យ សែនសុខ និងខណ្ឌជ្រោយចង្វារ។
ជាមួយគ្នានោះផងដែរ លោកស្រី ម៉ែន សំអន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរមីន ដែលបានបំពេញការងារទទួលបានជោគជ័យប្រកបទៅដោយផ្លែផ្កា ធ្វើឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់នូវសមត្ថភាពលើវិស័យបោសសម្អាតមីននៅកម្ពុជា។
លោកស្រីបានបន្ថែមថា រាជធានីភ្នំពេញ កាលពី ៤៣ ឆ្នាំមុន ពោរពេញទៅដោយភាពឈឺចាប់ ដោយបានឆ្លងកាត់សង្គ្រាម និងបានក្លាយជាទីក្រុងខ្មោច ដែលកើតចេញពីវិនាសកម្មសង្គ្រាម បានបន្សល់នូវការព្រាត់ប្រាស់ កំព្រា ឯកា និងភាពខ្ទេចខ្ទាំ ដោយបានឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាល។
លោកស្រី ម៉ែន សំអន មានប្រសាសន៍ថា ៖ «រហូតមកដល់ពេលនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ និងបានប្រសិទ្ធនាមថា ជាទីក្រុងគ្មានមីន ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានបិទបញ្ចប់ដោយជោគជ័យនូវសង្គ្រាមដ៏រ៉ាំរ៉ៃ និងបានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត និងបាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី និងសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ និងប្រជាជនយើង»។
លោកស្រីថា រាជធានីភ្នំពេញគឺជាមូលដ្ឋានដែនដីទី ៣ បន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនេះ។
ចំណែកលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា រាជធានីភ្នំពេញ បានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទម្រាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ពាសពេញផ្ទៃប្រទេស។
លោកបានថ្លែងថា ៖ «អ្វីដែលគួរឱ្យសោកស្តាយជាទីបំផុតនោះ គឺគិតត្រឹមឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ មានអ្នករងគ្រោះ សរុបចំនួន ២០៤ នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន ៧២ នាក់, ពិការ ៥ នាក់ និងរបួសចំនួន ១២៧ នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ ត្រូវបន្តខិតខំដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍទីក្រុងរបស់យើង»។
បើតាមលោកទេសរដ្ឋមន្រ្តី លី ធុជ នៅឆ្នាំ ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា បានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»។
គិតត្រឹមខែសីហា ឆ្នាំ ២០២២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៤៥៤ គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១ ១៤៤ ៨៧៧ គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ២៦ ០៦៥ គ្រាប់, សំណល់ជាតិផ្ទុះពីសង្គ្រាមដទៃទៀត ៣ ៣៦៤ ៣៨៧ គ្រាប់ និងមានអ្នកទទួលផលប្រមាណជាង ៧,៣ លាននាក់។
ដោយឡែក នៅរាជធានីភ្នំពេញ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបប្រមាណជាង ៣១៨ ហិកតា ស្មើនឹង ៩០ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាត ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២២១គ្រាប់ មីនប្រឆាំងរថក្រោះ ១៧៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ២៨ ៦១១ គ្រាប់។ នេះបើតាមលោក លី ធុជ។
លោកបានបញ្ជាក់ទៀតថា ៖ «ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ២ ០០០ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនេះ»។
លោកបានបន្តថា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០២ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ ២០២៥ កំពុងនៅសល់ក្នុងខេត្តចំនួន ២១ ទៀត បន្ទាប់ពីខេត្តស្ទឹងត្រែងគ្មានមីន និងការប្រកាសខេត្តកែប ខេត្តព្រៃវែង និងរាជធានីភ្នំពេញអស់មីននេះ៕