ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានចូលរួមក្នុងពិធីលាគ្នាជាចុងក្រោយនៃពិធីបុណ្យសពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានទទួលមរណភាពបន្ទាប់ពីត្រូវបានគេបាញ់ប្រហារ។
នៅក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក ស៊ីនហ្សូ អាបេ នាថ្ងៃទី ២៧ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ពិភាក្សា អំពីសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង កិច្ចការងារសន្តិភាពនៅមីយ៉ាន់ម៉ា និងស្ថានភាពជាទូទៅរបស់ពិភពលោកផងដែរ។
ឆ្នាំ ២០២២ នេះគឺជាខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិសមភាគីសមុទ្រចិនខាងត្បូង (DOC) រវាងអាស៊ាន និងប្រទេសចិននៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០០២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ ក្រោយជំនួបនេះថា៖ «ដូច្នេះអ្វីដែលសម្ដេចចង់ឃើញគឺការបន្តអនុវត្តឱ្យបានពេញលេញនូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើងខិតខំជំរុញការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ» ។
លោក Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ានជាទំនាក់ទំនងមានសារៈសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ។ ដោយអាស៊ាន និងអឺរ៉ុប មានកិច្ចសហប្រតិបត្តិការជាមួយគ្នា លោក ហ៊ុន សែន បានអញ្ជើញលោក Charles Michel ទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីបូព៌ា នៅពេលខាងមុខ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ ខណៈលោក ហ៊ុន សែន បានប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំឭកខួបអនុស្សាវរីយ៍នៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
លោក ហ៊ុន សែន ក៏បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ នេះ កម្ពុជាមានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយលោកនឹងខិតខំព្យាយាមជួយប្រទេសមីយ៉ាន់ម៉ា ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។
នៅថ្ងៃទី ២៧ ខែកញ្ញា នេះដែរ ក្នុងពិធីទទួលទានអាហារពេលព្រឹក លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែននៃប្រទេសទាំង ២ ឱ្យកាន់តែឆាប់រហ័ស។ ហ្វេសប៊ុកលោក ហ៊ុន សែន បានដកស្រង់សម្ដី លោក ង្វៀន សួនហ្វុក ថា មេដឹកនាំនៃប្រទេសទាំង ២ បានរួមគ្នាដោះស្រាយការងារធំៗជាច្រើន ដែលបម្រើផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំង ២ កម្ពុជា-វៀតណាម ដែលធ្វើឱ្យកំណើនពាណិជ្ជកម្មនៃប្រទេសទាំង ២ មានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ ១៩ ក្តី។ ហ្វេសប៊ុកដដែលបានបញ្ជាក់ថា នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនៃពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ និងភរិយាលោក អាបេ លោក ហ៊ុន សែន និងគណៈប្រតិភូ បានសម្ដែងនូវការចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់លោក អាបេ។
លោក ហ៊ុន សែន ចាត់ទុកលោក អាបេ គឺជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា លោក អាបេ គឺជាមិត្តភក្ដិដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ លោក អាបេ គឺជាមិត្តជាទីស្រឡាញ់រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជននៃប្រទេសទាំង ២ ។
ហ្វេសប៊ុកដដែលបញ្ជាក់ថាកាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស្ម័គ្ររបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត។ ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ពិធីបុណ្យសពថ្នាក់ជាតិជូនលោក អាបេ មានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ និងរដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០ រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០ នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិដើម្បីលាគ្នាជាលើកចុងក្រោយ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថា ការចូលរួមរបស់លោក ហ៊ុន សែន នៅពិធីបុណ្យសពថ្នាក់ជាតិលោក អាបេ នេះគឺជាការបង្ហាញអំពីបេះដូងនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ និងរវាងប្រទេស និងប្រទេស៕