ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៧ ខែកញ្ញា បានចេញសារមួយ ឱ្យសាធារណជនពិចារណា ចំពោះអ្នកវិភាគជាបុគ្គលនយោបាយមួយចំនួន ដែលពួកគេធ្វើការវិភាគដោយអត្ថាធិប្បាយក្នុងន័យអវិជ្ជមានពាក់ព័ន្ធនឹងការជ្រើសរើសរូបលោកជាបេក្ខជនបន្តវេននាយករដ្ឋមន្រ្ដីរបស់គណៈបក្សប្រជាជនកម្ពុជាឥតឈប់ឈរ។
លោក ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុករបស់លោកថា ក្នុងមួយរយៈនេះមានការធ្វើអត្ថាធិប្បាយជាហូរហែក្នុងន័យអវិជ្ជមាន ដោយបុគ្គលនយោបាយមួយចំនួន ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាឥតឈប់ឈរ រួមទាំងក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ។ លោកថ្លែងថា៖ «ខ្ញុំទទួលស្គាល់ថា នោះជាសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគាត់ ទោះបីជាគាត់ធ្វើក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអវិជ្ជមាន (negative campaign) ប្រឆាំងរូបខ្ញុំ និងគ្រួសាររបស់ខ្ញុំក៏ដោយ»។
លោកបានយកឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌនេះ បញ្ចេញទស្សនៈផ្ទាល់ខ្លួនលើប្រធានបទ ២ ជូនសាធារណជនធ្វើការវិនិច្ឆ័យ ក្នុងនោះ ទី១ ភាពខុសគ្នារវាងការវិភាគបែបវិទ្យាសាស្រ្ត និងការវិភាគបែបស៊ីអារម្មណ៍។ ទី២ ការបន្តវេនក្នុងវង្សត្រកូលអ្នកនយោបាយ។ ពាក្យថា វិភាគ បើតាមលោកមើលឃើញ និងស្ដាប់ កាលពីនៅរៀន មានអ្នកវិភាគតែ ១ បែបទេ។ ឥឡូវមានអ្នកវិភាគ ២ បែប គឺអ្នកវិភាគ បែបវិទ្យាសាស្រ្ដ និងអ្នកវិភាគបែបស៊ីអារម្មណ៍។
អ្នកវិភាគបែបវិទ្យាសាស្រ្ដ គឺបានចាប់ផ្ដើមឡើងដោយការប្រមូលទិន្នន័យ ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវិភាគ ប្រើវិធីសាស្រ្ដ បច្ចេកទេសដើម្បីវិភាគ ដើម្បីទាញយកការសន្និដ្ឋាន ឬលទ្ធផល ដែលនេះហើយជាការវិភាគមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ។
ចំណែកអ្នកវិភាគមួយទៀត ហៅថា វិភាគបែបស៊ីអារម្មណ៍ គឺធ្វើផ្ទុយពីការវិភាគបែបវិទ្យាសាស្រ្ដ ដោយចេញមកដំបូង កំណត់យកលទ្ធផលចុងក្រោយ ដែលពួកគេចង់បានជាមុន។ អ្នកវិភាគបែបនេះ បើចង់ថា រឿងណាមួយខុស គឺវិភាគមកថាខុស ទើបពួកគេទៅរកព័ត៌មានយកមកដើម្បីប្រាប់ថា រឿងនោះខុស ប៉ុន្ដែសម្រាប់ព័ត៌មានដែលមិនខុស ពួកគេនឹងមិនយកមកវិភាគទេ គឺទាត់ចោលតែម្ដង។
លោកបញ្ជាក់ថា៖ «ហើយបើថា អាព័ត៌មានអត់មានដើម្បីគាំទ្រថា អាហ្នឹងខុស គេប្រឌិតព័ត៌មានតែម្ដងដើម្បីយកមកគាំទ្រហើយព័ត៌មានផ្សេងទៀតគេអត់ទេ។ វាខុសពីការវិភាគបែបវិទ្យាសាស្រ្ដ គឺគេយកព័ត៌មានទាំងអស់ ដើម្បីយកមកវិភាគ។ អ៊ីចឹងវាខុសគ្នាត្រង់ហ្នឹង»។
លោក ម៉ាណែត បន្តថា អ្នកវិភាគបែបស៊ីអារម្មណ៍ គឺយកអារម្មណ៍ខ្លួនឯង ដើម្បីបញ្ចេញលទ្ធផល ហើយយកការស្រាវជ្រាវដើម្បីបង្គ្រប់កិច្ច។ ចំពោះអ្នកវិភាគបែបវិទ្យាសាស្រ្ដ គឺអត់ដឹងលទ្ធផលយ៉ាងម៉េចទេ ប៉ុន្ដែអាចមានការសន្និដ្ឋានខ្លះ តែបានយកទិន្នន័យផ្លូវការទាំងអស់យកមកវិភាគ។ លោកលើកឧទាហរណ៍ជាក់ស្ដែងថា រាល់ថ្ងៃក្រុមទាំងនោះ បានវាយប្រហាររូបលោកថា ឥឡូវលោកដែលត្រូវបន្តវេនពីឪពុកជានាយករដ្ឋមន្រ្ដី គឺបន្តវេនរបៀបផ្ដាច់ការ ហើយអ្នកវិភាគបានយករូបភាពនៅកូរ៉េខាងជើង មកវិភាគ។
តើនេះជាការវិភាគបែបវិទ្យាសាស្រ្ដ ឬការវិភាគបែបស៊ីអារម្មណ៍ ស្របពេលដែលអ្នកវិភាគចេញមកថា ខុសរួចទៅហើយគឺថា ផ្ដាច់ការរួចទៅហើយ។ គេថា ការបន្តវេន តពូជពង្សវង្សត្រកូលនេះ គឺមានតែប្រទេសផ្ដាច់ការដូចកូរ៉េខាងជើងទេ ដែលធ្វើហើយបានទាត់ចោលលទ្ធភាពទាំងអស់។ លោកបញ្ជាក់ថា បើសិនជាអ្នកវិភាគបែបវិទ្យាសាស្រ្ដ គ្រប់ជ្រុងជ្រោយ ដែលចេញលទ្ធផល គឺគេយកទាំងព័ត៌មានដែលកើតមាន ទាំងឧទាហរណ៍នៅកូរ៉េខាងជើង តែមិនយកតែប្រទេសនេះមួយទេ គឺត្រូវយកគ្រប់ប្រទេសទាំងអស់ទៀតមកវិភាគ។
លោកបន្តថា ឥឡូវបើអ្នកវិភាគដូចគ្នា គេសួរសំណួរថា តើការឱ្យកូនជាបេក្ខជនបន្តវេននេះ ខុសពីលទ្ធិប្រជាធិបតេយ្យ ឬយ៉ាងណា? បើអ្នកស្រាវជ្រាវបែបវិទ្យាសាស្រ្ដ ហើយយកការពិតជាគោលនឹងស្រាវជ្រាវគ្រប់ជ្រុងជ្រោយច្រើនប្រទេសជាងប្រទេសកូរ៉េខាងជើង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា នៅក្នុងចំណោមមជ្ឈដ្ឋាន អ្នកវិភាគមាន ២ ក្រុម បែបនេះមែន គឺក្រុមអ្នកមានគោលដៅនយោបាយ មានន័យថា ព្យាយាមវិភាគ ដើម្បីគោលដៅនយោបាយរបស់ខ្លួន ដូច្នេះមិនសូវវិភាគផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្រ្ដ ឬភ័ស្ដុតាងវិទ្យាសាស្រ្ដ ឬការសិក្សាស្រាវជ្រាវជាក់លាក់ណាមួយនោះទេ។ លោកថ្លែងថា៖«គឺគាត់វិភាគដោយឈរលើមូលដ្ឋានរូបអារម្មណ៍របស់គាត់ ឬក៏គោលដៅនយោបាយរបស់គាត់ ដែលមានចេតនាវាយប្រហារ បុគ្គល ក្រុម បក្ស ឬក៏ស្ថាប័នណាមួយ ដែលគាត់មានគំនិតបុរេវិនិច្ឆ័យរួចទៅហើយ។ គាត់ព្យាយាមរកអំណះអំណាង រកហេតុផលផ្សេងៗ ដែលគាត់រៀបចំឡើងដើម្បីវាយប្រហារទៅលើគោលដៅដែលគាត់គិតទុក»។
ប៉ុន្ដែការវិភាគមួយបែបទៀត គឺចាំបាច់ត្រូវឈរលើមូលដ្ឋានវិទ្យាសាស្រ្ដ ឈរលើភ័ស្ដុតាងវិទ្យាសាស្រ្ដ និងរបកគំហើញដែលគាត់ស្រាវជ្រាវ ត្រឹមត្រូវ តាមលក្ខណវិទ្យាសាស្រ្ដ ហើយជាការបញ្ចេញយោបល់មួយដែលឈរទៅលើជំហរវិទ្យាសាស្រ្ដ មិនមែនជំហរនយោបាយទេ។ នេះគឺជាការវិភាគដែលមានលក្ខណៈវិជ្ជាជីវៈ។ លោក គិន ភា លើកឡើងថា ដោយសារតែលម្ហនៃសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ដូច្នេះមានការពិបាកក្នុងការកំណត់ ថាតើអ្នកណាជាអ្នកវិភាគបែបវិទ្យាសាស្រ្ដ និងអ្នកណាជាអ្នកវិភាគបែបគោលដៅនយោបាយនៅកម្ពុជា?
លោកថ្លែងថា៖ «អ្នកវិភាគមួយចំនួនតាំងខ្លួនឯងជាអ្នកវិភាគ ជាអ្នកស្រាវជ្រាវឯករាជ្យ ក៏ប៉ុន្ដែជំហររបស់គាត់ គឺគាត់មានគោលដៅនយោបាយមួយជាក់លាក់ក្នុងការវាយប្រហារ បុគ្គលឬក៏ក្រុមណាមួយស្រេចទៅហើយ»។ លោកយល់ថា អ្នកវិភាគទាំងឡាយគួរតែប្រកាន់នូវគោលការណ៍វិទ្យាសាស្រ្ដ គោលការណ៍អព្យាក្រឹត មិនលម្អៀង ហើយផ្អែកទៅលើ ភ័ស្ដុតាងវិទ្យាសាស្រ្ដ ដើម្បីគាំទ្រការវិភាគ ឬអំណះអំណាងរបស់ខ្លួនចៀសវាងការកំណត់គោលដៅនយោបាយ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន លើកឡើងថា ជាលក្ខណៈសត្យានុម័ត លោក ហ៊ុន ម៉ាណែត ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្រ្ដីនាពេលអនាគត។ ដូច្នេះការរិះគន់ ឬការវាយប្រហារទៅលើរូបលោក ឬដំណើរការឆ្ពោះទៅរកការកាន់អំណាចរបស់លោកនេះ គឺជារឿងធម្មតាទៅហើយ ក្នុងនាមជាថ្នាក់ដឹកនាំកំពូលម្នាក់ កុំឱ្យតែការរិះគន់នោះលើសកម្រិតនីតិវិធីច្បាប់។
លោកបានថ្លែងថា៖ «ពីព្រោះក្នុងនាមជាអ្នកដឹកនាំកំពូលមួយរូប មិនមែនប្រជាពលរដ្ឋទាំង ១៦ លាននាក់សុទ្ធតែស្រឡាញ់ពេញចិត្តទាំងអស់នោះទេ គឺមានអ្នកស្រឡាញ់ មានអ្នកស្អប់ ដូច្នេះហើយការរិះគន់ ឬការវាយប្រហារពីសំណាក់ប្រជាពលរដ្ឋធម្មតាក្ដី ពីសំណាក់អ្នកវិភាគតាមបណ្ដាញផ្សព្វផ្សាយក្ដី វាជារឿងធម្មតា ពីព្រោះគាត់ជាបុគ្គលសាធារណៈ ដែលនៅក្នុងសេរីភាពនៃការបញ្ចេញមតិ ជាពិសេសក្នុងមាត្រាទី១៩ នៃរដ្ឋធម្មនុញ្ញបានចែងថា បុគ្គលសាធារណៈគឺជាកម្មវត្ថុនៃការរិះគន់»។
លោក ម៉ាណែត លើកឡើងថា បើសិនជា អ្នកវិភាគផ្អែកទៅលើកត្តាវិទ្យាសាស្រ្ដ ឬមួយវិទ្យាសាស្រ្ដសង្គម គឺធ្វើការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ នឹងឃើញថា នៅលើពិភពលោកនេះ មិនមែនជារឿងចម្លែកទេ ដែលកូនចៅអ្នកនយោបាយបានទទួលយកអាជីពអ្នកនយោបាយ ហើយពេលខ្លះក្លាយទៅជាប្រធានាធិបតី នាយករដ្ឋមន្រ្ដី ឬជាសមាជិកសភា ឬកាន់តួនាទីនៅក្នុងរដ្ឋ។
លោកចោទសួរថា៖ «ឥឡូវវាមានអីខុសដែលមនុស្សនៅក្នុងវង្សត្រកូលអ្នកនយោបាយចាប់អាជីពជាអ្នកនយោបាយ។ មានអ្វីខុសសម្រាប់មនុស្សនៅក្នុងគ្រួសារអ្នករកស៊ី អ្នកធុរកិច្ចចាប់អាជីពជាអ្នកធុរកិច្ច។ តើវាមានអ្វីខុសអ្នកមានឪពុកម្ដាយជាទាហាន ជាប៉ូលិស ដែលកូនចង់ធ្វើជាទាហាន ចង់ធ្វើជាប៉ូលិស មានអីខុសឥឡូវ។ យើងចូលតាមនីតិវិធី ចូលតាមគោលការណ៍ ហើយខ្ញុំដែលទទួលជាបេក្ខជន ជាបេក្ខភាព បន្តវេនទៅថ្ងៃមុខគឺគ្មានអីខុសពីគោលការណ៍ ដែលបានអនុវត្តនៅក្នុងប្រទេសយើងទេ»។
លោកលើកឡើងថា ទី១ ជាគោលការណ៍ផ្ទៃក្នុងរបស់បក្ស ការជ្រើសរើសលោកជាបេក្ខភាពនាយករដ្ឋមន្រ្ដី គឺមានការគាំទ្រពីអង្គសន្និបាតគណៈកម្មាធិការកណ្ដាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១។ ទី២ ផ្អែកទៅលើគោលការណ៍ប្រជាធិបតេយ្យ ដែលតែងតាំង ជ្រើសតាំងលោកជាបេក្ខភាពនាយករដ្ឋមន្រ្ដី មិនមែនជ្រើសតាំង ជានាយករដ្ឋមន្រ្ដីទេ។ លោកបញ្ជាក់ថា៖«បេក្ខភាពមានន័យថា មានសិទ្ធិត្រឹមឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត រឿងតែប៉ុណ្ណឹង អត់មានអីខុសទេ អនុលោមតាមនេះ គឺគ្មានអ្វីដែលខុសពីគោលការណ៍ប្រជាធិបតេយ្យទេ។ ចង់អ្នកឯងថាផ្ដាច់ការអី រឿងសំខាន់គឺប្រជាពលរដ្ឋតើ»៕