លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់អំឡុងពេលធ្វើដំណើរតាមផ្លូវទឹក ខណៈដែលខេត្តមួយនេះនឹងមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ នៅថ្ងៃពុធទី ២៩ កញ្ញា និងថ្ងៃព្រហស្បតិ៍ទី ៣០ កញ្ញា។
យោងតាមសារជាសំឡេងជាង ២ នាទី នៅថ្ងៃពុធទី ២៩ កញ្ញា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ៖ «លទ្ធផលនៃការព្យាការណ៍អាកាសធាតុ បានបង្ហាញថា ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក ខានស្អែកនេះ ស្ថានភាពភ្លៀង ខ្យល់ និងរលកខ្ពស់ៗនៅក្នុងសមុទ្រ អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរនៅក្នុងផ្លូវទឹក។ ដូច្នេះខ្ញុំស្នើសុំឱ្យមានការយកចិត្តទុកដាក់លើកិច្ចការ ២ យ៉ាង»។
បើតាមលោក គួច ចំរើន ទី១ គឺអាជ្ញាធរត្រូវណែនាំដល់ពលរដ្ឋ អ្នកនេសាទ និងអ្នកដំណើរ ត្រូវផ្អាកការធ្វើដំណើរទៅតាមកោះជាបណ្តោះអាសន្ន ដ្បិតអាចជួបហានិភ័យជាយថាហេតុ។ រីឯបញ្ហាទី២ នោះគឺ អ្នកនេសាទ និងអ្នកដំណើរដែលកំពុងចេញដំណើរទៅតាមកោះ លោក គួច ចំរើន បានបញ្ជាឱ្យអាជ្ញាធរត្រូវជូនដំណឹងឱ្យអ្នកទាំងនោះ ត្រូវរកទីតាំងសុវត្ថិភាព ឬត្រូវត្រលប់មកដីគោកវិញ។ តាមលោក គួច ចំរើន គឺការធ្វើដំណើរត្រលប់មកវិញ ក៏ត្រូវមានសម្ភារសុវត្ថិភាព តួយ៉ាងដូចជាអាវពោង ព្រោះអាចជួបឧបសគ្គណាមួយ ពេលធ្វើដំណើរ។
លោក គួច ចំរើន៖ «ខ្ញុំសូមទាំងអស់គ្នាយកចិត្តទុកដាក់ដើម្បីបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ផ្នែកពាក់ព័ន្ធទាំងអស់ប្រជាពលរដ្ឋ ប្រជានេសាទអ្នកទេសចរជាតិអន្តរជាតិ ម្ចាស់ទូកកាណូតជាដើមហើយចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព»។
គិតត្រឹមរសៀលថ្ងៃទី ២៨ ខែកញ្ញានៅខេត្តព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រកម្ពុជាសុទ្ធតែមានភ្លៀងធ្លាក់រលឹមជាប់ឥតដាច់។ចំពោះតំបន់ឆ្នេរក៏ចាប់ផ្ដើមមានខ្យល់បក់បោកក្នុងល្បឿនមធ្យម។
គួរជម្រាបថា កម្ពុជាកំពុងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះណូរុ ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃពុធ។ ព្យុះទី១៦ នេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
គួរបញ្ជាក់ផងដែរថា បញ្ហាទឹកភ្លៀង និងខ្យល់កន្ត្រាក់នេះ បានបណ្តាលឱ្យទូកដឹកជនជាតិចិនចំនួន ៤១ នាក់ មួយគ្រឿងបានលិចនៅតំបន់កោះតាង ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែកញ្ញា។ ព័ត៌មានចុងក្រោយ គឺមានជនជាតិចិនចំនួន ៣៣ នាក់ ត្រូវបានជួយសង្គ្រោះ ហើយក្នុងនោះបាត់បង់ជីវិតចំនួន ៣ នាក់។ ចំណែកឯជនជាតិចិនចំនួន ១៨ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ខណៈដែលអាជ្ញាធរកំពុងស្វែងរកជាបន្ត៕