ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានលើកឡើងថា ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក (Antibiotics) ត្រូវបានកំណត់ជាសកម្មភាពអាទិភាពមួយនៅក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០៣០ ខណៈដែលកម្ពុជាបានអភិវឌ្ឍគោលនយោបាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកផងដែរ។
ថ្នាំអង់ទីប៊ីយ៉ូទិកនេះប្រើសម្រាប់ព្យាបាល ឬការពារពីការឆ្លងបាក់តេរីមួយចំនួនដែលពួកវាធ្វើការដោយសម្លាប់បាក់តេរី ឬការពារមិនឱ្យរីករាលដាល ប៉ុន្តែថ្នាំនេះមិនមែនការពារឬព្យាបាលការឆ្លងគ្រប់យ៉ាងនោះទេ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងដូចនេះនៅក្នុងព្រឹត្តិការណ៍ការទប់ស្កាត់ភាពសុំានៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក (Antimicrobial Resistance (AMR) ដែលជាកម្មវិធីអមមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៧ កាលពីសប្តាហ៍មុន នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោកស្រីបានឱ្យដឹងថា ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក គឺជាកង្វល់សុខភាពសាធារណៈទាំងមុនពេលអំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩ ហើយក្រសួងសុខាភិបាលកម្ពុជាបានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយប្តេជ្ញាដោះស្រាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកនៅកម្ពុជា។
ក្នុងចំណោមបទពិសោធនិងមេរៀនជាច្រើនដែលទទួលបានពីការឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ ១៩ ការការពារឱ្យបានហ្មត់ចត់តាមដែលអាចធ្វើទៅបាននូវការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកត្រូវទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ដោយក្រសួងសុខាភិបាលកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ពីព្រោះការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ជាពិសេសការព្យាបាលដោយខ្លួនឯងដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវក៏ជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលនឹងធ្វើឱ្យមានភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកផងដែរ»។
ការប្រាស្រ័យទំនាក់ទំនងហានិភ័យសុខភាព បណ្តាលមកពីការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា និងការត្រួតពិនិត្យត្រឹមត្រូវ ដោយមានយន្តការសមស្របនៅក្នុងប្រទេស និងក្នុងតំបន់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយឱ្យបានល្អប្រសើរឡើងនូវបញ្ហានេះរួមជាមួយនឹងការតាមដានការអនុវត្តគោលការណ៍ណែនាំការព្យាបាលសមស្របដោយអ្នកផ្តល់សេវាថែទាំសុខភាព និងដោយបុគ្គលម្នាក់ៗ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន បានបន្ថែម។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន កម្ពុជាកំពុងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកនៅក្នុងតំបន់ផងដែរ។លោកស្រី ឱ វណ្ណឌីន ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា ក៏បានលើកយកសារគន្លឹះ និងកិច្ចការងារសំខាន់ៗ ដែលជាជំហានបន្ទាប់ត្រូវធ្វើ ប្រាប់ដល់អ្នកចូលរួមក្នុងកម្មវិធីនាពេលនោះផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានឱ្យដឹងថា៖ «ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ត្រូវបានកំណត់ជាសកម្មភាពអាទិភាពមួយនៅក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជាសម្រាប់ឆ្នាំ ២០២១-
២០៣០ និងស្របតាមអាទិភាពនៅក្នុងតំបន់ដែលបានបង្ហាញនៅក្នុងឯកសារចក្ខុវិស័យសម្រាប់អនាគតរបស់ អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច»។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា៖ «តាមរយៈនេះយើងត្រូវខិតខំធ្វើការងារបន្ថែមទៀតដើម្បីពង្រឹងយន្តការសម្របសម្រួលអភិបាលកិច្ចសម្រាប់ OneHealth រួមទាំង (AMR) តាមរយៈការបង្កើត Inter-Ministerial Coordination Committee (IMCC) ដើម្បីធានាឱ្យមានរចនាសម្ព័ន្ធ អភិបាលកិច្ច និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR)»។
ជំហានបន្ទាប់ដែលក្រសួងត្រូវធ្វើដែរនោះ គឺពិនិត្យឡើងវិញលើក្របខ័ណ្ឌច្បាប់ដែលមានស្រាប់រួមទាំងច្បាប់សម្រាប់គ្រប់គ្រងការប្រើប្រាស់ថ្នាំសម្លាប់មេរោគក្នុងខ្លួនមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថានរួមទាំងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រទំនាក់ទំនងភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកផងដែរ។
លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា៖ «ប្រទេសកម្ពុជា បានអនុវត្តសកម្មភាព គោលនយោបាយ និងវិធីសាស្ត្រពហុវិស័យដែលសម្របសម្រួលដោយក្រសួងសុខាភិបាលក្នុងការអនុវត្តទាំងក្នុងវិស័យសុខាភិបាលនិងជាមួយ
វិស័យផ្សេងៗទៀត ដើម្បីដោះស្រាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក (AMR)»។
នាឱកាសនោះដែរ លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ដែលជាសហប្រធាននៃកិច្ចប្រជុំនេះបានលើកឡើងដែរថា ភាពសុំានៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិកនេះ បានគំរាមកំហែងជាសកលរួចហើយដែលវាបានរួមចំណែកដល់ការស្លាប់ប្រមាណជា ៥ លាននាក់ ក្នុង ១ ឆ្នាំ ខណៈពេលដែលវាប៉ះពាល់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាប។
លោកស្រីថ្លែងថា៖ «វិធានការបន្ទាន់គឺទាមទារឱ្យបញ្ឈប់នូវភាពធន់នឹងថ្នាំសម្លាប់មេរោគ។បើគ្មានវិធានការនេះទេ យើងនឹងប្រឈមមុខនឹងអនាគតដែលយើងនឹងមិនអាចព្យាបាលពីការឆ្លងមេរោគលើមនុស្ស សត្វ និងរុក្ខជាតិបានទេ។យើងត្រូវធ្វើការរួមគ្នាដើម្បីការពារឱសថរបស់យើង»។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកដឹកនាំសកល (Global Leaders Group) ដែលជាសហប្រធាននៃកិច្ចប្រជុំ, ប្រមុខរដ្ឋ, ប្រធានគណៈប្រតិភូ, តំណាងមកពីប្រទេសជាសមាជិក, តំណាងមកពីអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍអន្តរជាតិ និងភ្ញៀវកិត្តិយសដ៏ច្រើនកុះករ។
ក្រុម Global Leaders Group ក៏បានអំពាវនាវឱ្យមានសកម្មភាពជាក់លាក់ពីប្រទេស G7 និង G20 ដែលរួមបញ្ចូលការផ្តល់មូលនិធិពេញលេញលើផែនការសកម្មភាពជាតិរបស់ពួកគេនៅលើ AMR ដោយរួមចំណែកផ្តល់មូលនិធិដល់ផែនការសកម្មភាពជាតិពហុវិស័យនៃប្រទេសដែលមានធនធានមានកម្រិតតាមរយៈការគាំទ្រដល់រចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់។
នៅក្នុងតួនាទីរៀងៗខ្លួន សមាជិកនៃ Global Leaders Group នឹងបន្តតស៊ូមតិសម្រាប់ការដឹកនាំនយោបាយលើបញ្ហានេះនៅគ្រប់ប្រទេស និងសហការជាសកលដើម្បីដោះស្រាយ AMR តាមរយៈវិធីសាស្ត្រ One Health នៅទូទាំងផ្នែកសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន៕