សៀមរាបៈ មន្ត្រីជំនាញកសិកម្មកំពុងផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេសកសិកម្មចិញ្ចឹមសត្វ និងដាំបន្លែជំហានដំបូងជូនដល់ប្រជាពលរដ្ឋចំនួន ១៥៣ គ្រួសារ ដែលស្ម័គ្រចិត្តរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ នេះបើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។
លោក ទា គឹមសុទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែកញ្ញាថា ក្នុងជំហានដំបូងនៃការផ្តល់ការគាំទ្រដល់ការអភិវឌ្ឍតំបន់រុនតាឯកផ្នែកបច្ចេកទេសកសិកម្មជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍នៅទីនោះ មន្ត្រីកសិកម្មកំពុងតែធ្វើការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វជាពិសេសគឺចិញ្ចឹមមាន់ ត្រី និងការដាំដុះបន្លែ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។
លោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបញ្ជក់ថា ជំហានដំបូងនេះ គឺផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥៣ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលបានទទួលយកការចិញ្ចឹមមាន់ នឹងមិនទទួលបានពូជត្រីនោះទេ ដោយឡែកអ្នកដែលទទួលយកការចិញ្ចឹមត្រីមន្ត្រីកសិកម្មនឹងជួយធ្វើទ្រុងចិញ្ចឹមផងដែរ។
លោកថ្លែងថា៖ «ដោយសារកសិកម្មវាទាមទារត្រូវមានមនុស្សទៅនៅសិនបានយើងអាចទៅធ្វើការអភិវឌ្ឍកើត។ បើថា ត្រឹមតែដាំឈើដាំអីនោះវាអត់ជាបញ្ហាចោទទេ ប៉ុន្តែគ្រាន់តែថា អានេះយើងចិញ្ចឹមសត្វ និងដាំបន្លែ គឺទាមទារអ្នកថែទាំ អ៊ីចឹងទាល់តែមានអ្នករស់នៅអចិន្ត្រៃយ៍នៅទីហ្នឹងបានយើងទៅរៀបចំបណ្តុះបណ្តាលគាត់ហើយនឹងចែកពូជមាន់ ពូជបន្លែ ពូជត្រីជូនគាត់»។
លោក ទា គឹមសុទ្ធ ប្រាប់ឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងបន្លែមន្ត្រីកសិកម្មនឹងចែកពូជបន្លែចំនួន ៤ មុខ ជូនប្រជាពលរដ្ឋគ្រប់គ្រួសារ ដែលបន្លែទាំងនោះរួមមានត្រប់ ស្ពៃខៀវ សណ្តែកទ្រើង និងត្រកួន។ ការផ្តល់ជូនប្រជាពលរដ្ឋតាមរបៀបដូចគ្នានេះនឹងផ្តល់ជូនជាបន្តបន្ទាប់ទៀតរហូតដល់ ៦ ពាន់គ្រួសារ ខណៈបច្ចុប្បន្ននេះមានប្រជាពលរដ្ឋបានទៅនៅទីនោះចំនួនជាង ៣ ០០០ គ្រួសារហើយ។
ដោយឡែកចំពោះការដាំដុះដើមឈើនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក លោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាបប្រាប់ថា មន្ត្រីកសិកម្មនៅមិនទាន់បានធ្វើការដាំដុះដើមឈើនៅតំបន់នោះទេ ប៉ុន្តែមន្ត្រីបរិស្ថានបានចូលរួមដាំដុះដើមឈើហូបផ្លែជាច្រើនប្រភេទជូនប្រជាពលរដ្ឋនៅទីនោះ។
ជុំវិញការដាំដុះដើមឈើនៅតំបន់រុនតាឯកនេះ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ធ្លាប់បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលថ្ងៃទី ១៨ ខែកញ្ញាថា មន្ត្រីបរិស្ថានបានជួយត្រួសត្រាយព្រៃនៅតំបន់រុនតាឯកចំនួន ៣៥១ ហិកតា និងបានដាំដើមឈើហូបផ្លែ នៅតាមដីឡូត៍ប្រជាពលរដ្ឋបានចំនួន ៧១ ឡូត៍ និងកំពុងបន្តដាំរហូតដល់គ្រប់ចំនួន ២៥៥ ឡូត៍ ក្នុងជំហានដំបូងនេះ។
លោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបប្រាប់ថា កិច្ចខិតខំប្រឹងប្រែងនេះជាការជួយគាំទ្រទៅដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ហើយប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងមន្ត្រីឧទ្យានុរក្ស មន្ត្រីមន្ទីរបរិស្ថាន និងប្រជាជនក្នុងសហគមន៍ផងដែរ។
លោកបញ្ជាក់ទៀតថា ដំណាំហូបផ្លែនៅតំបន់រុនតាឯកនោះមាន ១២ ប្រភេទ និងដាំដុះនៅតាមដីឡូត៍នីមួយៗចំនួន ១៩ ដើម ក្នុង ១ ឡូត៍។ ដើមឈើហូបផ្លែទាំងនោះរួមមានដើមដូង [ដូងក្រអូប] ដើមម្កាក់ ស្អំ ឫស្សីផ្អែម ស្តៅ ព្រីង និងដើមមៀន ជាដើម។
លោក ស៊ុន គង់ថ្លែងថា៖ «នេះជាការគិតគូរមួយរបស់ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅពេលដែលដើមឈើនេះធំឡើង និងហុចផលមកវិញ។ ជំហានទី១ ហ្នឹង គឺក្នុងទំហំ ២៥៥ ឡូត៍ គឺក្រសួងបរិស្ថានបានគាំទ្រលើដំណាំឈើហូបផ្លែហ្នឹងក្នុងដីឡូត៍របស់គាត់[ប្រជាពលរដ្ឋ]។»៕