ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ពីការកសាងសហគមន៍វាសនារួម រវាងចិន និងកម្ពុជានឹងបន្តឈានទៅរកកម្រិតថ្មីមួយទៀត ហើយទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងទទួលបានការអភិវឌ្ឍកាន់តែរស់រវើក ខណៈក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយបានឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួម។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានលើកឡើងពីការបន្តដំណើរឆ្ពោះទៅមុខ ការបន្តជំហានយ៉ាងអង់អាច និងការកសាងសហគមន៍វាសនារួម រវាងចិន-កម្ពុជាយ៉ាងសកម្ម។ លោកថ្លែងថា៖ «ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងឆាប់រហ័សហើយបានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម»។ លោក Wang Wentian ថ្លែងដូច្នេះ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០០ នៃការប្រសូតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី ២៨ ខែកញ្ញានៅឯស្ថានទូតចិនប្រចាំកម្ពុជា។
លោកលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តមរតក និងអភិវឌ្ឍគោលនយោបាយចំណងមិត្តភាពជាមួយប្រទេសចិន ដែលជាព្រះរាជកំណត់ដោយ «សម្តេចព្រះបរមរតនកោដ្ឋ» បន្តរួមជាកម្លាំងក្នុងការលើកកម្ពស់ឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ ដោយបន្តផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនទាំង ២។
លោកបានរំឭកថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩មក ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាត្រូវបានលើកកម្ពស់ថែម ១ កម្រិតទៀតដោយលោកបញ្ជាក់ថា៖ «នៅពេលដែលប្រទេសចិនកំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុតនៃការទប់ស្កាត់ជំងឺកូវីដ ១៩ ព្រះករុណា ព្រះមហាក្សត្រ [នរោត្តម សីហមុនី] និងសម្តេចព្រះមហាក្សត្រី[នរោត្តម មុនិនាថ សីហនុ] បានសព្វព្រះទ័យប្រោសព្រះរាជទានអំណោយដ៏ថ្លៃថ្លាសម្តេចតេជោបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនប្រជាជនកម្ពុជាបានផ្តល់ជំនួយជាថវិកា និងសម្ភារយ៉ាងសកម្ម។ នេះបានបង្ហាញយ៉ាងពេញលេញពីខ្លឹមសារស្នូលនៃសហគមន៍វាសនារួម ដែលរួមសុខរួមទុក្ខជាមួយគ្នា»។
លោក Wang Wentian ថ្លែងទៀតថា ក្រោយការមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ភាគីចិនបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាតាមដែលអាចធ្វើទៅបាន។ រហូតមកដល់បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ ១៩ បានប្រគល់ដល់កម្ពុជាមានចំនួនជិត ៤២ លានដូស បានជួយដល់កម្ពុជាក្នុងការបង្កើតរបាំងការពារ និងសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញយ៉ាងឆាប់រហ័ស។
ខណៈឆ្នាំ ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំង ២ ដោយចិន និងកម្ពុជានឹងរៀបចំកម្មវិធីពាក់ព័ន្ធយ៉ាងអធិកអធម លោកជឿជាក់ ថា៖ «ក្រោមការ ណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំង ២ ការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជានឹងបន្តឈានទៅរកកម្រិតថ្មីមួយទៀត ហើយទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងទទួលបានការអភិវឌ្ឍកាន់តែ រស់រវើក»។
លោក Wang Wentian អះអាងថា ក្រោយពី «សម្តេចព្រះបរមរតនកោដ្ឋ» សោយទិវង្គត ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងព្រះរាជវង្សានុវង្សកម្ពុជាត្រូវបានពង្រឹងនិងអភិវឌ្ឍជាបន្តដូចសព្វដង។
គួររំឭកថា កាលពីឆ្នាំ ២០១៦ ប្រធានាធិបតីចិន លោក Xi Jinping និងព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងប្រទេសទាំង ២។ នៅឆ្នាំ ២០២០ លោកXi Jinping បានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
ក្នុងឆ្នាំ ២០២២ នេះព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង និងបានបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុង Shanghai ខេត្ត Zhejiang និងខេត្ត Shaanxi ជាដើម។ កាលពីសប្តាហ៍មុន ព្រះអង្គបានបំពេញទស្សនកិច្ច ទៅកាន់ខេត្ត Hunan ប្រទេសចិន និងបានយាងទស្សនាអតីតគេហដ្ឋានរបស់អតីតប្រធានាធិបតីចិន លោក ម៉ៅ សេទុង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទាំងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច ទំនាក់ទំនងសង្គមវប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺស្ថិតនៅក្នុងកម្រិតកំពូលមួយ។ ភាពត្រូវរ៉ូវគ្នាខាងផ្នែកនយោបាយ និងភាពត្រូវរ៉ូវគ្នានៃអ្នកដឹកនាំកំពូលនៃប្រទេសទាំង ២ គឺស្ថិតនៅក្នុងកម្រិតកំពូលមួយដែលមិនធ្លាប់មាន ហើយ ជំហររបស់ប្រទេសទាំង ២ ជុំវិញកិច្ចការតំបន់ និងពិភពលោកក៏មានលក្ខណៈត្រូវគ្នាច្រើនស្ទើរតែគ្រប់ទិដ្ឋភាព។
លោកថ្លែងថា៖ «ខណៈដែលមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយយើងឃើញថា ឥទ្ធិពលខាងក្រៅនេះគឺហាក់ដូចជាធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិន កាន់តែមានភាពរឹងមាំថែមទៀត»។
លោកបញ្ជាក់ថា៖ «បរិបទជំងឺកូវីដ ១៩ ក៏អាចជាវិញ្ញាសាតេស្តនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំង ២ កម្ពុជា-ចិន ផងដែរ ដែលបង្ហាញឱ្យឃើញពីការផ្តល់នូវការគាំទ្រ ការជួយគ្នាទៅវិញទៅមកច្រើននៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ តាមរយៈ ការផ្តល់នូវវ៉ាក់សាំង ក៏ដូចជាបរិក្ខារពេទ្យ ថ្នាំពេទ្យ ហើយនិងការជួយខាងការស្តារសេដ្ឋកិច្ចឡើងវិញ»៕