
មន្ត្រីជំនាញចុះពិនិត្យរបងលួសសុវត្ថិភាពតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញៈ មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៨ ខែកញ្ញា បានចុះពិនិត្យតំបន់នៅតាមបណ្ដោយផ្លូវដែលមានការកាត់របងសុវត្ថិភាពដើម្បីឆ្លងកាត់ និងលែងសត្វពាហនៈឱ្យចូលមកលើផ្លូវ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ដែលមានគម្រោងបើកឱ្យដំណើរការដោយមិនបង់ប្រាក់ ១ ខែ ក្នុងខែតុលា ឆ្នាំ ២០២២។
អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ឹង សុគង់ បានធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់របងបន្លាលួសនេះបន្តទៀត ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។
លោកបន្តថា ក្នុងការចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំក្រសួងក៏បានទទួលយកនូវមូលហេតុដែលប្រជាពលរដ្ឋបានលើកឡើង យកមកពិចារណា និងធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។
លោកថា៖« នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង»។
ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហ៊ាង សុទ្ធាយុត្តិ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ការចុះពិនិត្យផ្ទាល់នោះ រកឃើញថា ពលរដ្ឋរស់នៅតំបន់ផ្សេងបានចូល មកកាត់ស្មៅដែលដាំលម្អផ្លូវ ពលរដ្ឋរស់នៅក្នុងមូលដ្ឋានកាត់របងលួសហើយឱ្យគោស៊ីស្មៅ និងកាត់របងលួសដើម្បីធ្វើផ្លូវចូលផ្ទះជាដើម។
លោកថា នៅក្នុងមូលដ្ឋាន មានពលរដ្ឋចិញ្ចឹមគោ ដូច្នេះគាត់កាត់របងឱ្យគោចូលស៊ីស្មៅ គាត់ចំណេញរឿងតិចតួច ប៉ុន្តែប៉ះពាល់ប្រយោជន៍ជារួម ដល់ពេលគោចូលស៊ីស្មៅបាន គោមានលទ្ធភាពឡើងទៅលើផ្លូវ។ តាមពិតរបងមាន ២ ជាន់ ជាន់ទី១ របងបន្លាលួសនៅខាងក្រៅ និងរបងនៅអមសងខាងផ្លូវ ដូច្នេះបើរបងលួសត្រូវបានកាត់ហើយ សត្វគោមានលទ្ធភាពឡើងលើផ្លូវល្បឿនលឿនបាន។
យ៉ាងណាមិញលោកថា សម្រាប់វិធានការចំពោះមុខ គឺអាជ្ញាធរពាក់ព័ន្ធបានកំពុងចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ព្រោះកត្តាចំណេះដឹងពលរដ្ឋមួយចំនួននៅមានកម្រិតនៅឡើយ។
លោកថា៖ «ការដែលគាត់មិនសូវយល់ដឹងមិនមែនជាកំហុសគាត់ដែរ ប៉ុន្តែបើយើងណែនាំអប់រំគាត់ហើយ គាត់នៅតែអនុវត្តផ្ទុយការណែនាំនោះ ទើបចាត់ទុកថាជាកំហុសមួយធ្ងន់ធ្ងរ ព្រោះវានឹងបង្កអសុវត្ថិភាពដល់ខ្លួនឯងផង និងអ្នកធ្វើដំណើរតាមផ្លូវ។ យើងក៏បានប្រជុំគ្នាដាក់វិធានការ សូមឱ្យអាជ្ញាធររាជធានីខេត្ត ណែនាំដល់ពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ កុំឱ្យគាត់ចូលទៅប្រើប្រាស់ផ្លូវនោះដោយខុសច្បាប់ គ្មានការអនុញ្ញាត បើចង់ចូល ត្រូវប្រើចូលទៅតាមច្រកចេញ-ចូល»។
លោក ហ៊ាង សុទ្ធាយុត្តិ ឱ្យដឹងដែរថា នៅតាមផ្លូវល្បឿនលឿន មានផ្លូវកាត់ទទឹងក្រោមដី ២០១ កន្លែង និងមានស្ពានរំលងកាត់ទទឹង ឬហៅថា ស្ពានអាកាសចំនួន ២០ ស្ពាន សម្រាប់មនុស្សឆ្លងកាត់៕