ភ្នំពេញៈ គណៈប្រតិភូព្រឹទ្ធសភាថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលដៅសិក្សាឈ្វេងយល់អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជា និងស្វែងរកការរួមគ្នាក្នុងដំណើរការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។
គណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាថៃនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ដឹកនាំដោយលោក សិសថាវ៉ាត វង្សសុវណ្ណ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
លោក សិសថាវ៉ាត វង្សសុវណ្ណ ជាប្រធានគណៈកម្មការបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាថៃ នៅកម្ពុជាក្នុងពេលនេះ ជាផ្នែកមួយនៃការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធ និងស្វែងយល់ពីគ្នាទៅវិញទៅមក លើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកបញ្ជាក់ប្រាប់ប្រមុខរដ្ឋស្តីទីកម្ពុជាថា៖ «ថៃសង្ឃឹមយ៉ាងមុតមាំថា សភាកម្ពុជានឹងចូលរូមសហការជាមួយសភាថៃ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកិច្ចសហការលើវិស័យនានាបន្ថែមទៀត ក្នុងន័យរឹតចំណងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ហើយប្រជាជននិងប្រជាជន»។
ឆ្លើយតបទៅកាន់ភាគីថៃ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទីកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាថៃមកកម្ពុជានេះថា ជាឱកាសចូលរួមចំណែកយ៉ាងសំខាន់លើកិច្ចពង្រីកទំនាក់ទំនងផ្លាស់ប្ដូរយោបល់ជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរជាងមុន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងសងខាង។
លោក សាយ ឈុំ មានសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា-ថៃ លើគ្រប់វិស័យរាប់តាំងពីការប្រយុទ្ធប្រឆាំងអំពើពុករលួយឡើងទៅ។ លោក សាយ ឈុំ អះអាងថា ទំនាក់ទំនងកម្ពុជាថៃត្រូវបានលើកកម្ពស់ឥតឈប់ឈរ និងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទាំងទ្វេភាគី និងពហុភាគី។
ទាក់ទងនឹងបញ្ហាអំពើពុករលួយនេះ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញរបាយការណ៍យល់ឃើញពីសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ ២០២១ ដែលចេញផ្សាយកាលពីចុងខែមករា ឆ្នាំ ២០២២ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅលើពិភពលោកដែលថមថយជាងឆ្នាំ ២០២០ បន្តិច ដែលមានចំណាត់ថ្នាក់ទី១៦០។
ទោះជាយ៉ាងណាក្តី ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយធ្ងន់ធ្ងរជាងគេបំផុតក្នុងចំណោមប្រទេសទាំង ១០ ក្នុងសមាគមអាស៊ាន ខណៈដែលប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១១០ ក្នុងចំណោមប្រទេស ១៨០ ដែលឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានលើបញ្ហាពុករលួយនេះ៕