ភ្នំពេញៈ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពហែក្បួនរបស់យុវជនដែលយកញត្តិទៅដាក់នៅក្រសួងបរិស្ថានថា ជាក្រុមសកម្មជននយោបាយមួយក្តាប់តូចស្ថិតក្រោមការបញ្ជាដោយជនបរទេសជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ កំពុងធ្វើសកម្មភាពសម្តែងឱ្យល្អមើល ដើម្បីទាក់ទាញការចាប់អារម្មណ៍តាមខ្សែញាក់របស់ជនបរទេសខ្លះ និងបំពេញចិត្តម្ចាស់ជំនួយរបស់ខ្លួនដោយមានចេតនាទុច្ចរិតបំផ្លាញមុខមាត់កម្ពុជា។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស្រឡាញ់បរិស្ថាន ១ ក្រុម បានហែក្បួនយកញត្តិទៅដាក់នៅក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ក្នុងគោលបំណងដើម្បីស្នើឱ្យមន្ត្រីក្រសួងបរិស្ថានឈប់បិទសិទ្ធិការពារព្រៃឈើ និងបើកចំហសេរីភាពសាធារណជនក្នុងការចូលរួមល្បាតព្រៃឈើ។
លោក នេត្រ ភក្ត្រា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែកញ្ញាថា ក្រសួងបរិស្ថានស្វាគមន៍រាល់សកម្មភាពស្របច្បាប់ទាំងអស់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។លោកថា រាល់សហគមន៍ សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីស្របច្បាប់និងមានកិច្ចព្រមព្រៀងត្រឹមត្រូវ ត្រូវបានលើកទឹកចិត្ត និងស្វាគមន៍ដោយក្រសួងក្នុងការចូលរួមការពារធនធានព្រៃឈើ សត្វព្រៃដូចដែលក្រសួងបរិស្ថានបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគម និងអង្គការជាតិនិងអន្តរជាតិក្នុងកិច្ចការងារអភិរក្សធនធានធម្មជាតិ ក៏ដូចជា សហគមន៍តំបន់ការពារធម្មជាតិជាង ១៩០ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ។
លោកបញ្ជាក់ថា៖ «សកម្មភាពដែលក្រុមសកម្មជននយោបាយមួយក្តាប់តូចដែលស្ថិតក្រោមការបញ្ជាដោយជនបរទេសជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដែលបាននិងកំពុងធ្វើសកម្មភាពក្រោមទម្រង់រូបភាពផ្សេងៗ វាគ្រាន់តែជាការសម្តែងឱ្យល្អមើលដើម្បីទាក់ទាញការចាប់អារម្មណ៍តាមខ្សែញាក់របស់ជនបរទេសខ្លះនិងបំពេញចិត្តម្ចាស់ជំនួយខ្លួន ហើយធ្វើឡើងក្នុងគោលដៅរបៀបវារៈនយោបាយទុច្ចរិតមួយពិតប្រាកដក្នុងចេតនាបំផ្លាញមុខមាត់កម្ពុជា» ។
សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែកញ្ញាថា ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថានសរុបចំនួន៣៥នាក់បាននាំគ្នាធ្វើយុទ្ធនាការជាសាធារណៈក្នុងទម្រង់ជាការហែសពព្រៃឈើ ដោយមានការស្លៀកស ពាក់ស មានមឈូស កាន់ផ្កាអមជាមួយនឹងធូប តំណាងឱ្យការកាន់ទុក្ខចំពោះការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកការពារសត្វក្នុងប្រទេសកម្ពុជា។
លោកថា គោលបំណងនៃការហែក្បួននេះមាន៣សំខាន់ៗ គឺទី១ ទាមទារឱ្យក្រសួងបរិស្ថានឈប់រឹតត្បិត និងធ្វើទុក្ខបុកម្នេញទៅលើក្រុមអ្នកការពារព្រៃឈើ ជាពិសេសគឺសហគមន៍មូលដ្ឋាន។
លោកថ្លែងថា៖ «យើងមើលឃើញតាំងពីពាក់កណ្តាលឆ្នាំ ២០១៩ ក្រោយពីមានការចេញផ្សាយជាបន្តបន្ទាប់របាយការណ៍នៃវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា ទាំងកម្រិតអង្គការជាតិ អន្តរជាតិ ក្រសួងលែងឱ្យសហគមន៍មូលដ្ឋានចុះទៅបំបួសព្រៃឈើ រៀបចំកម្មពិធីបុណ្យ ឬក៏ល្បាតទៀតហើយ»។
លោកបន្តថា ដោយឡែកគោលបំណងទី២ គឺជាការផ្សព្វផ្សាយទៅកាន់សាធារណជនអំពីស្ថានភាពដ៏គួរឱ្យអាណោចអធ័មនៃព្រៃឈើក្នុងប្រទេសកម្ពុជា រីឯគោលបំណងទី៣ គឺជាការលើកទឹកចិត្តដល់យុវជន មហាជនទូទៅឱ្យក្លាហានក្នុងការហ៊ានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ដូចមានចែងនៅក្នុងមាត្រា ៣៥ និង មាត្រា ៥៩ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាច្បាប់ពាក់ព័ន្ធដទៃទៀត។
សកម្មជនបរិស្ថានរូបនេះបញ្ជាក់ថា យុទ្ធនាការហែក្បួននេះផ្តើមចេញពីចំណុចម្តុំផ្លូវម៉ៅសេទុងទល់មុខផាកកាហ្វេឆ្ពោះសំដៅទៅកាន់ក្រសួងបរិស្ថាន ដោយធ្វើដំណើរឆ្លងកាត់មហាវិថី ម៉ៅសេទុង ឆ្លងកាត់ស្តុបបូកគោ បន្តទៅស្តុបចំការមន និងដើមតាមចំហៀងស្ថានទូតរុស្ស៊ី ឆ្លងកាត់រដ្ឋសភា សួនណាហ្គាវើលដ៍ រហូតដល់ទីស្តីការក្រសួងបរិស្ថាន។
គណនីហ្វេសប៊ុក SAVE PREY PREAH ROKA បានឱ្យដឹងនៅថ្ងៃទី ២៩ ខែកញ្ញាថា ក្នុងញត្តិដែលក្រុមយុវជនបានដាក់ជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងពីច្បាប់មួយចំនួនដែលសំដៅដល់ការចូលរួមក្នុងកិច្ចការពារបរិស្ថាន ដែលក្នុងនោះមាត្រា ២៩ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថា ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានមានករណីយកិច្ចចូលរួមការពារ អភិរក្ស និងស្ដារធនធានធម្មជាតិឡើងវិញក្នុងតំបន់ការពារធម្មជាតិ។ ការណ៍នេះជាការបង្ហាញឱ្យឃើញថា ការហាមឃាត់មិនឱ្យចូលទៅការពារព្រៃឈើ គឺជាការអនុវត្ដផ្ទុយពីច្បាប់ដែលមានចែងក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ពួកគេគ្រាន់តែជាជនឱកាសនិយមយកការសម្តែងជាការស្រឡាញ់ធនធានធម្មជាតិ ដើម្បីផលប្រយោជន៍បក្ខពួកខ្លួនប៉ុណ្ណោះ។ ក្រសួងបរិស្ថានដែលមានដែនយុត្តាធិការក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនឹងបន្តសហការយ៉ាងស្អិតល្មួតជាមួយសហគមន៍ សមាគម និងអង្គការក្រៅរដ្ឋាភិបាលស្របច្បាប់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស៕