បន្ទាយមានជ័យៈ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ តាមដានឱ្យបានជាប់ជាប្រចាំអំពីស្ថានភាពទឹកជំនន់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ខណៈក្រុង ស្រុកចំនួន ៥ ក្នុងចំណោម ៩ នៃខេត្តជាប់ព្រំដែនថៃមួយនេះ កំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
លោកបានថ្លែងបែបនេះក្នុងឱកាស ដែលលោកបានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស (គជគម) ថ្នាក់ជាតិ អមដំណើរដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលពីស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២។
លោកគន់ គីម បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅឃុំទឹកជោ ស្រុកព្រះនេត្រព្រះ គឺស្ថានភាពទឹកបានចាប់ផ្តើមស្រកជាបណ្តើរៗហើយ ដោយសារស្ថានភាពទឹកមកពីផ្នែកខាងលើ គឺខេត្តឧត្តរមានជ័យ មានភាពធូរស្រាលច្រើន ហើយទឹកបានចាប់ផ្តើមមកជន់លិចខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ខ្លាំងនៅក្នុងឃុំទឹកជោ ស្រុកព្រះនេត្រព្រះនេះ។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបាននាំយកអំណោយសង្គ្រោះបន្ទាន់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រីប៊ុន រ៉ានី ទៅចែកជូនដល់ពលរដ្ឋចាស់ជរា ពលរដ្ឋមានជីវភាពខ្វះខាតខ្លាំង ចំនួន ២៧៩ គ្រួសារផងដែរ។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមម៉ោងល្ងាច ថ្ងៃទី ២៨ ខែកញ្ញា ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានធ្វើឱ្យប៉ះពាល់ចំនួន ៥ ក្រុង/ស្រុក ក្នុងចំណោម ៩ នៃខេត្តជាប់ព្រំដែនថៃ ១ នេះ។
ក្នុងនោះ មាន ២៦ ឃុំ សង្កាត់ និង ១២៧ ភូមិ មានគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ សរុបចំនួន ៧ ៥៣៦ គ្រួសារ (មនុស្សរាយ ៣៤ ១៧៨ នាក់/ស្រី ១៧ ៤៥២ នាក់) , ជម្លៀស ៣១៨ គ្រួសារ (មនុស្សរាយ ១ ១០០ នាក់ /ស្រី ៥៦៤ នាក់/កុមារ ៨០ នាក់) លង់ទឹកស្លាប់ ៧ នាក់ (ស្រី ៣ នាក់), ប៉ះពាល់ស្រូវ ២៧ ៤២៣ ហិកតា, ដំឡូងមី ១ ០៣៥ ហិកតា, ដំណាំរួមផ្សំ ១០៣ ហិកតា, សត្វពាហនៈ ២ ៥៩៥ ក្បាល, សាលារៀន ៤១ ខ្នង វត្ត ១៦, មណ្ឌលសុខភាព ៣ និងផ្លូវ ២៩៦ កន្លែង មានប្រវែង ១៧៧ ៥០៦ ម៉ែត្រ៕