សៀមរាបៈ ក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ នេះ ផ្នែកថតឆ្លុះ និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ឬគន្ធបុប្ផាទី ៣ ខេត្តសៀមរាប បានធ្វើការឆ្លុះសរុបចំនួនជាង ១ ៨០០ ករណី ខណៈជាង ៩ ខែចុងក្រោយឆ្នាំនេះ មន្ទីរពេទ្យនេះបានឆ្លុះជំងឺក្រពះ និងពោះវៀនផ្សេងទៀតចំនួនជាង ១០០ ករណី។
ហ្វេសប៊ុក Dr. Beat Richner បានបញ្ជាក់នាថ្ងៃទី ២៩ ខែកញ្ញា ថា៖ «ផ្នែកថតឆ្លុះ និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ខេត្តសៀមរាបបានធ្វើការឆ្លុះចាប់ពីឆ្នាំ ២០០៨ មកដល់ ២០២២ បានសរុបចំនួន ១ ៨៣៦ ករណី»។
ប្រភពដដែលបន្តថា ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២២ មន្ទីរពេទ្យនេះបានធ្វើការកាត់ដុំសាច់ក្នុងពោះវៀនចំនួន ២៣ ករណី ចោះក្រពះដោយម៉ាស៊ីនអង់ដូស្កុបចំនួន ១០ ករណី និងចងសរសៃឈាមប៉ោងក្នុងបំពង់អាហារ ដែលបណ្ដាលមកពីជំងឺក្រិនថ្លើមបាន ១០ ករណី។
មន្ទីរពេទ្យនេះក៏បានធ្វើការពង្រីកបំពង់អាហាររួមត្បៀត ដែលបណ្ដាលមកពីច្រឡំផឹកទឹកក្បុង ១១ ករណី និងឆ្លុះជំងឺក្រពះ និងពោះវៀនផ្សេងទៀតចំនួន ១២១ ករណី៕