ភ្នំពេញៈ ក្រសួងបរិស្ថានប្រកាសថា កម្ពុជាបានត្រៀមរួចរាល់ហើយ ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាននៅខេត្ដសៀមរាប នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រសួងបរិស្ថានបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១ ខែតុលា ថា៖ «កម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅលើទឹកដីអង្គរ ខេត្ដសៀមរាបចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២»។
កិច្ចប្រជុំនេះ នឹងពិភាក្សាអំពីការអភិរក្សជីវៈចម្រុះ និងធម្មជាតិ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ ការគ្រប់គ្រងធនធានទឹក ទីក្រុងនិរន្តរភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ សារធាតុគីមី និងសំណល់ អប់រំបរិស្ថាន ផលិតកម្ម និងការប្រើប្រាស់ដោយនិរន្តរភាព ការបំពុលបរិស្ថានផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាបរិស្ថានសកល។
ប្រភពដដែលបន្តថា កិច្ចប្រជុំនេះក៏នឹងពិភាក្សាជំហររួមអាស៊ានលើសេចក្តីព្រាងប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ និងការងារជីវៈចម្រុះ។
ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក ៣ បូកចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលប្រទេសរដ្ឋសមាជិកអាស៊ានបានឯកភាពគ្នានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ និងបន្តពង្រឹងពង្រីកភាពជាដៃគូរវាងអាស៊ានបូក ៣ ឱ្យកាន់តែល្អប្រសើរថែមទៀតតាមតម្រូវការក្នុងក្របខ័ណ្ឌនៅក្នុងតំបន់លើវិស័យបរិស្ថាន។
ក្នុងនោះដែរ ក៏មានកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន-អាមេរិក និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុបផងដែរ ដើម្បីពិភាក្សាគ្នាស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។
លទ្ធផលនៃកិច្ចប្រជុំទាំងអស់នេះ ក៏នឹងដាក់ឆ្លងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ពិនិត្យ និងអនុម័តនាឆ្នាំ ២០២៣ ខាងមុខ។
នៅថ្ងៃទី ៥ ខែតុលា គឺជាពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី ៣៣ នៅខេត្ដសៀមរាប ជាផ្លូវការ។
ក្រសួងបរិស្ថានបញ្ជាក់ថា កិច្ចប្រជុំទាំងនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងឧត្តមមន្ត្រីបរិស្ថានមកពីប្រទេសចំនួន ១៥ រួមមានប្រទេសអាស៊ានទាំង ១០ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕