ភ្នំពេញៈ គ្រូពេទ្យ គិលានុបដ្ឋាយិកា និងឆ្មប គឺជាដៃគូថែទាំ និងព្យាបាល ដែលមិនអាចខ្វះបានក្នុងវិស័យសុខាភិបាល ហើយពួកគេត្រូវតែជាបង្អែកក្នុងការកំណត់ជោគជ័យ សម្រាប់ការព្យាបាលជំងឺ ដែលវាជាកត្តាសំខាន់បំផុត។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សុខាភិបាល។
លោកធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិបញ្ជាក់បែបនេះ ក្នុងសន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្តូរបទពិសោធ នៃការអនុវត្តគ្លីនិកក្នុងការថែទាំព្យាបាលទារក និងកុមារ នាថ្ងៃទី១ ខែតុលា ដែលរៀបចំដោយមន្ទីរពេទ្យកុមារជាតិ រួមសហការជាមួយអង្គការ KOFIH ប្រចាំកម្ពុជា។
លោកធា គ្រុយ ថ្លែងថា៖«ក្នុងនាមជាគ្រូពេទ្យ និងមានបទពិសោធក្នុងការងារព្យាបាលអ្នកជំងឺ ខ្ញុំដឹងណាស់ ក្នុងកិច្ចការងារដែលគ្រូពេទ្យបានដាក់ជាវេជ្ជបញ្ជា ជាបទបញ្ជា។ ប្រសិនបើដៃគូរបស់យើងជាអ្នកថែទាំមិនបានអនុវត្តឱ្យបានត្រឹមត្រូវ ហ្មត់ចត់ ប្រយ័ត្នប្រយែងទេនោះ គឺបរាជ័យក៏អាចមាន ជោគជ័យក៏អាចមាន ដែលយើងត្រូវដឹងពីចំណុចនេះ ដែលវាសំខាន់មែនទែន»។
លោកបន្ថែមថា ដៃគូថែទាំ និងព្យាបាល ប្រែមកថា ទាំងគ្រូពេទ្យ គិលានុបដ្ឋាយិកា និងឆ្មប គឺជាដៃគូដែលមិនអាចខ្វះបាន។ មាំទាំប៉ុនណា ពូកែប៉ុនណាក៏ដោយ តែគ្រូពេទ្យត្រូវតែពឹងជាបង្អែកជាមួយនឹងដៃគូខ្លួន គឺជាកត្តាកំណត់ជោគជ័យក្នុងការព្យាបាលជំងឺ។
នាឱកាសនោះ លោកញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ លើកឡើងដែរថា ក្រសួងសុខាភិបាល បានផ្តល់លទ្ធភាព និងឱកាសដល់មន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹង ជំនាញ និងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
លោកបន្តថា សមិទ្ធផលសម្រេចបានគួរជាទីមោទនៈទាំងអស់នេះ បានមកពីការផ្តល់ជូនពីរាជរដ្ឋាភិបាល ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ អគារ សម្ភារបរិក្ខារ និងធនធានមនុស្សស្របតាមផែនការ។ ជាពិសេស គឺដោយសារមានការគាំទ្រ និងផ្តល់ឱកាសពីក្រសួងសុខាភិបាល ក្នុងការធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៏ជាច្រើនផងដែរ។
លោកអង្គាបុស្ស ថ្លែងថា៖«គោលបំណង នៃការរៀបចំសន្និសីទនាពេលនេះ មិនមែនគ្រាន់តែជាការចែករំលែកពីវាគ្មិនល្បីៗទេ តែផ្តោតសំខាន់លើការពិភាក្សាផ្លាស់ប្តូរបទពិសោធដែលបានអនុវត្តដើម្បីជួយពង្រឹងសមត្ថភាព»។
លោកបញ្ជាក់ថា៖«កែលម្អចំណុចខ្វះខាតគ្នាទៅវិញទៅមក និងត្រូវយកចិត្តទុកដាក់ ប្រឹងប្រែង ពង្រឹងគុណភាពសេវាតាមស្ថាប័នដែលខ្លួនកំពុងមានទំនួលខុសត្រូវ និងការរក្សានូវវប្បធម៌ចែករំលែកជួយជ្រោមជ្រែងគ្នាផងដែរ»។
បើតាមលោកញឹប អង្គាបុស្ស ចាប់តាំងពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីរពេទ្យកុមារជាតិ និង អង្គការ KOFIH នៅចុងឆ្នាំ២០១៩ មកដល់ពេលនេះ មន្ទីរពេទ្យកុមារជាតិ បានជួយបណ្តុះបណ្តាល ជំនាញគ្លីនិកក្នុងការថែទាំព្យាបាលទារក ដល់គ្រូពេទ្យ គិលានុបដ្ឋាក ឆ្មប នៅតាមមន្ទីរពេទ្យបង្អែកខេត្ត បានចំនួន៤០ នាក់ រួចមកហើយ។
លោកថា ក្នុងនោះមានវេជ្ជបណ្ឌិត២០នាក់ គិលានុបដ្ឋាក និងឆ្មប២០នាក់ ដែលមកពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន រតនគិរី បន្ទាយមានជ័យ ស្ទឹងត្រែង សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ព្រៃវែង តាកែវ ឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។
លោកធា គ្រុយ បានចាត់ទុកការចូលរួមធ្វើសន្និសីទបែបនេះ ជាការជួយពង្រឹងពង្រីកចំណេះដឹង និងបទពិសោធល្អ ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញមក សម្រាប់ឱ្យគ្រូពេទ្យ ក៏ដូចជាអ្នកថែទាំកាន់តែមានសមត្ថភាព ដើម្បីជួយសង្គ្រោះអ្នកជំងឺ។
លោកមានប្រសាសន៍ថា៖«មន្ទីរពេទ្យកុមារជាតិ ជាគំរូគេក្នុងការថែទាំព្យាបាលកុមារ ហើយជាមន្ទីរពេទ្យបានផ្តល់ការបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រូពេទ្យតាមបណ្តាខេត្តផ្សេង ឱ្យចំណេះដឹងកាន់តែប្រសើរ ហើយការបង្រៀនគេក៏អាចជួយឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀតដែរ»។
ប្រធានអង្គការ KOFIH ប្រចាំកម្ពុជា លោក Kim SANG GYEUN ឱ្យដឹងដែរថា អង្គការលោកបាននិងកំពុងធ្វើការងារលើកកម្ពស់សុខភាព មាតា និងទារក ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១១។ អង្គការនេះក៏បានចាប់ដៃគូសហការថ្នាក់ជាតិក្នុងការថែទាំទារក និងកុមារ និងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពទារកក្នុងប្រទេសនេះផងដែរ។
លោកថា សន្និសីទនេះ នឹងចូលរួមចំណែកក្នុងការបង្កើនជំនាញ និងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ពិសេសសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រវ័យក្មេងនេះ ដែលជាឱកាសដ៏ល្អក្នុងការចាប់យកចំណេះដឹង និងបច្ចុប្បន្នភាព ទៅលើចំណេះដឹងរបស់ពួកគេកាន់តែប្រសើរថែមទៀត។
លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដូចជា សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលីជាដើម បានចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា។
លោកស្រីថ្លែងថា៖«ប្រទេសជាមិត្តទាំងនោះ បានជួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ការពង្រឹងសមត្ថភាពមន្ទីរពេទ្យ និងស្ថាប័ន ការផ្គត់ផ្គង់ឧបករណ៍ សម្ភារបរិក្ខារវេជ្ជសាស្ត្រ ជាដើម»៕