កំពង់ឆ្នាំងៈ របរស្មូនក្អមឆ្នាំងរួមទាំងវត្ថុតាំងលម្អផ្សេងៗទៀត ដែលធ្វើពីដីឥដ្ឋក្រហម គឺជាមុខរបរតពីដូនតា ដែលអ្នករស់នៅខេត្តកំពង់ឆ្នាំង ជាពិសេសអ្នកភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងភូមិត្រពាំងស្បូវ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ នៅតែរក្សាបានកេរដំណែលមួយនេះបន្តពី ១ ជំនាន់ទៅ ១ ជំនាន់រហូតមកដល់បច្ចុប្បន្ន។
គ្រឿងកុលាលភាជន៍ដែលផលិតពីដីឥដ្ឋនេះ មិនត្រឹមតែជាជំនាញអាជីពបន្តជំនាន់នោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាអត្តសញ្ញាណពិសេសមួយផងដែរសម្រាប់អ្នកខេត្តកំពង់ឆ្នាំងនៅពេលដែលគេបានឃើញក្អម និងឆ្នាំងដីដែលចេញពីស្នាដៃរបស់ពួកគាត់។
ហ៊ុមព័ទ្ធនៅជុំវិញខ្លួន ដែលពោរពេញទៅដោយគ្រឿងកុលាលភាជន៍មានតូចមានធំពណ៌ក្រហមដែលទើបតែសូនចេញជារូបរាងបានពេញលេញ និងកុលាលភាជន៍ ខ្លះទើបតែសូនបានពាក់កណ្តាល អ្នកស្រី អ៊ួន ពៅ អាយុ ៦០ ឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកស្រីមានស្វាមី និងមានកូនប្រុស ៤ នាក់ រស់នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អ្នកស្រីបានប្រាប់ថា អ្នកស្រីមានជំនាញស្មូនដីឥដ្ឋធ្វើក្អម ឆ្នាំង ឬផលិតវត្ថុផ្សេងៗធ្វើពីដីឥដ្ឋនេះគឺចេះគ្រប់មុខអស់ទៅហើយហើយជំនាញជាមូលដ្ឋានដំបូងគឺអ្នកស្រីបានរៀនចេះពីម្តាយរបស់អ្នកស្រីតាំងពីនៅកុមារភាពមកម្ល៉េះ។ កាលណោះ អ្នកស្រីទើបតែមានអាយុ ៩ ឆ្នាំ ដោយរៀនអក្សរនៅសាលាផង និងពេលទំនេរជួយធ្វើការងារក្អមឆ្នាំងឱ្យម្តាយផង។
ប៉ុន្តែដោយសារអ្នកស្រីនៅក្មេងក៏ធ្វើតែកិច្ចការណាដែលស្រាលៗហើយអ្នកស្រីក៏ឧស្សាហ៍សង្កេតចងចាំទុកក្នុងខ្លួនបណ្តើរៗដូចជា វិធីធ្វើក្អម តើមុនដំបូងគេចាប់ផ្តើមធ្វើពីចំណុចត្រង់ណាមុនជាដើម។
អ្នកស្រីបានបន្តថា កាលពីជំនាន់របបខ្មែរក្រហម ដោយសារតែពួកវាដឹងថា អ្នកភូមិអណ្តូងឫស្សីចេះជំនាញធ្វើក្អមឆ្នាំងក៏ពួកគេតម្រូវឱ្យប្រជាជនធ្វើក្អមដែរសម្រាប់ដាក់ស្ករត្នោត។ លុះក្រោយពេលរំដោះឆ្នាំ ១៩៧៩ អ្នកស្រីបានចាប់ផ្តើមប្រកបរបរនេះ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន។ រីឯអ្នកភូមិអណ្តូងឫស្សីដែលអ្នកស្រីកំពុងរស់នៅស្ទើរតែ ៩០ ភាគរយ ក៏នាំគ្នាប្រកបរបរធ្វើក្អមឆ្នាំងនេះដែរព្រោះថា គ្មាននរណាម្នាក់ ដែលថា មិនចេះជំនាញតពីដូនតាពួកគេនោះទេ ពោលគឺចេះទាំងក្មេងទាំងចាស់។ ចំណែកកូនអ្នកស្រីវិញមាន ៤ នាក់ តែមានតែ ២ នាក់ប៉ុណ្ណោះ ដែលស្រឡាញ់ និងចាប់យកអាជីពនេះបន្តមករហូតទល់បច្ចុប្បន្ននេះ។
អ្នកស្រីបន្តទៀតថា ភ្នំក្រាំងដីមាស បានចិញ្ចឹមប្រជាពលរដ្ឋបាន ៣ ភូមិ ព្រោះភ្នំ ១ នេះ គឺជាប្រភពវត្ថុធាតុដើមដ៏សំខាន់បំផុត ដែលអ្នករស់នៅក្នុងភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងអ្នកភូមិត្រពាំងស្បូវតែងនាំគ្នាទៅជីកយកដីនៅទីនោះមកប្រើប្រាស់ផលិតជាក្អមឆ្នាំង ហើយក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋក្នុងភូមិទាំង ៣ ខាងលើចេះធ្វើតែក្អមឆ្នាំងប៉ុណ្ណោះ។ លុះនៅអំឡុងឆ្នាំ ២០០៧ មានអង្គការមួយមកពីប្រទេសជប៉ុនបានជួយបង្ហាត់ពីបច្ចេកទេសស្មូន បច្ចេកទេសលាយផ្សំដី និងបច្ចេកទេសលាយផ្សំថ្នាំសម្រាប់លាបវត្ថុសម្ភារដែលយើងស្មូនរួចដូចជា ប៉ាន់តែ ថូផ្កា ចាន កែវជាដើម។ ប៉ុន្តែនៅឆ្នាំ ២០០៩ ខាងអង្គការជប៉ុនបានអស់គម្រោងហើយក៏បានដកទៅវិញ។
អ្នកស្រីបញ្ជាក់ថា៖ «ខាងអង្គការគាត់បណ្តុះបណ្តាលយើងឱ្យចេះបច្ចេកទេសលាយទឹកថ្នាំ បង្រៀនលាយដីគឺធ្វើយ៉ាងណាឱ្យវត្ថុ ដែលយើងផលិតនោះជាផលិតផលសេរ៉ាមិករឹងជាប់ប្រើការបាន។ ខាងអង្គការគាត់ឱ្យយើងរកដី រកថ្ម ដើម្បីលាយផ្សំគ្នាធ្វើទឹកថ្នាំ តែនៅស្រុកខ្មែរយើងខ្ញុំរកមិនបានទេ រហូតដល់ពេលនេះ»។
បើតាមអ្នកស្រី អ៊ួន ពៅ អង្គការដែលបានមកបង្ហាត់បង្រៀនក្រុមអ្នកស្រីកាលណោះ គាត់បង្រៀនឱ្យចេះលាយទឹកថ្នាំហើយ ដើម្បីឱ្យបានជាទឹកថ្នាំត្រូវមានវត្ថុធាតុដើមដូចជា ផេះលឿង ដីខ្មៅ ផេះអុស ដីក្រហម ផេះអង្កាម ថ្មបាយក្រៀម ដីពណ៌ស ថ្មD និងថ្មB។ ទាំងអស់នេះគេប្រើលាយជាទឹកថ្នាំដើម្បីជ្រលក់លើផលិតផលបើយើងចង់បានពណ៌អី គឺយកវត្ថុធាតុដើមខាងលើផ្សំលាយគ្នាទៅតាមពណ៌ណាដែលយើងចង់បាន។
ចំពោះផលិតផលដែលស្មូនពីដីឥដ្ឋចេញជារូបរាងហើយគឺគេយកវាទៅដុតក្នុងឡក្នុងកម្ដៅ ៨០០ អង្សាសេ ហើយរយៈពេលដុតដើម្បីឱ្យឆ្អិន ដែលត្រូវដុតរយៈពេល ២៤ ម៉ោង។ បន្ទាប់ពីដុតរួចគេយកផលិតផលនោះទៅជ្រលក់ទឹកថ្នាំទើបបានយកទៅដុតម្តងទៀតឱ្យឡើងទៅជាសេរ៉ាមិកដែលត្រូវការកម្ដៅពី ១ ២៥០ ទៅ ៣ ០០០ អង្សាសេ ហើយក្រោយពីដុតកំណត់បាន ២៤ ម៉ោងមក គឺផលិតផលនោះឆ្អិន និងមានភាពរលោងល្អផង។
អ្នកស្រី អ៊ួន ពៅ ឱ្យដឹងថា ក្រៅពីស្មូនក្អមឆ្នាំងពីដីឥដ្ឋ ក៏នៅមានផលិតផលច្រើនទៀតដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងភូមិត្រពាំងស្បូវ មានសមត្ថភាពអាចផលិតបានដូចជាវត្ថុអនុស្សាវរីយ៍ ជារូបសត្វតូចៗគ្រប់ប្រភេទ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតដែលពួកគេចេះធ្វើ។ ប៉ុន្តែក្រោយពីស្ថានភាពប្រទេសកើតមានជំងឺកូវីដមកគឺធ្វើឱ្យអ្នកផលិតក្អមឆ្នាំងជួបការលំបាកដោយសារតែភ្ញៀវបរទេសលែងចូលទៅធ្វើទេសចរណ៍ដើរមើលកម្សាន្តនៅក្នុងភូមិរបស់អ្នកស្រីដូចកាលពីមុនមានជំងឺកូវីដដែលធ្វើឱ្យបាត់ចំណូលព្រោះលក់មិនដាច់។
អ្នកស្រីត្អូញត្អែរថា ការបាត់បង់ប្រាក់ចំណូល វាជាបញ្ហាមួយហើយ តែចំពោះបញ្ហាមួយទៀតនោះគឺប្រឈមនឹងបញ្ហាខ្វះដីឥដ្ឋសម្រាប់ផលិតដែលពីមុនប្រជាពលរដ្ឋនាំគ្នាទៅជីកដីនៅភ្នំក្រាំងដីមាស។ ប៉ុន្តែពេលនេះខាងទាហានបានហ៊ុមព័ទ្ធដំឡើងអង់តែននៅលើកំពូលភ្នំក្រាំងដីមាស ហើយគាត់បានហាមពលរដ្ឋមិនឱ្យទៅជីកយកដីឥដ្ឋនៅកន្លែង ដែលធ្លាប់ជីកនោះទៀតទេ។ដូច្នេះប្រជាពលរដ្ឋទៅទិញដីអ្នកភូមិណាដែលមានដីឥដ្ឋក្រហមដោយក្នុង ១ គោយន្តតម្លៃពី ១៥ ម៉ឺន ទៅ ២០ ម៉ឺនរៀល ហើយដីនោះមិនមែនយកមកផលិតក្អម ចង្ក្រាន តែម្តងទេ គឺត្រូវជួលគេកិនឱ្យម៉ដ្ឋទៀត ទើបអាចយកមកធ្វើចង្ក្រាន ក្អម ឆ្នាំងដីបាន។
លោក នូ ខៀន មេឃុំស្រែថ្មីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា របរជំនាញធ្វើក្អមឆ្នាំងដីនេះជារបរតំណតាំងពីដូនតាមកម្ល៉េះរបស់អ្នកស្រុករលាប្អៀរ ដែលមាន ៣ ភូមិក្នុងឃុំស្រែថ្មី គឺភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងភូមិត្រពាំងស្បូវ។ បច្ចុប្បន្ននេះពួកគាត់ចេះផលិតវត្ថុអនុស្សាវរីយ៍ជាប្រភេទរូបសត្វ ឬរូបអ្វីផ្សេងៗទៀតបានគ្រប់ប្រភេទ ប៉ុន្តែក្រោយពីប្រទេសជួបនូវបញ្ហាជំងឺកូវីដមកធ្វើឱ្យរបរមួយនេះមានការស្រុតចុះខ្លាំង ទាំងផ្នែកវត្ថុធាតុដើមដីឥដ្ឋ ទាំងចំណូលលក់ ពោលគឺគ្មានទីផ្សារ។
ចំពោះដីឥដ្ឋគឺពីមុនពួកគាត់ធ្លាប់តែទៅជីកយកពីជើងភ្នំក្រាំងដីមាស តែក្រោយពីត្រូវយោធាកាន់កាប់ហាមមិនឱ្យប្រជាពលរដ្ឋចូលពួកគាត់ក៏មិនដឹងទៅរកនៅទីណាទៀត ព្រោះភ្នំក្រាំងដីមាសប្រជាពលរដ្ឋយកដីតាំងពីដូនតាមកម្ល៉េះ។
លោកថ្លែងថា៖ «ឥឡូវអ្នកភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងភូមិត្រពាំងស្បូវទិញដីគេយកមកធ្វើទេ រីឯផលិតផលធ្វើបានហើយក៏គ្មានទីផ្សារទៀត។ ហេតុដូច្នេះ ពួកគាត់មិនដឹងរត់ទៅច្រកណាទេ ខណៈខាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានជួយរកទីផ្សារឱ្យពួកគាត់ដែរ។សព្វថ្ងៃនេះពួកគាត់ផលិតតែក្អម ចង្ក្រាន និងឆ្នាំងដីសម្រាប់បោះឱ្យឈ្មួញកណ្តាលប៉ុណ្ណោះ»៕