ភ្នំពេញៈ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ចាប់ផ្តើមអនុវត្តនៅខែតុលានេះហើយ ដែលមន្ត្រីអះអាងថា ប្រាក់បង់វិភាគទានចំនួន ៤ ភាគរយ នឹងត្រូវកាត់ចូល បសស នៅដើមខែបន្ទាប់ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបិទយុទ្ធនាការផ្សព្វផ្សាយ ៩០ ថ្ងៃ។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បសស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ តុលាថា ការកាត់ប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បានចាប់ផ្តើមអនុវត្តហើយនៅថ្ងៃទី ១ តុលានេះ ដែលការបង់ភាគទានគឺត្រូវបង់ក្នុងខែវិច្ឆិកា។
លោកថា៖ «ភាគទាននៃការបង់ប្រាក់សោធននឹងចាប់ផ្តើមអនុវត្តចាប់ពីខែ ១០ មានន័យថា ចាប់ពីថ្ងៃទី ១ តុលា ឆ្នាំ ២០២២ តទៅ ដែលខាងនិយោជកត្រូវកាត់ភាគទាន ២ ភាគរយពីកម្មករនិយោជិត ហើយនិយោជកខ្លួនឯងត្រូវបង់ ២ ភាគរយជំនួសកម្មករនិយោជិតសរុបមក គឺ ៤ ភាគរយនៅបេឡាជាតិសន្តិសុខសង្គម»។
លោក ហេង សុផាន់ណារិទ្ធ ឱ្យដឹងទៀតថា គិតមកដល់ថ្ងៃទី ២ តុលានេះ មានកម្មករនិយោជិតចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុងសហគ្រាសជាង ១៣ ៣០០ សហគ្រាស ដែលមាននៅក្នុងប្រព័ន្ធ បសស ស្រាប់ នឹងត្រូវមានកាតព្វកិច្ចបង់ភាគទាននេះដោយស្វ័យប្រវត្តិ។
កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សមាគមនិយោជក សហជីព និងតំណាងកម្មករនិយោជិតសរុបប្រមាណ ៥០០ នាក់ នៅសណ្ឋាគារភ្នំពេញ។
អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បសស ឱ្យដឹងថា ជាលទ្ធផលក្នុងយុទ្ធនាការផ្សព្វផ្សាយ ៩០ ថ្ងៃនេះ មានកម្មករនិយោជិតចំនួន ១ ០៧២ ៤២៥ នាក់បានទទួលការផ្សព្វផ្សាយ ឬស្មើនឹង ៧៣ ភាគរយបើធៀបទៅនឹងសមាជិក បសស សរុប។
លោកបញ្ជាក់ថា៖ «បើធៀបនឹងចំនួនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺស្មើនឹង ១២៨ ភាគរយ។ នេះជាភាពជោគជ័យលើសពីផែនការ ដែលបានគ្រោងទុក។ តាមរយៈការចុះផ្សព្វផ្សាយនេះ គឺមានការសាទរពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងភាគីបងប្អូនកម្មករនិយោជិត ដោយពួកគាត់បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ព្រមទាំងបានស្ម័គ្រចិត្តក្នុងការចូលរួមបង់ភាគទានជាចំណែករបស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍នៅពេលចូលនិវត្តន៍»។
កាលពីថ្ងៃទី ២៩ កញ្ញា លោក អ៊ិត សំហេង បានថ្លែងថា ប្រព័ន្ធសន្តិសុខសង្គម ដែលពេញលេញជាប្រព័ន្ធមួយដែលត្រូវរួមចំណែកពេញ ១ វដ្ដ នៃជីវិតរបស់មនុស្ស រួមមាន កើត ចាស់ ឈឺ ស្លាប់។ ជាការឆ្លើយតបដើម្បីឈានទៅរកប្រព័ន្ធសន្តិសុខសង្គមពេញលេញ។
លោកលើកឡើងថា បេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករសន្តិសុខសង្គម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រាលនូវទុក្ខលំបាកនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីពេលចាប់កំណើត តាមរយៈ មានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក បសស ទៅពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល ការព្យាបាលជំងឺ និងការទទួលបានប្រាក់បំណាច់រយៈពេល ៩០ ថ្ងៃនៅពេលសម្រាកលំហែមាតុភាព ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ។
លោកបានបន្តថា៖ «នៅពេលចូលដល់វ័យធ្វើការ កម្មករនិយោជិតទទួលបានការធានារ៉ាប់រងដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បង្ការពេលជួបគ្រោះថ្នាក់ការងារជាយថាហេតុដើម្បីឱ្យពួកគាត់ទទួលបានសេវាព្យាបាល ការផ្តល់សេវាស្តារនីតិសម្បទា ប្រាក់បំណាច់ប្រចាំថ្ងៃពីការអាក់ខានការងារ ប្រាក់ធនលាភពីការបាត់បង់សមត្ថភាពបំពេញការងារ និងករណីដែលជួបគ្រោះថ្នាក់ការងាររហូតបាត់បង់អាយុជីវិត គ្រួសារ ឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ»។
ដោយឡែកនៅពេលដែលសមាជិក បសស ចូលដល់វ័យចំណាស់ លោក អ៊ិត សំហេង បានលើកឡើងថារាជរដ្ឋាភិបាលនៅតែបន្តផ្តល់ការគាំពារ តាមរយៈការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលនៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ គ្រួសារឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី។
កាលពីឆ្នាំ ២០០៨ ក្រសួងការងារ បានដាក់ឱ្យអនុវត្តផ្នែកហានិភ័យការងារ ហើយកាលពីឆ្នាំ ២០២១ ផ្នែកនេះបានដំណើរការសម្រាប់មន្ត្រីសាធារណៈ។ ចំណែកឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិតវិស័យឯកជន ហើយឆ្នាំ ២០១៨ បានដំណើរការសម្រាប់មន្ត្រីសាធារណៈ ដោយធ្វើការធានារ៉ាប់រងសុខភាព ២៤ ម៉ោងលើ ២៤ ម៉ោង។ ជារួមមិនថា កម្មករនិយោជិត ឬមន្ត្រីសាធារណៈ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នា។ នេះបើតាមការប្រកាសរបស់លោក អ៊ិត សំហេង។
លោក អ៊ិត សំហេង សង្កត់ធ្ងន់ថា៖ «បើយើងនិយាយពីប្រាក់ចូលនិវត្តន៍វិញ កាលពីមុនប្រាក់សោធនមានតែចំពោះមន្ត្រីរាជការប៉ុណ្ណោះមានសិទ្ធិទទួលបាន តែសម្រាប់បងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនវិញ ពុំធ្លាប់ទទួលបានការធានារ៉ាប់រងប្រាក់សោធននេះទេ ហើយនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយ ដែលបងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនទទួលបានរបបសន្តិសុខសង្គមនេះ»៕