ភ្នំពេញៈ «បើសិនជាមានជម្រើស យាយមិនចិញ្ចឹមចៅទេ ពិបាកមើលថែណាស់! តែស្រួលមិនស្រួលត្រូវកូនស្ដីបន្ទោសថាមើលថែកូនគេមិនបានល្អទៀត» នេះជាការលើកឡើងរបស់លោកយាយម្នាក់រស់នៅខេត្តកំពង់ចាម ដែលសព្វថ្ងៃមានបន្ទុកមើលថែចៅដល់ទៅ ៣ នាក់។
ចូលដល់ជន្មាយុ ៦០ ឆ្នាំប្លាយទៅហើយ អ្នកស្រី នៅ ស្រី កំពុងទទួលបន្ទុក មើលថែទាំចៅទាំង៣ ដោយហេតុថាមិនមានជម្រើស។ មិនមានជម្រើសព្រោះ កូនៗមានជីវភាពខ្សត់ខ្សោយដែលចាំបាច់ត្រូវធ្វើចំណាកស្រុកចេញទៅធ្វើការដើម្បីទ្រទ្រង់ជីវភាព។
កំពុងតែដាំស្លសម្រាប់ចៅៗបណ្ដើរ អ្នកស្រី នៅ ស្រី រៀបរាប់បណ្ដើរថា៖ «កូនគេផ្ញើឱ្យជួយមើលទៅហើយ បើមិនទទួលក៏មិនកើត...ណាមួយកូនវាក្រទៅហើយ បើមិនជួយវាទេក៏លំបាកដល់ទាំងចៅៗដែលមិនដឹងអីឯណេះទៀត»។
ដោយពាក្យថា បន្ទុកនេះ អ្នកស្រីត្រូវទទួលរ៉ាប់រងគ្រប់យ៉ាង ទាំងការហូបចុក ទាំងការសិក្សារៀនសូត្រ ទាំងសុខភាពរបស់ចៅទាំង៣នាក់ ដោយមិនសូវមានពេលសម្រាក។ អ្នកស្រី ត្រូវក្រោកពីព្រលឹមដើម្បីធ្វើការងាររៀបចំផ្ទះ ចម្អិនម្ហូបសម្រាប់ចៅៗទៅរៀន និងរៀបចំជូនចៅៗទៅសាលាផង។ ការណ៍នេះ ញ៊ាំងឱ្យអ្នកស្រី សម្រេចចិត្តថានឹងបញ្ជូនចៅឱ្យទៅនៅជាមួយឪពុកម្ដាយពួកគេវិញនៅឆ្នាំក្រោយ ខណៈកម្លាំងគាត់កាន់តែថមថយទៅហើយ។
ស្ត្រីវ័យចំណាស់រូបនេះ បញ្ជាក់ថាចៅដែលត្រូវប្រគល់ឱ្យឪពុកម្ដាយវិញនៅឆ្នាំក្រោយ។អ្នកស្រី បានចិញ្ចឹមចៅៗតាំងពីអាយុ៣ឆ្នាំ រហូតពេលនេះចៅច្បងមានអាយុ ១៤ ឆ្នាំ ចៅកណ្ដាលមានអាយុ ១០ ឆ្នាំទៅហើយ។ រីឯចៅពៅគេ ដែលលោកយាយបានចិញ្ចឹមមើលថែតាំងពីទើបតែមានអាយុ ២ ខែ មកដល់ពេលនេះមានអាយុ ១០ ឆ្នាំ ហើយ។
មិនខុសគ្នាប៉ុន្មាន អ្នកស្រី អ៊ីម ដែលរស់នៅជិតខាងគ្នាដែរនោះបានចិញ្ចឹមចៅ២០ឆ្នាំមកហើយ ពោលគឺពេលចៅ ១ ធំហើយ មានចៅមួយទៀតចូលមកក្នុងបន្ទុកបន្ថែម។ បច្ចុប្បន្ននេះ អ្នកស្រី អ៊ីម មានជន្មាយុ ៦៥ ឆ្នាំហើយ ចំណែកចៅៗរបស់លោកយាយក៏ទើបតែចាកចេញទៅនៅជាមួយឪពុកម្ដាយវិញដូចគ្នា។
អ្នកស្រី អ៊ីម៖ «ចិញ្ចឹមចៅហត់ណាស់ តែធ្វើម៉េចបើម្ដាយឪពុកវាត្រូវចេញទៅធ្វើការឱ្យគេ...មិនត្រឹមតែហត់ខ្លួនឯងទេ ចិញ្ចឹមកូនគេមិនស្រួលត្រូវគេស្ដីថាឱ្យយើងទៀត»។
អ្នកស្រីបន្ថែមថា ៖ «យាយមិនចេះអក្សរ អ៊ីចឹងហើយមិនដឹងបង្រៀនចៅយ៉ាងម៉េចទេ មានតែបញ្ជូនវាទៅសាលា...វាទៅរៀនបាត់ៗក៏មិនដឹងថា រៀនចេះឬមិនចេះ»។
អ្នកស្រីក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹមចៅប្រឈមនឹងបញ្ហាច្រើន ដោយលោកយាយផ្ទាល់ចេះតែចិញ្ចឹមតាមបទពិសោធដែលលោកយាយធ្លាប់ចិញ្ចឹមកូនកន្លងមក មិនបានយល់ឬរៀនសូត្របន្ថែមពីវិធីចិញ្ចឹមកូន ជាពិសេសក្នុងសម័យនេះ។ និយាយជារួមគឺចិញ្ចឹមចៅឱ្យតែរស់ សម្រាប់ការអប់រំគឺពឹងផ្អែកទាំងស្រុងលើសាលាតែម្ដង។
បើសិនរឿងនេះនៅតែមាន តិចឬច្រើននឹងប៉ះពាល់ទៅដល់ការអភិវឌ្ឍរបស់កុមារតូច ដោយកុមារវ័យនេះទាមទារនូវការយកចិត្តទុកដាក់ច្រើន ដើម្បីឈានទៅធំធាត់ដោយគ្រប់លក្ខណៈ។ នេះបើផ្អែកតាមការលើកឡើងរបស់ លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា។ លោក កុសល បានឱ្យដឹងថា កុមារអាយុក្រោម៣ឆ្នាំនេះគឺត្រូវការការមើលថែយ៉ាងដិតដល់ ទាំងផ្នែកសុខភាព ផ្នែកអនាម័យ និងជាពិសេសលើការវិវត្តនៃខួរក្បាលរបស់ពួកគេ។
លោក ប្រាក់ កុសល បញ្ជាក់ថា៖ «កុមារនៅក្នុងវ័យដំបូង ១ ឆ្នាំ ២ ឆ្នាំ ឬ ៣ ឆ្នាំនេះគឺកុមារមានតម្រូវការអភិវឌ្ឍខ្ពស់ ជាវ័យមួយដែលកោសិកាខួរក្បាលមានការអភិវឌ្ឍខ្លាំង ជាហេតុនាំឱ្យកុមារត្រូវបំផ្លាស់ទីគ្រប់ពេលវេលា (ការដើរ ការអង្គុយ វា តោង) និងផ្លាស់ប្ដូររបស់លេងជាញឹកញាប់»។
លោកបន្តថា សម្រាប់សមត្ថភាពចំណេះដឹងមនុស្សចាស់ គឺមិនទាន់សមស្របទៅនឹងការមើលថែកុមារឱ្យត្រឹមត្រូវឡើយ ពោលគឺមើលចៅកុំឱ្យតែយំ។ ម្យ៉ាងទៀត នៅពេលកុមារមានការបំផ្លាស់ទីច្រើន មនុស្សចាស់គាត់មិនមានកម្លាំងក្នុងការចាប់ឃាត់កុមារទេ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយដល់កុមារ។
ដំណាក់កាលដែលកុមារមានអាយុក្រោម ៣ ឆ្នាំនេះ ក៏ជាឱកាសដ៏សំខាន់សម្រាប់អភិវឌ្ឍខួរក្បាលពួកគេមុននឹងចូលទៅរៀននៅមតេ្តយ្យសិក្សា ដែលរាប់បញ្ចូលជាការជំរុញសមត្ថភាពកុមារកាន់តែខ្លាំង។ ក្រសួងអប់រំកំពុងរៀបចំជាកញ្ចប់អប់រំមាតាបិតា អាណាព្យាបាលអំពីការថែទាំក្មេង ជាពិសេសគឺបានបង្កើតជាទារកដ្ឋានមួយដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។ ទារកដ្ឋាននេះ មានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដើម្បីជួយទៅដល់ការថែទាំកុមារដែលមានអាយុក្រោម៣ឆ្នាំ ខណៈដែលខេត្តនេះមានប្រជាជនធ្វើការរោងចក្រច្រើន។
លោក ប្រាក់ កុសល បានសង្កត់ធ្ងន់ថា៖ «តួនាទីរបស់ឪពុកម្ដាយ ក្នុងការថែទាំកូន គឺសំខាន់ជាងគ្រូបង្រៀន ដោយហេតុថា កុមារទទួលបានការមើលថែពីឪពុកម្ដាយ មុននឹងទទួលការអប់រំពីគ្រូបង្រៀន។ លោកលើកទឹកចិត្តថា មិនគួរទុកកូននៅនឹងជីដូនចាស់ៗទេ តែគួរយកកូនទៅដាក់នៅទារកដ្ឋាន (ប្រសិនបើមាន) ឬដាក់នៅសាលាមតេ្តយ្យសិក្សានៅពេលកូនមានអាយុ ៣ ឆ្នាំ»៕
ឈិន ម៉ានិច្ច