ភ្នំពេញៈ ក្រសួងបរិស្ថាន នៅថ្ងៃទី ៣ តុលា បានធ្វើការផ្សព្វផ្សាយប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ផ្សារភ្ជាប់នឹងធម្មជាតិ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ដើម្បីឱ្យម្ចាស់គម្រោងយល់ដឹងបន្ថែម និងអនុវត្តស្របតាមនីតិវិធី។
បន្ទាប់ពីពិធីបើកដំណើរការការផ្សព្វផ្សាយនេះ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំអំពីការអភិវឌ្ឍគំរោងទេសចរណ៍ធម្មជាតិខ្នាតតូចនេះ គឺផ្តោតទៅលើវិស័យឯកជន ដែលមានក្រុមហ៊ុន ឬម្ចាស់គម្រោងស្នើសុំវិនិយោគធ្វើទេសចរណ៍តូចៗ ដូចជា បោះតង់ បឹងកាឡូ ឬកន្លែងដើរលេងផ្សេងៗនៅតំបន់ការពារ និងរបៀងអភិរក្សជីវៈចម្រុះ។
លោកបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនេះគឺជាការណែនាំបន្ថែមទៅម្ចាស់គម្រោងដើម្បីដឹងថា ក្នុងដំណាក់កាលទាំង ៤ រួមមាន ដំណាក់កាលស្នើសុំ ដំណាក់កាលវាយតម្លៃ ដំណាក់កាលដំណើរការបំពេញនីតិវិធី និងដំណាក់កាលដំណើរការអនុវត្តគម្រោង នោះត្រូវធ្វើយ៉ាងណាខ្លះ។
លោកថ្លែងថា៖ «គោលដៅនៃការផ្សព្វផ្សាយនេះ គឺដើម្បីបង្ហាញ តម្រង់ទិស ណែនាំអំពីការអនុវត្តគម្រោងទេសចរណ៍ខ្នាតតូចនេះឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផល ហើយគិតគូរទៅលើការកសាងសេដ្ឋកិច្ចនៅមូលដ្ឋាន ហើយសំខាន់ជាងគេនោះគឺធានាបាននូវនិរន្តរភាពការងារអភិរក្សជីវចម្រុះ»។
លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ការ អនុញ្ញាតជាគោលការណ៍ជូនក្រសួងបរិស្ថានពិនិត្យ និងសម្រេចលើសំណើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ខ្នាតតូច ដែលមានទំហំដីមិនលើសពី ១០ ហិកតា នៅក្នុងតំបន់ការពារធម្មជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបំពេញនីតិវិធី។ ការអនុញ្ញាតនេះធ្វើឡើងតាមរយៈ សជណ.សក ចុះថ្ងៃទី ៤ កក្កដា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកថា ចាប់ពីខែកក្កដា ឆ្នាំ ២០១៧ មកដល់ត្រឹមខែកញ្ញា ឆ្នាំ ២០២២ នេះ មានគម្រោងវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន ៣០៧ គម្រោង លើផ្ទៃដីសរុបទំហំ ២ ៦៧០ ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។
លោកថ្លែងថា៖ «គោលការណ៍ណែនាំនេះ ជាចំណុចមួយដែលយើងត្រូវចាប់ផ្តើមពិនិត្យផ្ទៀងផ្ទាត់ទាំងអស់គ្នា ដែលចំណុចនីមួយៗដែលយើងបានដើរទៅមិនទាន់ពេញលេញ យើងត្រូវពិនិត្យមើលថា តើចំណុចណាខ្លះត្រូវពិនិត្យកែសម្រួលបន្ថែម ហើយចំណុចណាខ្លះដែលយើងបញ្ជូនតាមនីតិវិធីដែលក្រសួងបរិស្ថានបានណែនាំ»។
ក្រសួងបរិស្ថានបានចេញប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលកាណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម១០ហិកតាស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២។
លោក រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបានកំណត់តំបន់ការពារធម្មជាតិចំនួន ៧៣ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចំនួន ៣កន្លែង ដែលមានផ្ទៃដីសរុបជាង ៧ លាន ហិកតាស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ តំបន់ទាំងនេះមានសក្តានុពលទេសចរណ៍ធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងភាពសម្បូរបែប ដែលអាចទាញសក្តានុពលទាំងនេះមករៀបចំតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ សេដ្ឋកិច្ចមូលដ្ឋាន និងការរួមចំណែកពង្រឹងកិច្ចការពារអភិរក្សធនធានធម្មជាតិ។
លោកថ្លែងថា៖ «តាមរយៈការសិក្សាកន្លងមកក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងនោះ កម្ពុជាមានសក្តានុពលច្រើនក្នុងការបង្កើតឱ្យមានទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារទេសភាពធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងជីវចម្រុះ ព្រៃឈើ សត្វព្រៃ សត្វស្លាបគ្រប់ប្រភេទ ទឹកធ្លាក់ ជាសម្រស់ដ៏ស្រស់ស្អាត»។
លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកបានឱ្យដឹងថា លក្ខខណ្ឌក្នុងការអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ធម្មជាតិគឺជាផ្នែកមួយដ៏សំខាន់។ ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការផ្សារភ្ជាប់ទេសចរ និងធម្មជាតិនោះ ការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំ អំពីការគ្រប់គ្រង និងការអនុវត្តគឺត្រូវធ្វើយ៉ាងណារក្សានិរន្តរភាពធនធានធម្មជាតិ និងមានការអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រីថ្លែងថា៖ «ការខិតខំប្រឹងប្រែងជាបន្តរបស់ក្រសួងបរិស្ថានក្នុងការកែលម្អតំបន់ការពារ និងសហគមន៍មូលដ្ឋាន ជាផ្នែកមួយដ៏សំខាន់ និងជាការចង់បានរបស់យើង ហើយសេចក្តីប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ផ្សារភ្ជាប់ទេសចរនិងធម្មជាតិខ្នាតតូចរបស់ក្រសួងបរិស្ថាននេះក៏ជារឿងមួយដ៏សំខាន់ និងមានការកោតសរសើរយ៉ាងខ្លាំង»៕