ភ្នំពេញៈ គណបក្សឆន្ទៈខ្មែរ ប្រកាសរួបរួមជាមួយគណបក្សភ្លើងទៀន និងចូលរួមជាគណបក្សនយោបាយតែមួយ តាមការជាក់ស្តែង នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ក្រោយពីថ្នាក់ដឹកនាំនៃគណបក្សទាំង ២ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២។
សេក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវឱ្យអ្នកប្រជាធិតេយ្យ និងប្រជាពលរដ្ឋ កម្ពុជា ដែលចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ចូលរួម និងគាំទ្រគណបក្សភ្លើងទៀន ឱ្យបានទូលំទូលាយ និងខ្លាំងក្លាជាងពេលណាៗទាំងអស់ ដើម្បីអំណាចប្រជាធិតេយ្យ សេរី ពហុបក្ស ទទួលបានជោគជ័យ ស្របតាម ស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និងស្មារតី រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជានិរន្តរ៍តទៅ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក គង់ មូនិកា ប្រធានគណបក្សឆន្ទៈខ្មែរ សុំធ្វើអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ៣ ខែតុលា ប៉ុន្តែ លោកធ្លាប់បានប្រាប់ថា ចាប់តាំងពីមានគណបក្សនយោបាយ ដែលដឹកនាំដោយគណបក្សប្រជាធិតេយ្យមូលដ្ឋានក្នុងការបង្រួបបង្រួម ឬចងសម្ព័ន្ធភាពនយោបាយសម្រាប់ចូលរួមប្រកួតក្នុងការបោះឆ្នោតឆ្នាំ ២០២៣ មក គណបក្សឆន្ទៈខ្មែរបានបង្ហាញជំហរ ចូលរួមជាមួយនឹងគណបក្សភ្លើងទៀនចាប់តាំងពីពេលនោះ ព្រោះមានភាពងាយស្រួលជាងទៅបង្កើតគណបក្សថ្មី ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក៏ធ្លាប់បានប្រកាសស្វាគមន៍ចំពោះ គណបក្សនយោបាយដែលមាននិន្នការដូចគ្នាចូលរួមជាមួយនឹងគណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ផងដែរ។
លោកបន្តថា បើទៅបង្កើតគណបក្សថ្មី ឬចងសម្ព័ន្ធភាពនយោបាយ ២០២៣ មាននីតិវិធីចរចាច្រើនដំណាក់កាល និងប្រើប្រាស់ពេលវេលាយូរ និងមានភាពស្មុកស្មាញច្រើន ព្រោះលោកមានបទពិសោធក្នុងការចរចារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បង្កើតអតីតគណបក្សសង្គ្រោះជាតិ៕