ភ្នំពេញៈ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភព​លោក​លើក​ទី​៣៧ អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ៨៤ បាន​ស្នើរាជរដ្ឋាភិបាល​​ឱ្យព​ន្លឿ​ន​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ក្នុង​ខេត្ត​កណ្តាល និង​តាកែវ​ ប៉ុន្តែអ្នកនាំ​ពាក្យ​រាជរដ្ឋាភិ​បាល​បានចាត់​ទុក​សំណើ​នេះថា គ្រាន់​តែ​ជាការ​តស៊ូ​មតិ​ប៉ុណ្ណោះព្រោះ​អ្វីៗរដ្ឋាភិ​បាល​បាន​និង​កំពុង​មាន​យន្ត​ការ និង​គណៈ​កម្មការដោះ​ស្រាយ​ហើយ។

​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួមមាន ​អង្គការ​លីកាដូ ​អង្គ​ការ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​អាដ​ហុក​ជាដើម បាន​ចេញ​សេ​ក្តី​ថ្លែង​ការណ៍​រួមគ្នា​មួយ​នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភព​លោក​លើក​ទី​៣៧​ ថ្ងៃទី ៣ ខែតុលា​ ឆ្នាំ​ ២០២២​ ​ដោយបានសម្តែង​នូវ​ក្ដី​​បារម្ភនិង​សំណូម​ពរ​ដល់​រាជរដ្ឋា​ភិ​បាល​កម្ពុជា ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​សមរម្យ​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​ រវាង​ក្រុម​ហ៊ុន​ OCIC និងប្រជា​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មីនេះ។

​សេចក្តី​ថ្លែង​ការណ៍​នេះ​សរសេរ​ថា ​«យើងខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា វិវាទ​នេះ​មាន​ភាព​ធ្ងន់​ធ្ងរហើយ​ពលរដ្ឋ​រង​ផល​ប៉ះពា​ល់​ជា​ច្រើន​កំពុង​ជួប​ទុក្ខ​សោក​ដោយ​ទទួល​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះ​សំបែង និង​ដីធ្លី​របស់​ពួក​គេនិង​មិន​បាន​ទទួល​នូវ​ដំណោះ​ស្រាយ​សម​រម្យ​ជាទី​ពេញ​ចិត្ត​នៅ​ឡើយ​»​។

​បើ​​តាម​សេចក្តី​ថ្លែង​ការណ៍​កម្រាស់​ ​៦ ទំព័រ​នេះ អ្វី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ ​គឺប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បាន​រង​សម្ពាធ​តាម​រយៈ​បណ្តឹង​ពី​តុលា​ការ​ផងដែរ​។ប្រពល​រដ្ឋ​ចំនួន​ ៩​ នាក់ (​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ ៤​ នាក់​) ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ចំនួន ​៣០ ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​មួយ​កាលពី​​ថ្ងៃទី ​១២ ​ខែកញ្ញា ឆ្នាំ​ ២០២១ រវាង​ប្រជា​ពលរដ្ឋ​ដែ​លជា​ម្ចាស់​ដី និង​កង​កម្លាំង​ប្រដា​ប់អាវុធ​របស់​រដ្ឋាភិបាល​ ​ហើយ​កំពុង​រង​ការចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​នៅ​ឡើយ ។​

​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ថ្លែងកា​រណ៍​នេះ លោក ផៃ ស៊ី​ផាន ​អ្នក​នាំពាក្យ​រាជរដ្ឋាភិ​បាល​កម្ពុជា ​បាន​ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ខែ​តុលា​ថា អង្គការ​ក្រៅរ​ដ្ឋាភិបាល​ទាំង​នេះ គ្រាន់តែ​លើក​ឡើងដើម្បី​តស៊ូ​មតិ និង​សំណូម​ប៉ុណ្ណោះ មិន​អាច​ដោះ​ស្រាយ​អ្វី​បាន​នោះ​ទេ ដែល​កិច្ច​ការ​នេះមាន​តែ​រាជរដ្ឋាភិ​បាលតា​មរយៈ​គណៈ​កម្មការ​ដោះស្រា​យ​វិវាទ​ទេ ​ដែល​អាច​ដោះ​ស្រាយ​ជូន​ប្រជាព​លរដ្ឋ​បាន ។​

​លោក​បន្ត​ថា ការ​ស្នើសុំ​របស់​អង្គ​ការ​នេះ​ទៀត​សោត ក៏​មិន​ចំ​ទិសដៅ​ទៅ​ទៀត ​ព្រោះ​ការដោះ​ស្រាយ​ដែល​រក​ខុស​ត្រូវ មាន​តែ​តុលា​ការ និង​ផ្អែក​ទៅលើ​ច្បាប់​ប៉ុណ្ណោះ។ បើ​ការ​ដោះ​ស្រាយ​នោះ​មិន​សម​ហេតុ​សម​ផល ​ប្រជា​ពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដីធ្លី​ទាំង​នោះ​មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​បរិហារ​ដល់​រដ្ឋាភិ​បាល ឬ​គណៈ​កម្ម​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នោះ​។​

​លោក​ថ្លែង​ថា​៖ «យន្ត​ការ​ផ្តល់​យុត្តិ​ធម៌ មានតែ​តុលា​ការ​ទេ។ អ្នក​តវ៉ា មាន​ហេតុ​ផល​ មិន​ទទួល​យក​ដំណោះស្រា​យ ប៉ុន្តែសួរថា ហេតុ​ដូច​ម្តេចបាន​អ្នក​ផ្សេង​ភាគ​ច្រើន​គេ​ទទួល​យក​។ហេតុ​ផល​ទាំងអ​ស់នេះត្រូវ​តែ​បង្ហាញ​នៅក្នុង​សាលាវិនិ​ច្ឆ័យ​ក្តី ពី​ព្រោះ​គណៈ​កម្មការ​គ្រាន់តែ​សម្របស​ម្រួល​ទេ។ រីឯ​អង្គការ​ក្រៅរ​ដ្ឋាភិបាល​គ្រាន់តែ​ឈរលើ​​ការត​ស៊ូ​មតិ​ប៉ុណ្ណោះមិន​ចំ​ទិសដៅ​អនុវត្ត​នីតិ​រដ្ឋ​ទេ»​។

​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្ត​កណ្តាល ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣ ខែតុលា​ ថា ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅក្នុង​តំបន់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​នេះ មាន​គណៈ​កម្មការ​មួយ​កំពុងតែ​ប្រចាំ​ការ​ និង​សម្រប​សម្រួល​នៅ​ទីនោះ​រួមមាន ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម និង​សំណង់ និង​រដ្ឋ​បាល​ខេត្ត​កណ្តាល ដើម្បី​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​។​

​ទោះជា​យ៉ាងណា​​ លោក​ថា មាន​ចំនួន​ប្រជាពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ (​អត់​មាន​តួលេខ​នៅក្នុង​ដៃ) ដែល​មិន​យល់ព្រម​ទទួល​យក​ទៅ​នឹង​តម្លៃ​ដែល​រាជ​រដ្ឋាភិ​បាល​កំណត់ ​ខណៈ​ប្រជាព​លរដ្ឋ​ភាគច្រើន​បានទ​ទួល​យល់​ព្រម​។ក្នុង​ន័យនេះ​គណៈ​កម្ម​ការដែល​ប្រចាំ​ការ​នៅ​ទីនោះ ​ក៏បាន​សម្រប​សម្រួល​ជា​បន្ត​បន្ទាប់​​ទៀត តែ​វា​មិន​ទាន់​ចប់ ។​

​លោក​ថ្លែងថា​៖ «​យើង​ក៏មិន​បាន​កាត់ទោស​​ពលរដ្ឋ​ឱ្យ​ជាប់គុក​អី​ដែរ​ គ្រាន់តែ​ឃាត់​ខ្លួន​មួយ​ភ្លែត​ប៉ុណ្ណោះយើង​ក៏​ដោះ​លែង​វិញ​។

ម្យ៉ាង​ទៀត​បើ​និយាយ​ពី​ពន្លឿន​ មាន​ន័យថា ​យើង​អត់​ដោះ។ ប៉ុន្តែនេះគ្រាន់​តែ​ខុស​គ្នា​រឿង​តម្លៃ​ដែល​រាជរដ្ឋាភិ​បាល​កំណត់​ជា​មួយ​ក្រុម​ហ៊ុន​ប៉ុណ្ណោះ ​បើ​គាត់​មិន​ពេញចិត្ត​តម្លៃ​យើង​មាន​កន្លែង​ដោះ​ដូរ​ដីជូន​គាត់ ប៉ុន្តែប​ងប្អូន​យើង​មួយចំនួន​តូច​គាត់​អត់​ពេញ​ចិត្ត​អាហ្នឹង»​​។

​គម្រោងអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​សាងស​ង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២​ ៦០០​ ហិកតា​ ស្ថិត​នៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល និង​ដី​ខ្លះ​ស្ថិត​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ដែ​ល វិនិយោ​គ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១​ ៥០០ ​លាន​ដុល្លារ ក្នុងនោះ​ទឹក​ប្រាក់ ​១​ ១០០​ លាន​ដុល្លារ​ ជា​កម្ចី​ពី​ធនាគា​រ​បរទេស និង​ ២៨០​ លាន​ដុល្លារ ​ជា​របស់​ក្រុម CAIC របស់​លោក​ ពុង ​ឃាវ​សែ ហើយ​ដើម​ទុន​ចុះបញ្ជី​មាន​រហូត​ដល់​ ១២០​ លាន​ដុល្លារ​អាមេរិ​ក ដែល​នឹង​សាង​សង់​រួចរាល់​នៅ​ឆ្នាំ​ ២០២៣ ខាង​មុខ​។ វត្ត​មាន​អាកា​សយានដ្ឋា​ន​អន្តរជាតិ​មួយ​នេះអាច​ទទួល​អ្នក​ដំណើរ​បាន​ប្រមាណ ១៣​ លាន​នាក់​នៅ​ឆ្នាំ​ ២០៣០​ ហើយ​អាច​ទទួល​អ្នក​ដំណើរ ៣០​​ លាន​នាក់ នៅ​ឆ្នាំ​ ២០៥០​៕

វីដេអូ៖