ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសធ្វើការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេសទាំងអស់ ដោយមិនមានតម្រូវការឱ្យបង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ ទៀតឡើយ ដែលការអនុវត្តនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃប្រកាសនេះតទៅ។
លោក ម៉ម ប៊ុនហេង បានលើកឡើងដូចនេះតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ៣ ខែតុលា ដោយយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃដដែលនោះលើរបាយការណ៍របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គបក) និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ក្រសួងជូនដំណឹងពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស ដោយដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ ពេញលេញនៅពេលមកដល់កម្ពុជា»។
ទោះជាមានការកែសម្រួលវិធានការសុខាភិបាលយ៉ាងនេះក្តី ប៉ុន្តែលោក ម៉ម ប៊ុនហេង នៅតម្រូវឱ្យបន្តរក្សាទុកនូវម៉ាស៊ីនវាស់កម្តៅពីចម្ងាយនៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលក៏ដោយ ក្រសួងសុខាភិបាលក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសមូលដ្ឋាន ឬដូសជំរុញ ត្រូវទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំង ដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ។
លោក ម៉ម ប៊ុនហេង បន្ថែមថា៖ «ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ ៣ ការពារ ៣ កុំ និងតាមដានសុខភាពខ្លួនឯងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ ១៩ ជាយថាហេតុ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីការកែសម្រួលវិធានសុខាភិបាលនេះដែរថា ប្រទេសកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេស ទាំងដូសមូលដ្ឋានរហូតដល់ដូសជំរុញ ដោយប្រជាពលរដ្ឋមួយចំនួនបានចាក់ដល់ដូសទី ៥ រួមទាំងរូបលោកផងដែរ។
លោកថ្លែងថា៖ «យើងឃើញថា ភាពស៊ាំរបស់ប្រជាពលរដ្ឋកម្ពុជាអាចទប់ទល់ជាមួយនឹងមេរោគកូវីដ ១៩ នេះបាន ដូចនេះការបើកទ្វារឱ្យអ្នកដំណើរមកពីបរទេស ដោយមិនចាំបាច់មានបណ្ណពិនិត្យ សុខភាព និងកាតចាក់វ៉ាក់សាំងនេះ គឺជាចំណុច ១ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងទទួលអ្នកទេសចរមកប្រទេសកម្ពុជាឱ្យបានច្រើន ខណៈដែលពលរដ្ឋយើងភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់»។
ជាមួយគ្នានេះលោក យង់ ពៅ នៅតែស្នើឱ្យប្រជាពលរដ្ឋត្រូវបន្តការការពារទៅតាមការអំពាវនាវ និងណែនាំរបស់ក្រសួងសុខាភិបាលដដែល ជាពិសេសវិធានការ ៣ ការពារ និង ៣ កុំ បើទោះបីជាបានទទួលការចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។
លោកបន្ថែមថា៖ «វាជាចំណុចល្អ សម្រាប់ប្រទេសយើង ទាំងលើវិស័យទេសចរណ៍ និងការស្តារសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញនេះ គឺយើងឃើញថា ប្រទេសយើងអាចគ្រប់គ្រងបាន និងទប់ស្កាត់បានពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នេះផងដែរ។ ដូចនេះ ខ្ញុំគិតថា ការកែសម្រួលលក្ខខណ្ឌសុខាភិបាល គឺជាចំណុចល្អ»។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាលបានសម្រេចកែសម្រួលវិធានការសុខាភិបាលនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងធ្វើការប្រជុំបច្ចេកទេស ពិនិត្យមើលលើការកែសម្រួលលក្ខខណ្ឌទាំងនេះ កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ៕