ឧត្តរមានជ័យ/រតនគិរីៈ មន្ទីរសុខាភិបាល ក៏ដូចជាអាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសថៃ និងប្រទេសវៀតណាម បាននិងកំពុងត្រៀមបង្ការ និងក្រើនរំឭកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន ការពារខ្លួនជាប់ជានិច្ច ពីជំងឺអុតស្វា ខណៈដែលប្រទេសទាំង ២ បានប្រកាសរកឃើញករណីឆ្លងនៃជំងឺនេះក្នុងប្រទេសរបស់ខ្លូន នាពេលថ្មីៗនេះ។
កាលពីថ្ងៃទី ២ ខែតុលា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រទេសថៃ ប្រកាសរកឃើញករណីឆ្លងជំងឺអុតស្វាចំនួន ២ ករណីបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃ ដែលធ្វើឱ្យប្រទេសនេះ មានករណីឆ្លងជំងឺអុតស្វា សរុបដល់ ១០ករណី គិតចាប់ពីជំងឺនេះរីករាលដាលមក។
ចំណែកក្រសួងសុខាភិបាល របស់វៀតណាមកាលពីថ្ងៃទី ៣ ខែតុលា ក៏បានរាយការណ៍ពីករណីរកឃើញអ្នកកើតជំងឺអុតស្វា ជាលើកដំបូងក្នុងទីក្រុងហូជីមិញផងដែរ។ ក្រសួងសុខាភិបាល នៃប្រទេសវៀតណាម បានឱ្យដឹងថា ជំងឺអុតស្វា ត្រូវបានរកឃើញលើស្ត្រីអាយុ ៣៥ ឆ្នាំ ដែលរោគសញ្ញាចាប់ផ្តើមបង្ហាញតាំងពីនៅថ្ងៃទី ១៨ ខែកញ្ញា ដោយមានអាការគ្រុនក្តៅ អស់កម្លាំង ញាក់ និងឈឺសាច់ដុំ។
ពាក់ព័ន្ធនឹងការរកឃើញករណីជំងឺអុតស្វា នៅក្នុងប្រទេស ដែលនៅជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជា លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៤ ខែតុលាថា មន្ទីរនឹងធ្វើការពង្រឹងបន្ថែមទៀតនៅតាមច្រកចេញ-ចូល ដោយមន្រ្តីសុខាភិបាលនឹងធ្វើការពិនិត្យសុខភាពរបស់អ្នកដំណើរផងដែរ។
លោកថ្លែងថា៖ «ទាក់ទងនឹងជំងឺអុតស្វា ឬ Monkeypox នេះ គឺយើងបានធ្វើការអប់រំ និងផ្សព្វផ្សាយដល់ប្រជាជនយើងជាច្រើនលើកច្រើនសាមកហើយនាពេលកន្លងៗមក។ នៅពេលដែលករណីជំងឺនេះបានរកឃើញនៅក្នុងប្រទេសវៀតណាមនេះ យើងនឹងធ្វើការពង្រឹងបន្ថែមទៀតនៅតាមច្រកអន្តរជាតិអូយ៉ាដាវ ដែលមានអ្នកដំណើរចេញ-ចូលជាប្រចាំ»។
លោក អ៊ុង រតនា បានបន្តថា រាល់ថ្ងៃនេះ មន្រ្តីសុខាភិបាលនៅប្រចាំការជាប្រចាំនៅតាមច្រកនេះ ហើយបន្ទាប់ពីមានការប្រកាសរកឃើញករណីជំងឺអុតស្វានេះ នៅខេត្តព្រំដែនកម្ពុជា-វៀតណាមទៀតនោះ លោកនឹងណែនាំឱ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកព្រំដែននោះ កាន់តែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។
លោករតនាបញ្ជាក់ថា៖ «ត្រូវធ្វើការពិនិត្យសុខភាពជាចាំបាច់រាល់អ្នកដំណើរចូលពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសយើង។ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ មានអ្នកចេញចូលច្រើនជារៀងរាល់ថ្ងៃ»។
នៅឯខេត្តឧត្តរមានជ័យដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃវិញ អាជ្ញាធរខេត្ត ក៏នឹងធ្វើការត្រួតពិនិត្យ និងប្រុងប្រយ័ត្នបង្ការដូចគ្នានេះផងដែរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់ដែរថា ខេត្តតែងតែធ្វើការអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីការការពារជំងឺអុតស្វានេះ។
លោកប្រាប់ថា៖ «នៅពេលដែលក្រសួងសុខាភិបាលធ្វើការណែនាំណាមួយ អាជ្ញាធរខេត្ត នឹងធ្វើការណែនាំ និងផ្សព្វផ្សាយបន្ត ទៅដល់បងប្អូនប្រជាពលរដ្ឋ តាមបែបបទ របស់សុខាភិបាល ការការពារ និងការអនុវត្ត ទៅតាមបច្ចេកទេសសុខាភិបាល»។
ទោះយ៉ាងណា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា លោកស្រីមិនទាន់មានព័ត៌មាននេះនៅឡើយទេ។
យោងតាមកាសែតបាងកកប៉ុស្ដិ៍ ផ្សាយនៅថ្ងៃទី ២ តុលា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រទេសថៃ បានរកឃើញករណីឆ្លងជំងឺអុតស្វា ២ ករណីបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃ។ អ្នកជំងឺទាំង ២ នាក់ មានម្នាក់ជាស្ត្រីជនជាតិថៃ និងម្នាក់ទៀត ជាបុរសជនជាតិអាល្លឺម៉ង់។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីជំងឺអុតស្វាដែលជាករណីនាំចូល ដោយបុរសជនជាតិនីហ្សេរីយ៉ា ១ រូប ដែលបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួន កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា នៅខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ។ ការឃាត់ខ្លួនក្នុងពេលនោះ ក៏រកឃើញអ្នកពាក់ព័ន្ធចំនួន ៥ នាក់ ដែលក្រសួងសុខាភិបាលតម្រូវឱ្យពួកគេនៅដាច់ដោយឡែក ដើម្បីតាមដានរោគសញ្ញាផងដែរ។
ជនបរទេសរូបនេះត្រូវបានព្យាបាលជាសះស្បើយពីជំងឺអុតស្វា កាលពីថ្ងៃទី ៥ សីហា ហើយក្រសួងសុខាភិបាលបានប្រគល់បុរសរូបនេះទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៅថ្ងៃទី ៦ សីហា ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនជាតិនីហ្សេរីយ៉ារូបនេះចេញពីកម្ពុជា ដោយមិនឱ្យចូលទឹកដីកម្ពុជារយៈពេល ៣ ឆ្នាំ៕
វីដេអូ៖