ភ្នំពេញៈនាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ៤ ខែតុលា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២។
ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏ធ្វើឡើងប្រមាណ ២ សប្តាហ៍ បន្ទាប់ពីលោក ហ៊ុន សែន បំពេញទស្សនកិច្ចជាលើកទី២ នៅក្នុងប្រទេស គុយបាផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំង។ លោកក៏នឹងជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។
នាថ្ងៃទី ៤ ខែតុលា លោកមានជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន ហើយនាយករដ្ឋមន្ត្រីទាំង ២ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់កាលពីថ្ងៃទី ១ ខែតុលា ថា ៖ «ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំង ២»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដំណើរទស្សនកិច្ចនេះ នឹងកាន់តែជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ដែលទំនាក់ទំនងនេះជាទំនាក់ទំនងជាប្រពៃណីតាំងពីសម័យសង្គ្រាមត្រជាក់។
លោកបានថ្លែងថា៖ «ការធ្វើទស្សនកិច្ចនេះគឺកាន់តែបន្ថែមទម្ងន់នៃកិច្ចសហប្រតិបត្តិការគឺធ្វើបន្ទាប់ពីសម្ដេច ហ៊ុន សែន ក៏បានអញ្ជើញទៅទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសគុយបាផងដែរ។ យើងឃើញថា វាជាឥរិយាបថការទូតយ៉ាងល្អ ដែលបង្ហាញឲ្យឃើញពីសុច្ឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់នៃប្រទេសទាំង ២ ក្នុងការពង្រឹងពង្រីករឹតចំណងទំនាក់ទំនង និងសាមគ្គីភាពរវាងប្រទេសទាំង ២»។
លោកគិន ភា បានបន្ថែមថា សម្រាប់កម្ពុជាគឺកំពុងតែអនុវត្តប្រកបដោយប្រសិទ្ធភាពនូវនយោបាយពិពិធកម្មការទូតរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗទាំងក្នុងតំបន់និងពិភព-លោកដើម្បីឲ្យតួនាទីរបស់កម្ពុជាកាន់តែមានសារៈសំខាន់ឡើងហើយកិត្យានុភាពកម្ពុជាកាន់តែត្រូវបានលេចត្រដែតឡើង។
លោកបន្តថា ការដែលកម្ពុជាសន្យាផ្ដល់អង្ករ ៦ ពាន់តោនដល់គុយបាគឺជាចំណុចសំខាន់មួយទៀតរបស់កម្ពុជាផងដែរ ដែលជាផ្នែកមួយនៃសកម្មភាពការទូតសាធារណៈដែលធ្វើឱ្យឥទ្ធិពលរបស់កម្ពុជាកាន់តែមានសារៈសំខាន់ក្នុងកម្រិតតំបន់និងពិភពលោក៕