ភ្នំពេញៈ ប្រមុខការទូតកម្ពុជា ស្នើប្រទេសជាសមាជិកអាស៊ានទាំងអស់ជំរុញទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តួចផ្តើមគំនិតស្តីពីការតភ្ជាប់គម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់ខណៈនាពេលអនាគតតំបន់នេះ នឹងពឹងផ្អែកលើឧត្តមភាព នៃការប្រកួតប្រជែងក្នុងតំបន់។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការតភ្ជាប់តំបន់គឺជារឿងចាំបាច់ដែលត្រូវការការលើកកម្ពស់ ព្រោះអនាគតនៃតំបន់នេះ នឹងពឹងផ្អែកលើ ឧត្តមភាពប្រកួតប្រជែងតំបន់ ដែលអាចកើតមានឡើងបានដោយការតភ្ជាប់យ៉ាងល្អ នៅក្នុងតំបន់ ដែលមានសកម្មភាពរួមគ្នា។
លោកថ្លែងដូច្នេះក្នុងសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ នាថ្ងៃទី ៣ ខែតុលា ដោយសហការរៀបចំដោយវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ានក្រោមមូលបទ «ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ»។
លោក ប្រាក់ សុខុន ថ្លែងថា៖ «ចង្វាក់ផ្គត់ផ្គង់តំបន់របស់យើង តម្រូវរក្សានូវភាពស័កិ្តសិទ្ធិ និងភាពធន់រឹងមាំ។ អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តើមគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់ និងគម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់។ សម្រាប់អាស៊ាន អភិក្រមនេះគឺការទាញយកឱ្យបានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមនានា ដែលមានស្រាប់ ស្តីពីការតភ្ជាប់ដើម្បីចម្រាញ់យកតម្លៃបន្ថែមដែលចាំបាច់»។
លោករដ្ឋមន្ត្រីលើកឡើងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម ក្នុងការដឹកនាំសេដ្ឋកិច្ចតំបន់។ នៅមានភាពចាំបាច់ក្នុងការតម្រែតម្រង់ទិសផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ (MPAC 2025) ដើម្បីធានាថា ផែនការមេនេះ នឹងដើរតួនាទីជាចំណុចស្នូល ក្នុងការតភ្ជាប់ជាយុទ្ធសាស្រ្តរវាងគំនិតផ្ដួចផ្ដើមផ្សេងៗនៅក្នុងតំបន់ក្នុងការទ្រទ្រង់អាស៊ាន ដែលប្រកបដោយភាពធន់រឹងមាំ ចីរភាព និងបរិយាប័ន្ន។
លោក លឹម ចុកហុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ថ្លែងថា វាគឺជារឿងចាំបាច់ ដែលអាស៊ានត្រូវប្រែក្លាយតំបន់នេះ ជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងមានភាពឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្ដូរជានិច្ចកាល ដោយលោកបញ្ជាក់ថា៖ «ខណៈពេលដែលយើងបន្តរៀបចំផែនការសម្រាប់អនាគត យើងក៏ត្រូវកសាងនូវភាពភ្ជាប់គ្នារវាងអនាគតជាមួយសកម្មភាពដែលយើងកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន»។
លោកអគ្គលេខាធិការអាស៊ានបន្ថែមថា អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង ក៏ដោយ ដោយពន្យល់ថា៖ «ធនធានទាំងអស់ដែលដៃគូរបស់យើងបានប្រើប្រាស់នៅក្នុងការវិនិយោគក្នុងតំបន់យើងនេះនឹងផ្ដល់អត្ថប្រយោជន៍ទៅពួកគេវិញទៅតាមទំហំដែលធនធានទាំងនោះ បានផ្ដល់ផលប្រយោជន៍មកអាស៊ាន»។
លោក ហីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ថ្លែងថា ការតភ្ជាប់ផ្នែកឌីជីថលមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តផែនការមេ ស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025)។ លោកបានយោងទៅលើការងាររបស់វិទ្យាស្ថានស្រាវជ្រាវស្ដីពីផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយដំណាក់កាលទី៣ ដែលបានលើកឡើងពីយុទ្ធសាស្រ្ត បង្កើតសេដ្ឋកិច្ចប្រកបដោយ សមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងចីរភាពច្រើនជាងមុន នៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា តាមរយៈការលើកស្ទួយការតភ្ជាប់ផ្នែករូបវន្ត និងផ្នែកឌីជីថលនៅក្នុងតំបន់។
លោក Hidetoshi Nishimura ថ្លែងថា៖ «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ ជ្រុងជ្រោយដំណាក់កាលទី៣ នេះ នឹងរួមចំណែកធ្វើឱ្យការតភ្ជាប់តំបន់អាស៊ាន ក្រោយឆ្នាំ ២០២៥ កាន់តែ ស៊ីជម្រៅ»។
ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នៅរាជធានីភ្នំពេញ នាថ្ងៃទី ៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន មានការតាំងចិត្តខ្ពស់ក្នុងការរួមចំណែក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការអភិវឌ្ឍសម្រាប់ជោគវាសនាសន្តិសុខតំបន់ ការអភិវឌ្ឍ និងវិបុលភាពរួម។
នេះជាលើកដំបូងដែលសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ នេះត្រូវបានរៀបចំឡើងវិញដោយផ្ទាល់ បន្ទាប់ពីការលុបចោលនូវការរឹតបន្តឹងនៃការធ្វើដំណើរដោយការរីករាលដាល នៃជំងឺកូវីដ ១៩។ សន្និសីទនេះមានអ្នកចូលរួមជាង ១៦០ នាក់ រួមមាន សមាជិកនៃគណៈកម្មាធិការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ានតំណាងមកពីស្ថាប័ន និងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគីព្រមទាំងវិស័យឯកជន។
វាគ្មិនមកពីស្ថាប័នរដ្ឋ ក្រុមបញ្ញជន អង្គភាពប្រឹក្សាយោបល់ និងធនាគារអភិវឌ្ឍន៍ពហុជាតិ បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាបច្ចុប្បន្ន និងនិន្នាការដែលកំពុងលេចឡើង ក្នុងបរិបទនៃការងើបឡើងវិញក្រោយជំងឺរាតត្បាតក៏ដូចជាបញ្ហាប្រឈមដែលអាស៊ានជួបប្រទះក្នុងការអភិវឌ្ឍរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥។ សន្និសីទនេះពិភាក្សាអំពីវិធីសាស្រ្តពង្រឹងភាពជាដៃគូស្ដីពីការតភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើត និងពង្រឹងបណ្តាញការងារ តំបន់ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ១ ប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អ។
លោក មាស នី អ្នកតាមដាននយោបាយថ្លែងថា ក្តីស្រមៃរបស់សហគមន៍អាស៊ាន ដែលចង់រួមគ្នាជាធ្លុង ១ ពិតជាពិបាកសម្រេចបានខ្លាំងណាស់ ដែលគេអាចមើលដឹងតាំងតែពីអំឡុងពេលបង្កើតសហគមន៍នេះដំបូងឡើយមកម្ល៉េះ ព្រោះការមាននិន្នាការនយោបាយខុសៗគ្នាទំនាស់ផលប្រយោជន៍ និងនយោបាយការទូតហាក់មិនសូវត្រូវគ្នារបស់អង្គការតំបន់នេះដែលជារនាំងរារាំងការបង្រួបបង្រួមផ្ទៃក្នុង ដូចការចង់បានកាលពីសម័យសង្គ្រាមត្រជាក់ដំបូងឡើយ។
មកដល់ពេលបច្ចុប្បន្នអាស៊ានពើបប្រទះនឹងបញ្ហាធំៗ ៣ រួមមាន វិបត្តិសមុទ្រចិនខាងត្បូង វិបត្តិភូមា និងវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលបានរារាំងជំហរអាស៊ានជាធ្លុងមួយ ដែលលោកថា អាស៊ានហាក់កាន់តែឃ្លាតឆ្ងាយពីគ្នាបន្ថែមទៅទៀត ហើយអង្គការតំបន់នេះតែងកំណត់យកគោលការណ៍កុងសង់ស៊ីសដើម្បីសម្រេចផែនការណាមួយ ខណៈសមាជិកមាននិន្នាការខុសៗគ្នាក៏ជារនាំងក្នុងការសម្រេចផែនការអនាគតផងដែរ។
សន្និសីទស្ដីពីការតភ្ជាប់អាស៊ាននឹងបន្តជាវេទិកាសម្រាប់ឱ្យដៃគូពាក់ព័ន្ធទាំងអស់អាចស្គាល់ និងកំណត់នូវវិស័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយសក្ដានុពល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥៕