ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជាមិនមានការព្រួយបារម្ភ ចំពោះការរួមបញ្ចូលគ្នា រវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនោះទេ មិនតែប៉ុណ្ណោះបើទោះបីគណបក្សតូចៗដែលកើតចេញពីអតីតគណបក្សសង្គ្រោះជាតិ មករួមបញ្ចូលគ្នាបន្ថែមទៀត ក៏មិនមានអ្វីដែលគួរឱ្យព្រួយបារម្ភដល់គណបក្សប្រជាជននោះដែរ។ នេះជាការថ្លែងរបស់លោក សុខ ឥសាន។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ តុលាថា គណបក្សប្រជាជនកម្ពុជាក៏មិនជំទាស់ទៅនឹងការបង្រួបបង្រួម ឬបង្កើតគណបក្សថ្មីរបស់ក្រុមគណបក្សទាំងនេះដែរ ឱ្យតែច្បាប់អនុញ្ញាតព្រោះវាជាសិទ្ធិធ្វើនយោបាយរបស់ពួកគេ។ លោកថែមទាំងថ្លែងបែបចំអកថា៖ «វាជាការគួរឱ្យអស់សំណើចណាស់ ដែលមានមេបក្សមួយនៅក្នុងអតីតគណបក្សសង្គ្រោះជាតិ ទៅឱបជើង ភ្លើងចន្លុះ ភ្លើងទៀន អីហ្នឹង វាជាការមួយ គួរឱ្យអស់សំណើចណាស់។ ដូចគេថា នាងរត់ទៅរកអ្នក ដូច្នេះ ចាញ់បូកនឹងចាញ់នៅតែចាញ់ដដែលទេ វាអត់មានអីគួរឱ្យឆ្ងល់ទេ»។
លោក សុខ ឥសាន បានថ្លែងបែបនេះ បន្ទាប់ពីគណបក្សភ្លើងទៀនបានសម្រេចតែងតាំង លោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្ស បន្ទាប់ពីគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី ៣ តុលា បានចេញសេចក្តីថ្លែងការណ៍ សម្រេចចូលរួបរួមជាមួយគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ ២០២៣។ គណបក្សភ្លើងទៀននៅថ្ងៃទី ៤ តុលា បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ គណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀនជាគណបក្សតែ ១។
គណបក្សភ្លើងទៀនក៏បានស្វាគមន៍លោក គង់ គាំ អតីតស្ថាបនិកគណបក្សជាតិខ្មែរ អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរផងដែរ ដែលបានចូលរួមជាមួយគណបក្សភ្លើងទៀន និងផ្តល់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។ ជាមួយគ្នានេះគណបក្សភ្លើងទៀនក៏បាន អំពាវនាវដល់អ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យទាំងអស់ ចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយ ឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ តុលាថា ការតែងតាំងលោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀននេះ ដើម្បីរួបរួមអ្នកស្នេហាលទ្ធិប្រជាធិតេយ្យ។ កន្លងមក បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ បើទោះបីជាលោក គង់ គាំ មិនបានចូលរួមជាមួយគណបក្សភ្លើងទៀន ក៏លោកនៅតែរក្សាកម្លាំង និងស្មារតីស្នេហាជាតិរហូតមកទល់នឹងបច្ចុប្បន្ននេះ។
លោកបានថ្លែងថា៖ «ការផ្តល់តួនាទីជូនគាត់នេះ គឺមានសារៈសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋបានឃើញច្បាស់ថា គណបក្សភ្លើងទៀន គឺរក្សាជំហររឹងមាំដដែល តាំងតែពីការបង្កើតគណបក្សជាតិខ្មែររហូតមកទល់បច្ចុប្បន្ន»។
លោក គង់ គាំ អ្នកនយោបាយចាស់វស្សាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការផ្តល់តួនាទីនេះ មិនមានអ្វីដែលថ្មីសម្រាប់រូបលោកនោះទេ ពីព្រោះកាលពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ក្លាយទៅជាអ្នកដឹកនាំធ្វើជាប្រធាន និងអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ក៏រូបលោក ធ្វើជាប្រធានគណបក្ស សម រង្ស៊ី សញ្ញាភ្លើងទៀន នៅពេលនោះ និងក៏ជាអតីតទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិដែរ។
លោកបន្តថា ក្នុងនាមជាឧត្តមទីប្រឹក្សា និងជាអ្នកផ្តល់យោបល់ឱ្យគណបក្សភ្លើងទៀន នៅក្រោយការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និង ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ លោក នឹងផ្តល់យោបល់ទៅគណបក្សនេះកុំឱ្យទោរទន់ទៅរកលោកខាងលិចខ្លាំងពេក (អាមេរិក) និងក៏អាចផ្តល់យោបល់កុំឱ្យគណបក្សប្រជាជនកម្ពុជា កុំទោរទន់ទៅរកលោកខាងកើតខ្លាំងពេកដែរ (ចិន)ដើម្បីឱ្យការធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមួយត្រឹមត្រូវ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងទៅជាឧត្តមទីប្រឹក្សានេះ គឺដំបូងបំផុត គឺជួយយោបល់គណបក្សភ្លើងទៀនបង្កើតក្រុមជំនាញគណបក្ស ដូចជាក្រុមខាងថវិកា ក្រុមខាងនីតិកម្ម ក្រុមខាងដោះស្រាយដីធ្លី និងសិទ្ធិមនុស្សជាដើម ដើម្បីយកគំនិតរបស់ក្រុមជំនាញ យកមកអនុវត្តត្រឹមត្រូវតាមបំណងរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង»។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឱ្យដឹងដែរថា ការតែងតាំងលោក គង់ គាំ ដែលជាឪពុករបស់លោក ជាឧត្តម ទីប្រឹក្សាគណបក្សភ្លើងទៀន មិនមានបញ្ហាទាស់អ្វីនោះទេ ព្រោះតួនាទីនេះមិនមែនជាអ្នកសម្រេចកិច្ចការអ្វីឱ្យគណបក្សភ្លើងទៀនឡើយ។ ផ្ទុយមកវិញ លោក គង់ គាំ គ្រាន់តែអ្នកផ្តល់យោបល់ និងយុទ្ធសាស្ត្រនយោបាយប៉ុណ្ណោះ៕