ភ្នំពេញៈ គ្រូបង្រៀននៅក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរ គឺជាជនគំរូ ជាបុគ្គល ១ រូប ដែលតំណាងឱ្យការប្រៀនប្រដៅអប់រំ។ ផ្នត់គំនិតនេះពិតជាមិនខុសទេប៉ុន្តែនៅពេលដែលមនុស្សមិនបានបែងចែកឱ្យច្បាស់លាស់ទៅលើព្រំដែននៃភាពជាគំរូ វាបង្កជាគំនាបមួយដល់សិទ្ធិសេរីភាពគ្រូបង្រៀននៅក្រៅម៉ោងធ្វើការ។
គ្រូបង្រៀនបច្ចុប្បន្ន ជាពិសេសគ្រូបង្រៀនភេទស្រី ជារឿយៗតែងតែត្រូវបានសង្គមវាយតម្លៃលើការស្លៀកពាក់ លើការដើរហើរ ឬសូម្បីតែការសម្រេចចិត្តក្នុងជីវិតរបស់បុគ្គលផ្ទាល់បើទោះបីជាសកម្មភាពទាំងនោះប្រព្រឹត្តទៅនៅក្រៅម៉ោងការងារក៏ដោយ។
កញ្ញា លឹម ជីវអៀន ជាគ្រូដែលទើបតែចេញបង្រៀនបាន ៤ ឆ្នាំ និងទើបតែមានអាយុ ២៣ ឆ្នាំទៀតនោះ បានរងនូវគំនាប រងនូវពាក្យរិះគន់ពីមជ្ឈដ្ឋានជុំវិញ ដោយគ្រាន់តែអ្នកគ្រូស្លៀកពាក់ តុបតែងខ្លួនទៅតាមសម័យកាល និងទៅតាមវ័យរបស់ខ្លួននៅក្រៅម៉ោងការងារ។ កញ្ញាយល់ថា ខ្លួនគួរតែត្រូវទទួលរងការរិះគន់ បើសិនជាខ្លួនបានធ្វើអ្វីខុសច្បាប់ប្រការណាមួយ ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃសិទ្ធិសេរីភាពក្នុងនាមជាពលរដ្ឋម្នាក់ប៉ុណ្ណោះ ហេតុអ្វីត្រូវរងគំនាបនេះ?
កញ្ញា លឹម ជីវអៀន៖ «ចំណុចនេះខ្ញុំយល់ថាវាមិនសូវជាល្អប៉ុន្មានទេសម្រាប់សិទ្ធិសេរីភាពរបស់គ្រូ ព្រោះពួកគាត់ក៏ជាពលរដ្ឋម្នាក់ដែរ គាត់ត្រូវការការកម្សាន្ត ត្រូវការបទពិសោធក្នុងជីវិត កុំឱ្យតែរឿងនោះវាខុសនឹងច្បាប់»។
គ្រូបង្រៀនរូបនេះបន្ថែមថា៖ «វប្បធម៌ក្នុងការប្រកាន់ជ្រុលនេះ វាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គ្រូ សូម្បីតែខ្ញុំផ្ទាល់ពេលទៅកម្មវិធីផ្សេងៗ ត្រូវជ្រើសរើសសម្លៀកបំពាក់ណាឱ្យត្រូវហើយកុំឱ្យគេមើលមកលើសលស់...ពេលខ្លះយល់ថា ហេតុអី្វបានជាអាជីព ១ ហ្នឹងមិនអាចធ្វើឱ្យយើងមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្ពពេញលេញ?»។
មិនខុសគ្នាប៉ុន្មានពីអ្នកគ្រូ លឹម ជីវអៀន អ្នកគ្រូ សុង ស្រីអូន ដែលបង្រៀននៅខេត្តកំពតឯណោះវិញ ក៏ត្អូញត្អែរផងដែរលើគំនាបដែលខ្លួនទទួលបានកន្លងមក។
កញ្ញា សុង ស្រីអូន៖ «នៅសាលាយើងជាគំរូដល់សិស្សក៏ពិតមែន ក៏ប៉ុន្តែយើងក៏មានពេលវេលាឯកជនរបស់យើងដូចគ្នា»។
កញ្ញាបន្តទៀតថា៖ «បើខ្ញុំស្លៀកពាក់ទាន់សម័យទៅបំពេញការងារ គឺមិនសមរម្យព្រោះជាគំរូមិនល្អដល់សិស្ស ប៉ុន្តែនៅក្រៅម៉ោងសិក្សាគ្រូក៏មិនខុសពីមនុស្សដទៃទៀតដែរ»។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពជាលោក យង់ ពៅ បានបង្ហាញថា ការស្លៀកពាក់ដែលមិនជ្រុលហួសហេតុពេក មិនចាត់ទុកថា ខុសសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀនទេ។ ម្យ៉ាងទៀត គុណតម្លៃរបស់គ្រូក៏មិនកំណត់លើការស្លៀកពាក់ លើឥរិយាបថ លើការកម្សាន្ដរបស់ពួកគេនៅក្រៅម៉ោងបង្រៀនដែរ។
លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាមានថ្លែងថា៖ «គ្រូជាមនុស្សសាមញ្ញដូចគេដូចឯង ក៏មិនមែនជាគំរូគ្រប់រឿងដែរ! បើគ្រូជាគំរូគ្រប់រឿងនោះ មានន័យថា សង្គមឃុំគ្រូនៅនឹង ១ កន្លែង ដោយមិនឱ្យគាត់មានសិទ្ធិទៅបំពេញសេរីភាពគាត់»។
លោកបង្ហាញការសំណូមពរទៅដល់ប្រជាពលរដ្ឋសូមឱ្យមានការកែប្រែទស្សនៈលើសិទ្ធិសេរីភាពរបស់គ្រូបង្រៀន ព្រោះយូរៗទៅវាអាចនឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ក្មេងជំនាន់ក្រោយក្នុងការជ្រើសរើសអាជីពជាគ្រូបង្រៀន និងសូមឱ្យពលរដ្ឋបង្វែរមកឱ្យតម្លៃលើការបម្រើការងាររបស់គ្រូទៅវិញ ព្រោះអាជីពនេះបានជួយបណ្ដុះបណ្ដាលធនធានមនុស្សច្រើនណាស់៕
កែវ បុស្បា