ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃស្នើតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជាដែលទើបតែងតាំងថ្មីបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក៏ដូចជា កម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី២ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ទេរមុខងារចំនួន ៥៥ ក្នុងវិស័យចំនួន ២០ ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងនោះមានមុខងារមួយចំនួនពុំទាន់មានភាពរលូននៅឡើយ។
លោក ស ខេង បានស្នើបែបនេះក្នុងជំនួបជាមួយលោកស្រី Jyotsana Verma តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មីក្នុងពេលលោកស្រីចូលជួបសម្ដែងការគួរសមកាលពីថ្ងៃទី ៤ ខែតុលានៅវិមានរដ្ឋសភា។
លោកលើកឡើងថា ធនាគារ ADB បានជួយគាំទ្រកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាំងពីឆ្នាំ ២០០២ ជាមួយនឹងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតជាមួយបណ្ដាប្រទេសនៅតាមបណ្ដោយដងទន្លេមេគង្គ។ លោកបន្តថា ផ្អែកតាមប្រវត្តិសាស្ត្រ ការងារកំណែទម្រង់នេះគឺជាការងារមួយដ៏ថ្មីសន្លាងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់។
លោកបានថ្លែងថា៖ «សង្ឃឹមថា ADB នឹងបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកម្មវិធីជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី២»។
ជាមួយគ្នានេះលោកក៏បានស្នើ ADB បន្តស្វែងរកអ្នកជំនាញបន្ថែម ដើម្បីគាំទ្រទៅលើការងារអន្តរវិស័យមួយចំនួនដូចជា ការរៀបចំប្រព័ន្ធអភិបាលកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុ ដែលកិច្ចការងារនេះជាកិច្ចការថ្មី ទាមទារឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍។
លោក ស ខេង បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយកំណែទម្រង់នេះបានចូលរួមចំណែកដល់ការលើកកម្ពស់នូវស្ថិរភាព ភាពជាម្ចាស់ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ»។
យ៉ាងណាក្ដី លោកបានសន្និដ្ឋានថា បញ្ហាប្រឈមទី១ ក្នុងការធ្វើកំណែទម្រង់នេះ គឺការយល់ដឹងរបស់អ្នកពាក់ព័ន្ធទាំងស្ថាប័នសាធារណៈ និងសង្គមស៊ីវិលដែលពាក់ព័ន្ធនៅមានកម្រិត ដោយមានការយល់ឃើញ និងបកស្រាយផ្សេងៗគ្នាអំពីចក្ខុវិស័យ និងគោលបំណងនៃកំណែទម្រង់នេះ។
លោកបានបន្ដថា៖ «បញ្ហាប្រឈមទី២ គឺរចនាសម្ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗនៅមិនទាន់មានលក្ខណៈសមស្របពេញលេញតាមចរិតលក្ខណៈផ្សេងៗគ្នានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដូចជា ទីក្រុងធំ ទីប្រជុំជន និងទីជនបទ។
លោក ស ខេង បានឱ្យដឹងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលបានផ្ទេរមុខងារចំនួន ៥៥ ក្នុងវិស័យចំនួន ២០ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ប៉ុន្ដែការផ្ទេរនេះពុំទាន់មានលក្ខណៈសមស្របតាមចំនួនមុខងារ និងទំហំមុខងារនីមួយៗដែលបានផ្ទេរទៅដោយការអនុវត្តពុំទាន់មានភាពរលូននៅឡើយទេ។
លោកបន្តថា៖ «ជាក់ស្ដែងថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងការវិនិយោគដែលអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចសម្រេចលើគម្រោងត្រឹមទឹកប្រាក់ ៥ លានដុល្លារ ដោយពុំចាំបាច់មានការឆ្លងពីថ្នាក់ជាតិ ប៉ុន្តែពុំទាន់មានរដ្ឋបាលណាមួយពិនិត្យសម្រេចលើការងារនេះនៅឡើយទេ»។
លោកបញ្ជាក់ថា បញ្ហាទាំងនេះ ទាមទារឱ្យមានការគាំទ្រពីរដ្ឋបាលថ្នាក់ជាតិ ព្រោះបើអនុវត្តមិនបានជោគជ័យអាចប៉ះពាល់ដល់អារម្មណ៍ និងមតិរបស់សាធារណជនលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
នៅក្នុងជំនួបនោះលោកស្រីតំណាង ADB បានថ្លែងថា ADB គឺជាដៃគូដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងមហាផ្ទៃដែលមានគម្រោងមួយចំនួនបាននិងកំពុងអនុវត្តជាមួយគ្នា។
លោកស្រីថ្លែងថា៖ «ADB សូមថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់សម្ដេចក្រឡាហោម សម្រាប់ការគាំទ្ររបស់ ADB ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលទទួលបានលទ្ធផលគួរឱ្យកោតសរសើរ»។
លោកស្រីបានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងារមួយទាមទាររយៈពេលវេលាយូរអង្វែង។
ឆ្លើយតបនឹងសំណើលោក ស ខេង លោកស្រីបានបញ្ជាក់ថា ADB ទទួលយកសំណើនេះ និងបន្តសិក្សាជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីធានាបានប្រសិទ្ធភាពការងារនៃគម្រោងរវាង ADB និងក្រសួងមហាផ្ទៃ។
លោកស្រីបានបញ្ជាក់ថា៖ «ចំពោះការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសព្វថ្ងៃ ADB កំពុងរៀបចំគម្រោងតម្លៃដល់ទៅ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០៣០ ដោយលោកស្រីស្នើសុំសម្ដេច ស ខេង ផ្ដល់ការគាំទ្រ»។
លោក ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនបន្តធ្វើការងារជាមួយ ADB ក្នុងអាណត្តិរបស់លោកស្រីនៅប្រទេសកម្ពុជានេះបន្ថែមទៀត៕