ភ្នំពេញៈ ថ្វីដ្បិតតែជាប្រទេសតូចនិងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែកម្ពុជាបានបង្កើនថវិកាជាតិចំនួន ៣ ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២% នៅត្រឹមឆ្នាំ ២០៣០។
នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធរុស្សុី តាមប្រព័ន្ធវីដេអូ ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងការរួមចំណែកការពារបរិស្ថានកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិច។ កម្ពុជាក៏បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺកូវីដ ១៩ និងបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ វិនិយោគថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង សេដ្ឋកិច្ចចក្រា និងកិច្ចការពារបរិស្ថាន។
លោកថ្លែងថា៖ «បញ្ហាបរិស្ថានមិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះមានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈម បរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីយើងពីគ្រោះមហន្តរាយទាំងឡាយសម្រាប់ជនានុជនរបស់យើងជារៀងដរាបតទៅ។ ខ្ញុំជឿជាក់ថា យើងទាំងអស់ពិតជាអាចធ្វើបាន»។
លោកបន្តថាទៀតថា៖ «ឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតបំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា យើងពិតជាអាចជម្នះនូវរាល់បញ្ហាទាំងនេះជាមួយគ្នាបាន។»
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តលើកកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ, នយោបាយ, វប្បធម៌ និងជំនឿសាសនាដោយឡែក។ ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យាពីប្រទេសអភិវឌ្ឍន៍ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាការចាំបាច់ ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកលឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកបញ្ជាក់ថា៖«ជាមួយគ្នានេះ, យើងក៏គួរផ្តោតជាសំខាន់ ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការច្បាប់ផង និងវិធានការសេដ្ឋកិច្ចផងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ក្នុងនោះបានជំរុញ និងគាំទ្រទាំងបច្ចេកទេស និងធនធានដល់ប្រជាសហគមន៍ពង្រឹងការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ធ្វើការផ្គត់ផ្គង់គ្រួសារ និងធ្វើការនាំចេញនៅហ្នឹងកន្លែង ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន។
លោកបន្តថា៖ «បច្ចុប្បន្ននេះគឺជារបត់ថ្មីដ៏សំខាន់មួយដែលកម្ពុជាយើងពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន និងបាននិងកំពុងលុបបំបាត់ទស្សនៈថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក«រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ។»
លោកគូសបញ្ជាក់ថា កាលដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕