មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះវិហារ​បាន​សម្រេច​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ​៩៥ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជ័យសែន ដោយសារ​ស្ថានភាព​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ (​ទឹកស្ទឹងសែន​) ហក់​ឡើង​ខ្លាំង​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​ ៧ ខែ​តុលា នេះ​បាន​ឱ្យ​ដឹងថា មន្ទីរ​បាន​សម្រេច​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៩៥ ក្នុង​ភូមិសាស្ត្រ​ស្រុក​ជ័យសែន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូត​ដល់​មាន​សេចក្តី​ជូន​ដំណឹង​សាជាថ្មី​។

មន្ទីរ​បាន​បញ្ជាក់​ថា៖ «​ដោយសារ​ស្ថានភាព​គ្រោះទឹកជំនន់​ទឹកភ្លៀង​ (​ទឹកស្ទឹង​សែន​) បាន​បន្ត​ឡើង​រហូត​ដល់​កម្រិត​ប្រកាសអាសន្ន​ធ្វើឱ្យ​ផ្លូវថ្នល់ ស្ពាន មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញ ធុន​ធ្ងន់​បានទេ​។ មន្ទីរ​សូម​ធ្វើ​ការបិទ​ចរាចរណ៍ ទាំងស្រុង​ជា​បណ្តោះអាសន្ន ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ នៅ​កំណាត់​ផ្លូវជាតិ​លេខ​ ៩៥»​។

ការផ្អាក​ចរាចរណ៍​ពី​កំណាត់​ផ្លូវជាតិ​លេខ​ ៩៥ គឺ​ចាប់ពី​ចំណុច​គីឡូម៉ែត្រ​លេខ​ ៤០ ដល់​គីឡូម៉ែត្រ​លេខ ​៤១ ស្ថិត​ក្នុង​ភូមិ​ពុទ្រា ឃុំ​ពុទ្រា ស្រុក​ជ័យសែន ដើម្បី​ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យ​បាក់ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរណ៍​ប្រកប​ដោយ​សុវត្ថិភាព​។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន និង​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់​នឹង​ចូលរួម​អនុវត្ត​ដោយ​ស្មារតី​យោគយល់ និង​សហការ​ជាមួយ​អាជ្ញាធរ​ ដោយ​ឈរលើ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ថែរក្សា​ផ្លូវថ្នល់ ស្ពាន ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង​៕