ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាបាននិយាយថា របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បង្ហាញតែពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល ដោយមិនបានមើលឃើញពីភាពវិជ្ជមានឡើយ។
នៅទីក្រុងហ្សឺណែវនាថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា ឆ្នាំ ២០២២ បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា បានចេញសេចក្តីថ្លែងការណ៍មួយក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិដោយអះអាងថា សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរ។
នៅក្នុងកិច្ចពិភាក្សាដដែល ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាបានឆ្លើយតបចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសថា ការរិះគន់ដែលលើកយកតែជ្រុងម្ខាងទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាការធ្វើឡើងដោយប្រាសចាកពីការពិត។
ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាបានសម្គាល់ថា៖ «សោកស្ដាយចំពោះរបាយការណ៍ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតលើទិដ្ឋភាពជាច្រើន ដោយមិនលើកឱ្យមានតុល្យភាពនូវអង្គហេតុ និងអង្គច្បាប់ ដែលផ្ដល់ដោយស្ថាប័នជាច្រើនរបស់រដ្ឋ ទោះបីជារដ្ឋាភិបាលផ្ដល់កិច្ចសហប្រតិបត្តិការពិតប្រាកដយ៉ាងណាក៏ដោយ។ អ្នករាយការណ៍ពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ»។
ជុំវិញរឿងនេះ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ថា មានការលើកឡើងច្រើនពីអង្គការសង្គមស៊ីវិល និងទាំងសហគមន៍អន្តរជាតិអំពីការប្រឈមនៃស្ថានភាពការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
អ្នកស្រី ចក់ សុភាព ថា៖ «យើងឃើញថាសេរីភាពបញ្ចេញមតិ ការជួបជុំរបស់ប្រជាពលរដ្ឋ ដោយសន្តិវិធី ឬការចងក្រងជាសមាគមត្រូវបានរឹតត្បិត។ ហើយខ្ញុំគូសបញ្ជាក់រួចហើយថា នៅក្នុងការតាមដានត្រួតពិនិត្យស្ដីពីស្ថានភាពសិទ្ធិមនុស្សជាសកល ក៏មានប្រទេសជាច្រើនបានផ្ដល់នូវអនុសាសន៍ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សផងដែរ ចឹងចំណោទ ថាតើយើងបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដែលប្រទេសទាំងអស់បានលើកឡើងឬនៅ?»។
អ្នកស្រីបន្ថែមថា ថ្មីៗនេះអ្នករាយការណ៍ពិសេសបានលើកឡើងនូវបញ្ហា និងអនុសាសន៍សំខាន់ៗ ដែលចាំបាច់មួយចំនួននៅក្នុងរបាយការណ៍បេសកកម្មរបស់លោក និងនៅពេលប្រជុំអង្គការសហប្រជាជាតិ ហើយអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលត្រូវតែធ្វើឱ្យប្រសើរឡើងក្នុងផ្នែកសិទ្ធិមនុស្ស។
យោងតាមរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសបានចាប់យកចំណុចសំខាន់ៗជាច្រើន រួមទាំងការបោះឆ្នោតឃុំសង្កាត់នាពេលថ្មីៗនេះ ហើយបានបង្កើតនូវគោលសំខាន់ៗ ដើម្បីជួយពន្លឿនការអនុវត្តសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ដោយលោកសង្កត់ធ្ងន់លើអនុសាសន៍ថា រដ្ឋាភិបាលត្រូវ៖ កែតម្រូវភាពមិនស្របគ្នាទាក់ទងនឹងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ធានាឱ្យមានប្រព័ន្ធពហុបក្សពិតប្រាកដ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការត្រួតពិនិត្យ និងតុល្យភាពប្រឆាំងនឹងការរំលោភបំពានអំណាច និងការធានាសម្រាប់ការចូលរួមរបស់ប្រជាជន និងអំណាចរួម សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២៣។ ហើយនិងដោះលែងអ្នកការពារសិទ្ធិមនុស្ស អ្នកប្រឆាំងនយោបាយ អ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតស៊ូមតិដទៃទៀតនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទម្លាក់សំណុំរឿងរបស់តុលាការប្រឆាំងនឹងពួកគេ និងបញ្ឈប់ពីការយាយី ឬវាយប្រហារពួកគេជាដើម៕