តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក កម្រិតនៃការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាមិនខុសគ្នាប៉ុន្មាននោះទេ បើធៀបទៅនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងឡាវ។ ពលរដ្ឋកម្ពុជាក្នុងម្នាក់ ប្រើប្រាស់គ្រឿងស្រវឹងជាមធ្យម ៧,៨៤ លីត្រ ក្នុង ១ ឆ្នាំ។
របាយការណ៍ដដែលបានបង្ហាញថា បុរសប្រើប្រាស់គ្រឿងស្រវឹងច្រើនជាងស្ត្រី គឺរហូតដល់ទៅ ១២,៩ លីត្រក្នុងមួយឆ្នាំ ខណៈដែលស្ត្រីប្រើប្រាស់ត្រឹមតែ ៣,២១ លីត្រ ក្នុង ១ ឆ្នាំតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលបានបង្ហាញការព្រួយបារម្ភអំពីបញ្ហាជាច្រើនដែលកើតមានឡើងបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
លោក យ៉ុង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានមានប្រសាសន៍ថា៖ «កម្រិតនៃការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជាស្ថិតក្នុងអត្រាខ្ពស់។ ហើយគ្រឿងស្រវឹងនេះ បានជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ដល់សង្គមជាតិទាំងមូល។ ជាក់ស្ដែងដូចជា បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ការកើនឡើងនៃជំងឺមិនឆ្លង និងហិង្សាក្នុងគ្រួសារ»។
លោកបានថ្លែងបញ្ជាក់បន្ថែមថា៖ «ប្រទេសជិតខាង គេផឹកដែរ ប៉ុន្តែគេមានច្បាប់ត្រឹមត្រូវដើម្បីរឹតបន្តឹង ហើយបញ្ហានេះ ដើម្បីអាចកាត់បន្ថយបាន លុះត្រាតែរាជរដ្ឋាភិបាលកម្ពុជាត្រូវពន្លឿនការអនុម័តច្បាប់ស្តីពីគ្រប់គ្រងគ្រឿងស្រវឹង និងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព»។
ទន្ទឹមនឹងនេះផងដែរ លោកស្រី ផាត សុរី មានមុខរបរជាអ្នកលក់ដូរគ្រឿងឧបភោគ ក៏បានលើកឡើងថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងកម្រិតមួយធ្ងន់ ព្រោះបើមើលប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពីភូមិមួយទៅភូមិមួយ ឃើញមានការប្រជុំគ្នាផឹកស៊ីរៀងរាល់ថ្ងៃ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការប្រកបរបររកស៊ី ខាតបង់ថវិកាគ្រួសារ ការឈ្លោះប្រកែកគ្នា ពេលខ្លះអាចដល់ថ្នាក់កាប់សម្លាប់គ្នាក៏មានដែរ»។
លោកស្រីបានបន្ថែមទៀតថា៖ «ក្មេងៗដែលមានអាយុទើបតែ ១៥ ឆ្នាំឡើងទៅ ចាប់ផ្ដើមចេះដើរផឹកស្រាបណ្ដើរៗ មើលទៅមានវ័យក្មេងៗទេ ចឹងហើយវាធ្វើឱ្យប៉ះពាល់ដល់ការសិក្សា។ ក្មេងខ្លះឈប់រៀនដោយសារការសប្បាយផឹកស៊ីជាមួយមិត្តភក្ដិជ្រុល»។
លោកស្រីក៏បានរំលេចអំពីទុក្ខលំបាកក្នុងគ្រួសាររបស់លោកស្រីផ្ទាល់ ដោយសារតែប្ដីរបស់លោកស្រីក៏ជាអ្នកដែលចូលចិត្តពិសាគ្រឿងស្រវឹងច្រើន និងតែងតែបង្កជម្លោះ ដូច្នេះ កត្តានេះបានប៉ះពាល់ដល់ការផ្គត់ផ្គង់ជីវភាពគ្រួសារ បណ្ដាលឱ្យបន្ទុកគ្រួសារមួយផ្នែកធំត្រូវបានធ្លាក់មកលើលោកស្រី។
លោកស្រីក៏បានសំណូមពរសូមឱ្យភាគីពាក់ព័ន្ធជួយសម្រួលកុំឱ្យមានការផលិតគ្រឿងស្រវឹងច្រើន គឺផលិតក្នុងកម្រិតណាមួយល្មម ដើម្បីទុកទទួលទានម្ដងម្កាល ពោលគឺក្នុងឱកាសពិសេសណាមួយ។
កញ្ញា ខា ស្រីលីន ជានិស្សិតទើបបញ្ចប់បរិញ្ញាបត្រនីតិសាស្ដ្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បានយល់ឃើញថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងគឺជាកត្តារួមចំណែកដល់ការកើនឡើងនូវចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយសារពលរដ្ឋភាគច្រើន នៅពេលដែលគាត់ផឹកស្រវឹងហើយបើកបរ វាធ្វើឱ្យគាត់បាត់បង់ស្មារតីអំឡុងពេលបើកបរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានធ្វើឱ្យខាតបង់ថវិកាដែលការចំណាយនេះពុំទទួលបានប្រយោជន៍អ្វីមកវិញទេ»។
កញ្ញាបានបន្ដទៀតថា ការពិសាគ្រឿងស្រវឹងបានធ្វើឱ្យមានការរំលោភបំពានផ្លូវភេទ និងធ្វើឱ្យមនុស្សលែងដឹងការខុសត្រូវ។ ការណ៍នេះនឹងធ្វើឱ្យបាត់បង់ធនធានមនុស្សនៅកម្ពុជា ធ្លាក់ចុះនូវការអប់រំ និងវប្បធម៌ ព្រោះតែប្រជាពលរដ្ឋរវល់តែសប្បាយជាមួយគ្រឿងអបាយមុខទាំងអស់នេះ។
និស្សិតទើបបញ្ចប់បរិញ្ញាបត្ររូបនេះ ក៏បានផ្ដល់ជាមតិក្នុងការកាត់បន្ថយបញ្ហានេះថា ដើម្បីអាចលុបបំបាត់ការនិយមប្រើប្រាស់គ្រឿងស្រវឹងនេះ សូមឱ្យភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាលបង្កើតច្បាប់កំណត់តម្លៃនៃការប្រកបអាជីវកម្មគ្រឿងស្រវឹងឱ្យខ្ពស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្លាចរអាក្នុងការទិញយកទៅពិសា។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលក៏គួរកំណត់ចំនួនផលិតគ្រឿងស្រវឹងឱ្យបានជាក់លាក់នៅតាមរោងចក្រ ដើម្បីអាចកាត់បន្ថយចរាចរណ៍គ្រឿងស្រវឹង។
គួរបញ្ជាក់បន្ថែមផងដែរថា ការធ្វើចរាចរណ៍នាំចេញ នាំចូល និងផលិតគ្រឿងស្រវឹងជាច្រើនប្រភេទ ជាពិសេសផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រានៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងជាគំហុក។ ហើយការប្រើប្រាស់គ្រឿងស្រវឹងបានក្លាយជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋកម្ពុជា ដែលយើងអាចសង្កេតមើលឃើញថានៅពេលមានពិធីបុណ្យទាន ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីឡើងគេហដ្ឋានថ្មី ពិធីខួបកំណើត ពិធីជប់លៀង និងពិធីផ្សេងៗទៀតតែងតែប្រព្រឹត្តទៅដោយការទទួលទានគ្រឿងស្រវឹង៕
វីដេអូ៖