ភ្នំពេញៈ លោក ស្រី Jung H. Pak ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការពហុភាគីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយប្រទេសនៅតំបន់ទន្លេមេគង្គជាទ្វេភាគី ដើម្បីជំរុញការតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកស្រីបញ្ជាក់ដូច្នេះក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈជាមួយអ្នកជំនាញនៅតំបន់ទន្លេមេគង្គ ស្តីពីអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ ធុរកិច្ច និងថាមពលអាចប្រើប្រាស់ឡើងវិញ នាថ្ងៃទី ៨ ខែតុលា នៅក្នុងអំឡុងពេលនៃទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ៨ ខែតុលាថា៖ «លោកស្រីថែមទាំងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើការជាមួយប្រទេសនៅតំបន់ទន្លេមេគង្គជាទ្វេភាគី និងតាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក និងអង្គការ ស្ថាប័នដទៃទៀត នៅក្នុងតំបន់ ដើម្បីជំរុញកម្មវិធី និងសកម្មភាព ក្នុងការលើកកម្ពស់ការតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
ជាមួយគ្នានេះផងដែរ នៅក្នុងអំឡុងពេលនៃទស្សនកិច្ចនៅកម្ពុជា លោកស្រី Jung H. Pak ទទួលទស្សនកិច្ចពីអ្នកជំនាញមកពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរាំងស្ងួត និងទឹកជំនន់ប្រចាំតំបន់នៅឯគណៈកម្មការទន្លេមេគង្គ (MRC) នាថ្ងៃទី ៨ ខែតុលានេះផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា លោកស្រីបានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រសម្រាប់តំបន់របស់ MRC នៅក្នុងការដោះស្រាយបញ្ហាទឹកហូរឆ្លងប្រទេស ហើយបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពរបស់ MRC តាមរយៈការផ្តល់ជំនួយក្នុងការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស»។
ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា MRC មានតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលសកម្មភាពបន្ធូរបន្ថយគ្រោះទឹកជំនន់នៅក្នុងអាងទន្លេមេគង្គ នៅទូទាំងអនុតំបន់នេះ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការងាររបស់ MRC នៅក្រោមគម្រោងភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក៕