ភ្នំពេញៈ អង្គការទស្សនៈពិភពលោក (World Vision) បានបង្ហោះរបាយការណ៍ មួយដោយបានបង្ហាញពីឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យមានការកើនឡើងនូវទីផ្សារឌីជីថល នៃផលិតផលជំនួសទឹកដោះម្ដាយនៅក្នុងប្រទេសកម្ពជា ខណៈមានការរកឃើញចន្លោះប្រហោងមួយចំនួននៅក្នុងមាត្រា ១៣ នៃអនុក្រឹត្យលេខ ១៣៣ ទាក់ទងនឹងការរំលោភបំពានក្រមប្រតិបត្តិនេះតាមអនឡាញ។
របាយការណ៍របស់អង្គការទស្សនៈពិភពលោក ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គការនេះ នៅថ្ងៃទី ៨ តុលា បានឱ្យដឹងថា មានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ធ្វើទីផ្សារឌីជីផលផលិតផលជំនួសទឹកដោះម្ដាយដូចជា ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកដោយផ្ដោតលើបុគ្គលមានប្លុក (blogs) ឬវីឡុក (Vlogs) ទស្សនាវដ្តីអនឡាញ និងការលក់បញ្ចុះតម្លៃតាមអ៊ីនធឺណិតជាដើម។
តាមរយៈមាត្រា១៣ នៃអនុក្រឹត្យលេខ ១៣៣ ហាមឃាត់ការធ្វើទីផ្សារផលិតផលជំនួសទឹកដោះម្ដាយ នៅតាមកន្លែងដាក់លក់ ក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឬទីកន្លែងផ្សេងៗ។ នៅក្នុងការវិភាគដោយអង្គការសុខភាពពិភលោក(WHO) អង្គការយូនីសេហ្វ (UNICEF) និងស្ថាប័នផ្សេងទៀត អនុក្រឹត្យលេខ ១៣៣ មិនបានបញ្ជាក់អំពីការហាមឃាត់ ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានប្រាប់កាលពីថ្ងៃទី ៨ តុលាថា វិធានការរបស់ កបប ចំពោះការផ្សព្វផ្សាយផលិតផលណាដែលមានខ្លឹមសារខុសពីការរំពឹងទុករបស់អ្នកប្រើប្រាស់ គឺអាជ្ញាធរនឹងកោះហៅពួកគាត់មក។ ការផ្សាយបែបនេះ ពេលខ្លះខាង កបប មិនបានទទួលព័ត៌មាន ប៉ុន្តែត្រូវការទទួលបានបណ្ដឹងពីអ្នកប្រើប្រាស់ដែលស៊ែរនៅលើទំព័រហ្វេសប៊ុក ឬក៏គេហទំព័ររបស់អគ្គនាយកដ្ឋាន បន្ទាប់មកនឹងមានការចាត់វិធានការដោយមើលទៅតាមខ្លឹមសារដែលពួកគាត់ផ្សព្វផ្សាយ។
លោក ផាន អូនថា៖ «ប្រសិនបើម្ដាយនោះយកទៅប្រើប្រាស់ ដោយមិនបានពិនិត្យមើលជាក់ស្ដែង ដោយសារខ្មែរយើងឆាប់ជឿពេក ដូច្នេះអត់បានវាយតម្លៃទៅលើព័ត៌មានគ្រប់ហេតុផលដែលគេផ្សាយ ហើយគេអួតអ៊ីចឹងទៅ ហើយមានតម្លៃថោក»។
លោកបន្ថែមថា បន្ទាប់មកវាធ្វើឱ្យកុមារ ឬទារក ដែលបានប្រើប្រាស់ម្សៅទឹកគោះគោដែលខ្វះសារធាតុបំប៉ន ក្នុងរយៈពេល៣ខែ ទៅរយៈពេល ១ ឆ្នាំ គឺមានផលប៉ះពាល់ខ្លាំងមែនទែន ផ្នែកអាហារូបត្ថម្ភជាដើម។
លោកបញ្ជាក់ថា៖ «អ៊ីចឹងកុំឱ្យឆាប់ជឿពេក បើឃើញគេផ្សាយអ៊ីចឹង ឱ្យមានការពិចារណាសិន ពិចារណាហើយចាំសម្រេចចិត្តទៅទិញ បើមិនច្បាស់ទេអាចសួរអាជ្ញាធរពាក់ព័ន្ធ»។
លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ដ្រីនិងកុមារនៃសមាគមអាដហុក បានប្រាប់ថា នេះជាសិទ្ធិក្នុងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលក់ផលិតផលទឹកដោះគោ។
ប៉ុន្តែការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងនេះ ត្រូវតែប្រកបដោយការគិតគូរខ្ពស់ពីសុខភាពរបស់កុមារ ម្ដាយនិងទារក ហើយនិងមនុស្សជាតិជំនាន់ក្រោយ ពីព្រោះមានរបាយការណ៍ជាច្រើនរកឃើញថា ទឹកដោះម្ដាយមានគុណប្រយោជន៍ អត្ថប្រយោជន៍ខ្ពស់សម្រាប់កុមារ ហើយក៏វាជួយដល់សុខភាពរបស់ម្ដាយដែលបានបំបៅដោះកូនផងដែរ។
លោកស្រី មាស សាអ៊ីមបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ប្រសិនបើការផ្សាយដែលគិតពីសេដ្ឋកិច្ចរបស់ជាតិ គិតពីឧត្តមប្រយោជន៍របស់កុមារ គិតពីសុខភាពម្ដាយ និងទារក យើងគួរផ្សាយតែអ្វីដែលប្រកបដោយក្រមសីលធម៌ និងកុំឱ្យវាលេចធ្លោហួសហេតុពេក យើងគួរលើកទឹកចិត្តឱ្យមានការបំបៅកូនដោយទឹកដោះម្ដាយ ជាជាងការប្រើប្រាស់សារធាតុផ្សេងជំនួស»។
លោកស្រីបន្ថែមថា យើងស្នើសុំឱ្យស្ថាប័នដែលពាក់ព័ន្ធ មានការត្រួតពិនិត្យបន្ថែមទៀត ឱ្យបានត្រឹមត្រូវពេញលេញ ចំពោះការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពកុមារ ទាំងបច្ចុប្បន្ននិងតទៅអនាគត។
តាមរយៈរបាយការណ៍ឆ្នាំ ២០២២ របស់អង្គការសុខភាពពិភពលោក កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលសកម្មបំផុត ក្នុងការប្រើប្រាស់អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយផលិតផលជំនួសទឹកដោះម្ដាយ។ ការបង្ហោះវីដេអូអំពីរឿងរ៉ាវជីវិតរបស់អ្នកមាន ឥទ្ធិពល តារាល្បីត្រូវបានចែករំលែកបន្ត តាមរយៈប្រព័ន្ធផ្សាព្វផ្សាយសង្គម។
ការធ្វើដូច្នេះភ្ជាប់មុខបុគ្គលនោះ ទៅនឹងម៉ាកយីហោ មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយផលិតផលនៃម៉ាកយីហោនោះ អ្នកប្រើប្រាស់ក៏ងាយនឹងប្រកាន់យកជំនឿ អាកប្បកិរិយា និងឥរិយាបថ នៅពេលដែលពួកគេជឿថា ខ្លួននិងអ្នកមានឥទ្ធិពលនោះមានចំណូលចិត្ត គុណតម្លៃ និងចរិតលក្ខណៈដូចគា្ន។
សូមបញ្ជាក់ថា ភាគរយនៃកុមារនៅកម្ពុជាបានបៅទឹកដោះម្តាយទាំងស្រុងសម្រាប់រយៈពេល ៦ ខែដំបូងនៃជីវិតរបស់ពួកគេបានមានចំនួនថយចុះពី ៧៤ ភាគរយក្នុងឆ្នាំ ២០១០ មកត្រឹម ៥១ ភាគរយនៅឆ្នាំ ២០២១ (CDHS ២០១០-២០២១)៕