ភ្នំពេញៈរដ្ឋាភិបាលកម្ពុជាទទួលបានទាំងការសាទរផង និងការរិះគន់ផងពីសំណាក់មជ្ឈមណ្ឌលអ្នកឃ្លាំមើលសង្គម និងអ្នកជំនាញផ្នែកសិកម្មជុំវិញការបញ្ចប់តួនាទី លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈព្រះវាជក្រឹត្យកាលពីថ្ងៃទី ៨ តុលា ឆ្នាំ ២០២២ ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាចាត់ទុកថា ជារឿងមិនភ្ញាក់ផ្អើលទេចំពោះការដកលោក វេង សាខុន ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយលោកអះអាងថា លោក វេង សាខុន ជារដ្ឋមន្ត្រីដែលសមត្ថភាពនៅមានកម្រិតនៅឡើយ។
លោកថា៖ «ខ្ញុំយល់ថាវាជាការបង្ហាញគំរូមួយ សម្រាប់មន្ត្រីផ្សេងទៀតក្នុងការទទួលបន្ទុកកិច្ចការងារ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានៅពេលពួកគាត់ត្រូវបានជ្រើសរើសឱ្យទទួលខុសត្រូវលើវិស័យ។ មួយវិញទៀតគឺជាឱកាសផ្តល់ឱ្យឥស្សរជន អ្នកមានសមត្ថភាពផ្សេងទៀត ដើម្បីបង្ហាញថ្វីដៃ និងសមត្ថភាពដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ»។
តាមលោក ថេង សាវឿន វិស័យកសិកម្មបានធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមនិងទុក្ខលំបាកផ្សេងៗក្នុងការប្រកបមុខរបរ និងការលក់ដូរនិងការធ្វើកសិកម្មក្នុងប្រទេសកម្ពុជា។ តាមអ្វីដែលអ្នកជំនាញផ្នែកកសិកម្មរូបនេះកត់សម្គាល់គឺមុនពេលឈានទៅដល់ការដកតំណែងមួយនេះលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានព្រមានជាសាធារណៈម្តងរួចមកហើយ ហើយនេះក៏ជាសារត្រូវព្រមានលើមន្ត្រីសាធារណៈផ្សេងៗទៀតឱ្យមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។
រីឯលោក មាស នី អ្នកតាមដានបញ្ហាសង្គមបានបង្ហាញការយល់ឃើញថា៖ «ដំណោះស្រាយនានាក្នុងវិស័យកសិកម្មកន្លងមកនេះ ហាក់ដូចជា មិនមានដំណើរទៅមុខបានជាដុំកំភួន សូម្បីតែវិបត្តិទីផ្សារក៏មិនមានភាពរីកចម្រើន»។
អ្វីដែលលោក មាស នី មានការងឿងឆ្ងល់នោះគឺនីតិវិធីនៅក្នុងការដកតំណែងរដ្ឋមន្ត្រី ដែលធ្វើឡើងភ្លាមៗ។លោកថា៖ «បញ្ហានៅស្រុកយើង នៅតែជាបញ្ហាការដក ការអីអ៊ីចឹង ការដករដ្ឋមន្ត្រី ត្រូវធ្វើតាមសភាវិញ ដូចកាលរើសចូលយើងរើសជាកញ្ចប់ តែពេលដកចេញខ្ញុំមិនដឹងថាតួនាទីខាងណាជាអ្នកដក ខ្ញុំមិនយល់ដែរ»។
ក្រោយការដកតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្មភ្លាម ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី បានសម្រេចតែងតាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឱ្យរដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្មបន្ថែមពីលើតួនាទីបច្ចុប្បន្ន រហូតដល់រដ្ឋមន្ត្រីថ្មី ត្រូវបានប្រកាសចូលកាន់តំណែង។
បើតាមលោក មាស នី យល់ថា អាចជាបញ្ហានៃការមិនទុកចិត្តមន្ត្រីផ្ទៃក្នុងនៃក្រសួងកសិកម្មឬអាចថា ការសម្រេចនេះមានលក្ខណៈលឿនពេកដែលមិនទាន់អាចរកអ្នកណាចូលកាន់តំណែងនេះបាន។ តែសម្រាប់អ្នកតាមដានបញ្ហាសង្គមរូបនេះគឺក្រសួងសេដ្ឋកិច្ចមានកាត្វកិច្ចយ៉ាងសំខាន់នៅក្នុងពេលវេលាបច្ចុប្បន្ន ខណៈដែលពិភពលោកកំពុងប្រឈមនឹងការផ្លាស់ប្តូរ ជាពិសេសបញ្ហាអតិផរណា។ លោកថា បញ្ហានេះ អ្នកកាន់តួនាទីថ្មីនៃក្រសួងកសិកម្ម គួរណាស់តែមិនមែនជាអ្នកមានតួនាទីត្រួតគ្នា៕