សៀមរាបៈបន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់រួចមក លោក គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជុំជាមួយអាជ្ញាធរ និងមន្ទីរជំនាញពីខេត្តសៀមរាប និងកំពង់ធំនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ពីគោលការណ៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់ សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញបន្ទាប់ពីទឹកជំនន់ស្រក។
លោកថា វិស័យកសិកម្ម ជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា។ លោកបានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយធ្វើឱ្យមានការរងគ្រោះដោយទឹកជំនន់។
លោក គន់ គីមបញ្ជក់ថា៖ «ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករ មិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ»។
ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តកំពង់ធំ និងសៀមរាប នៅថ្ងៃទី ០៩ ខែតុលា មន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ខេត្តសៀមរាប មានស្រុកចំនួន ៩ បានរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ៣២ ៤៦៥ ហិកតា ស្មើនឹង ២៥ ៦២៣ គ្រួសារ ដោយដំណាំស្រូវខូចខាត មាន ២ ៧៨ ៣ហិកតា ខណៈទំហំការខូចខាតនេះ គ្រោងធ្វើការស្តារឡើងវិញ ជំហានដំបូង ១ ៥០០ ហិកតា។
របាយការណ៍ពីមន្ទីរកសិកម្មខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តនេះទឹកជំនន់ទឹកភ្លៀងបានបង្ករឱ្យមានផលប៉ះពាល់ដំណាំស្រូវសរុប ២៧ ៣៤៥ ហិកតា ខូចខាត ៩ ៥០០ ហិកតា ក្នុងនោះមានពលរដ្ឋរងគ្រោះចំនួន ១៥ ២២៣ គ្រួសារ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតមកដល់ថ្ងៃទី០៨ខែតុលា ខេត្តចំនួន២២ កើតមានជំនន់ភ្លៀង ដែលទឹកបានជន់លិចនៅតាមបណ្ដាស្រុកចំនួន៧៦ បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ ជម្លៀសពលរដ្ឋរាប់រយគ្រួសារទៅកាន់ទីសុវត្ថិភាព ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈដែលសាលារៀនមួយចំនួនត្រូវបានបិទទ្វារបណ្ដោះអាសន្ន។
ជំនន់ទឹកភ្លៀងបានជន់លិច ដំណាំស្រូវគ្រប់ប្រភេទជាង១សែន៥ម៉ឺនហិកតា និងដំណាំរួមផ្សំប្រមាណជាង ៤ ម៉ឺន ១ ពាន់ហិកតា៕