
សិស្សសាលារៀន ១ នៅខេត្តកំពង់ធំ អង្គុយអានសៀវភៅ។ រូប ហ្វេសប៊ុក
ភ្នំពេញៈ ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្ស និងធនធានមនុស្សរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី ១១ មីនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអំណានខណៈអ្នកជំនាញលើកឡើងថា ដើម្បីបណ្ដុះទម្លាប់អាន និងការសិក្សាពេញ ១ ជីវិត គឺត្រូវបណ្ដុះទម្លាប់អានតាំងពីថ្នាក់បឋម។
តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន ដោយរៀបចំការអានជាសកល និងការប្រកួតប្រជែងលើ ៣ វិញ្ញាសា គឺការអានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធ ដើម្បីទទួលពានរង្វាន់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផងដែរ។
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ក្រសួងអប់រំ បានប្រារព្ធទិវាជាតិអំណានលើកទី៧ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល»។ ការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សនិស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ និងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ការសិក្សាពេញ ១ ជីវិតសម្រាប់ទាំងអស់គ្នា។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ ថ្លែងថា ក្រសួងអប់រំ បានជំរុញ និងលើកកម្ពស់ការអានក្នុងកម្មវិធីសិក្សានៅគ្រប់ភូមិសិក្សា ពិសេសកម្មវិធីអំណានដំបូង និងគណិតវិទ្យាដំបូងនៅបឋមសិក្សា។ លោកបន្តថា៖ «ក្រសួងបានជំរុញការអាននៅតាមបណ្ណាល័យ លើកកម្ពស់ការអានគ្រប់កន្លែង និងសេវាបណ្ណាល័យ ព្រមទាំងអភិវឌ្ឍបណ្ណាល័យ ទាំងបណ្ណាល័យសាលារៀន និងបណ្ណាល័យចល័ត»។
លោក សុវាចា បានឱ្យដឹងថា អ្នកសិក្សា និងភាគីពាក់ព័ន្ធមានចំណូលចិត្តអានផ្សេងៗគ្នាប្រកបដោយលក្ខណៈរីកចម្រើនគួរឱ្យកត់សម្គាល់ដូចជាអានតាមបែបប្រពៃណី និងអានលើឧបករណ៍បច្ចេកវិទ្យាដូចជា កុំព្យូទ័រ ទូរស័ព្ទដៃឆ្លាតវៃ តាមរយៈបណ្តាញសង្គមតាមតេឡេក្រាមជាដើម។
លោកថ្លែងថា៖ «ក្រសួងអប់រំ បាននិងបន្តជំរុញការអភិវឌ្ឍបណ្ណាល័យសតវត្សរ៍ទី២១»។
បើតាមលោក សុវាចា ស្ថិតិបណ្ណាល័យសាលារៀនចំណេះទូទៅសាធារណៈរបស់រដ្ឋទូទាំងប្រទេស ត្រឹមឆ្នាំ ២០២១-២០២២ សម្រាប់បឋមសិក្សាមានចំនួន ៤ ១៤៨ បណ្ណាល័យ។ អនុវិទ្យាល័យមានចំនួន ៧០៨ បណ្ណាល័យ និងវិទ្យាល័យមានចំនួន ៥២៥ បណ្ណាល័យ។
លោកបញ្ជាក់ថា ស្ថិតក្នុងគោលបំណងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងតែងនិពន្ធ រាជរដ្ឋាភិបាលបាន ចេញអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៥ ដែលបានកំណត់យកថ្ងៃទី ១១ មីនា ជាថ្ងៃប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះរាជរដ្ឋាភិបាលបានចេញសារាចរស្តីពីការប្រារព្ធទិវាជាតិអំណានលេខ ០២ សរ. ចុះថ្ងៃទី ២៥ ខែកុម្ភ:ឆ្នាំ ២០១៩ ស្តីពីការអនុវត្តតាមអនុក្រឹត្យប្រកបដោយប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «ក្រសួងអប់រំ បានរៀបចំការប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន ដោយមានការរៀបចំ ការអានជាសកល និងការប្រកួតប្រជែងលើ ៣ វិញ្ញាសា គឺការអានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធ ដើម្បីទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន»។
លោកហោ សុខៈ នាយកកម្មវិធីអំណាន និងជាអ្នកជំនាញខាងអំណាននៃអង្គការ Room to Read ប្រចាំកម្ពុជា បានឱ្យដឹងថា ការអាន គឺមានសារៈសំខាន់ណាស់ ពិសេសសម្រាប់កុមារតូច ដែលកំពុងសិក្សាបឋមសិក្សាថ្នាក់ទី១ ឬថ្នាក់ទី២។
លោកថ្លែងថា៖ «បើសិនជាយើងមិនអាចជួយកុមារតូចនៅថ្នាក់ទី១ ឬថ្នាក់ទី២ ឱ្យចេះអានទេ មានន័យថា ក្នុង ១ ជីវិតរបស់គាត់មិនអាចប្រើប្រាស់ជីវិតឱ្យស្រស់បំព្រងបានទេ ពីព្រោះពួកគេមិនអាចប្រើប្រាស់ការអានដើម្បីអភិវឌ្ឍអាជីពឬក៏អភិវឌ្ឍខ្លួនទៅមុខបានប្រសើរឡើយ»។ បើសិនជាជួយឱ្យកុមារឱ្យចេះអានតាំងតូចទៅ ពេលដល់វ័យកុមារធំធាត់ចូលសិក្សាថ្នាក់ខ្ពស់ជាបន្តបន្ទាប់ទៀត គឺការអាននេះកាន់តែមានសារៈសំខាន់សម្រាប់ពួកគេ ពីព្រោះពួកគេចេះអាន គឺអាចប្រើប្រាស់ការអាននេះ សិក្សាស្រាវជ្រាវ ដើម្បីក្លាយទៅជាអ្នកសិក្សាពេញ ១ ជីវិត ស្របទៅនឹងទិសដៅនៃការអប់រំក្នុងសតវត្សរ៍ទី២១ នេះ។
លោកថ្លែងថា ដើម្បីជំរុញការអាន និងសរសេរដល់កុមារ ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន អង្គការ Room to Read បានជួយកុមារលើការអាន និងសរសេរបានជាង ២ លាននាក់ឱ្យចេះអាន ដោយបានបង្កើតបណ្ណាល័យស្ដង់ដានៅតាមសាលារៀនទូទាំងប្រទេសកម្ពុជាចំនួន ២ ១២១ បណ្ណាល័យ ខណៈបច្ចុប្បន្នអង្គការកំពុងប្រតិបត្តិការលើការជំរុញការអាន និងសរសេរតាមសាលារៀនជាង ២០០ សាលារៀនទៀត។
បើតាមលោក សុខៈ ក្នុងសម័យកាលកូវីដ ១៩ ដែលសាលារៀនបានផ្អាកបណ្ដោះអាសន្នជាបន្តបន្ទាប់ អង្គការ Room to Read ក៏បានប្រមូលទិន្នន័យសិស្សដែលបានខ្ចីសៀវភៅពីបណ្ណាល័យ ហើយសងមកបណ្ណាល័យវិញ គឺក្នុងសិស្ស ម្នាក់ បានខ្ចីសៀវភៅ ៤,២ ក្បាល។ ដូច្នេះដើម្បីជំរុញការអាន និងសរសេរដល់កុមារចាប់តាំងពីឆ្នាំ ២០០៣ រហូតមក អង្គការ Room to Read បានតាក់តែង និងនិពន្ធសៀវភៅសម្រាប់ជំរុញការអានដល់កុមារបានចំនួន ៣៥០ ចំណងជើងដោយបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
អង្គការ Room to Read ក៏បានសហការជាមួយក្រសួងអប់រំ ក្នុងការជំរុញការអាន និងសរសេរ ដោយរៀបចំជាកញ្ចប់អំណានបន្ថែមហើយមកដល់បច្ចុប្បន្ននេះ ក្រសួងអប់រំពង្រីកកញ្ចប់អំណាននេះទៅដល់ ១៨ រាជធានី-ខេត្ត ។
លោកស្រី ប៊ុណ្ណា សុសីហនាដ ប្រធានជាន់ខ្ពស់កម្មវិធីអប់រំកុមារី នៃអង្គការ Room to Read ឱ្យដឹងថា ដើម្បីជំរុញការអាន និងសរសេរដល់កុមារ អង្គការ បានធ្វើសកម្មភាពសំខាន់ៗចំនួន ២ គឺទី១ សកម្មភាពជជែកដេញដោលដែលជាទូទៅកុមារតែងតែព្យាយាមអាន ស្រាវជ្រាវ និងដកស្រង់ចំណេះដឹងពីបណ្ណាល័យ និងប្រព័ន្ធអនឡាញរួមនឹងការចែករំលែកឯកសារសំខាន់ៗពីមន្ត្រីរបស់អង្គការផងដែរ។ សកម្មភាព ទី២ គឺជំរុញក្លិបសិក្សាដោយប្រធានក្រុម ឬអ្នកដឹកនាំក្លិបសិក្សាត្រូវធានាថា ពូកែស្រាវជ្រាវរកប្រភពឱ្យបានច្បាស់លាស់ពីកន្លែងផ្សេងៗ ដើម្បីយកមកចែករំលែកដល់សមាជិកក្រុមរបស់ខ្លួន។
លោកស្រីថ្លែងថា៖ «សកម្មភាពទាំង ២ នេះ បានជំរុញឱ្យកុមារព្យាយាមអាន និងស្រាវជ្រាវច្រើនជាងមុនជាពិសេសសិស្សដែលជាអ្នកដឹកនាំ»។
លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ និងជាអនុប្រធាននាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការអាន គឺមានសារៈសំខាន់ណាស់ បើគ្មានសារៈសំខាន់ មិនមែនរាជរដ្ឋាភិបាល និងក្រសួងអប់រំ ខិតខំបង្កើតបណ្ណាល័យជាច្រើននៅតាមសាលារៀន និងសាកលវិទ្យាល័យនោះទេ។
លោកស្រីថ្លែងថា៖ «ការអានគឺចាំបាច់សម្រាប់មនុស្សគ្រប់វ័យទាំងអស់តាំងពីកូនក្មេង រហូតដល់មនុស្សចាស់ សូម្បីទារកនៅក្នុងពោះក៏ត្រូវមានទម្លាប់អានឱ្យពួកគេរៀនស្ដាប់តាំងពីនៅក្នុងផ្ទៃម្ដាយដែរ ដើម្បីបង្កើតទម្លាប់អាន មិនមែនមានស្មាតហ្វូនប្រើភ្លេចការអាននោះទេ»។
លោក ហេង ឧត្ដម និស្សិត កំពុងបន្តការសិក្សានៅប្រទេសបារាំង ជាអ្នកចូលចិត្តការអានថ្លែងថា ការអានគឺមិនសប្បាយដូចជាដើរលេងកម្សាន្ត ឬជួបជុំមិត្តភក្ដិទេ ប៉ុន្ដែការអានបានផ្ដល់លទ្ធភាព និងឱកាសជាច្រើនដល់យុវជន។ ឧត្តមបញ្ជាក់ថា៖ «ការអាន អត់សប្បាយដូចផឹកទេ។ តែបើអានច្រើន គឺអាចនឹងឱ្យមានលទ្ធភាពផឹកបានច្រើន។ តែបើផឹកច្រើនពីក្មេង គឺច្បាស់ជាគ្មានឱកាសអានច្រើនទេ»៕