ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិនមែនជាស្ថាប័ននយោបាយទេ ប៉ុន្តែជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ ដូច្នេះ ខ្លួននឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ តាមគន្លងច្បាប់ និងរដ្ឋធម្មនុញ្ញ។ នេះជាការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃ គ.ជ.ប.។
លោកអះអាងបែបនេះ នៅថ្ងៃទី ៩ តុលា ពោលគឺ ២ ថ្ងៃ បន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែតុលា បានសម្រេចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឈ្នះក្ដីក្នុងសំណុំរឿងប្ដឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ ជាសាធារណៈ។ លោក ឌឹម សុវណ្ណារុំ ថ្លែងថា សម្រាប់ គ.ជ.ប. សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពិតជាបានផ្ដល់យុត្តិធម៌ ភាពស្អាតស្អំ កិត្តិយស និងសេចក្ដីថ្លៃថ្នូរជូន គ.ជ.ប.។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា៖ «តុលាការបានច្រានចោលការចោទប្រកាន់របស់ជនជាប់ចោទឈ្មោះ សុន ឆ័យ និងបានរកឃើញថា ការចោទប្រកាន់របស់គាត់មកលើ គ.ជ.ប. គឺគ្មានភ័ស្តុតាង និងការពិត»។
លោកបញ្ជាក់ដែរថា គ.ជ.ប.មិនមែនជាស្ថាប័ននយោបាយទេ តែជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់។ ហេតុដូច្នេះ គ.ជ.ប. គ្មានជម្រើសអ្វីក្រៅពីបន្តបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ តាមគន្លងច្បាប់ និងរដ្ឋធម្មនុញ្ញនោះឡើយ។ លោក សុវណ្ណារុំ ថ្លែងថា៖ «ក្នុងកិច្ចការបោះឆ្នោត គ.ជ.ប. មិនអាចធ្វើតែម្នាក់ឯងបានទេ គ.ជ.ប.ត្រូវការកិច្ចសហការពីដៃគូពាក់ព័ន្ធទាំងអស់»។
គួររំឭកថា សំណុំរឿងប្ដឹងផ្ដល់ឡើងដល់តុលាការ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រឆាំងនឹងលោក សុន ឆ័យ កើតឡើងដោយសារតែបទសម្ភាសមួយរបស់លោក សុន ឆ័យ ផ្ដល់ដល់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២។ ក្នុងបទសម្ភាសលោកសុន ឆ័យ បានចោទថា មានការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ លោក សុន ឆ័យ បានប្រៀបប្រដូចការបោះឆ្នោតនេះ ទៅនឹងការលួចគោ លួចក្របី។
ដើម្បីចៀសវាងកុំឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ ទើប គ.ជ.ប. ដែលតំណាង ដោយលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប. និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. បានតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងរឿងក្តីនេះ។ បណ្ដឹងប្រឆាំងនឹងលោក សុន ឆ័យ ក្នុងរឿងដដែលនេះ ក៏មានដើមបណ្តឹង ពីសំណាក់គណបក្សប្រជាជនកម្ពុជាផងដែរ។
នៅថ្ងៃទី ៧ ខែតុលា សាលាដំបូងរាជធានីភ្នំពេញបានប្រកាស សាលក្រមរបស់ខ្លួន ច្រានចោលការចោទប្រកាន់របស់លោក សុន ឆ័យ និងទទួលយកសំណូមពរ របស់ដើមបណ្ដឹងរដ្ឋប្បវេណី គ.ជ.ប.។ តុលាការបានពិនិត្យឃើញថា ការអះអាងរបស់លោក សុន ឆ័យ មិនមែនជាការពិត និងមានការទម្លាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់ស្ថាប័នជាតិ ហើយអំពើរបស់លោក សុន ឆ័យ ដែលជាជនជាប់ចោទ បានធ្វើឱ្យខូចខាតសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម។
សាលក្រមតុលាការបង្គាប់ឱ្យលោក សុន ឆ័យ ចាំបាច់ធ្វើលិខិតសុំទោសស្ថាប័ន គ.ជ.ប.ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈរយៈពេល ២ ខែ ដើម្បីស្ដារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ គ.ជ.ប.។ បន្ថែមពីនេះ សាលាដំបូងរាជធានីភ្នំពេញសម្រេច ផ្ដន្ទាទោសលោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩ លានរៀលគត់ ដើម្បីបង់ចូលថវិកាជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងផ្ដន្ទាទោសបន្ថែមតាមបញ្ញត្តិមាត្រា ៥៣ និង ៣១០ នៃក្រមព្រហ្មទណ្ឌ។
សេចក្ដីសម្រេចផ្ដន្ទាទោសនេះត្រូវបិទផ្សាយនៅទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទ នៅសាលាសង្កាត់ នៃលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោតឃុំ-សង្កាត់ រាជធានី-ខេត្ត នៅបញ្ជរព័ត៌មាន និងនៅតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈពេល ៨ ថ្ងៃ ដោយការចំណាយ ជាបន្ទុករបស់ជនជាប់ចោទ។
ចំពោះបណ្ដឹងពីគណបក្សប្រជាជនកម្ពុជាវិញ តុលាការបានបង្គាប់ឱ្យលោក សុន ឆ័យ បង់ថវិកាចូលរដ្ឋចំនួន ៨ លានរៀល និងសងសំណងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន ៣ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៧៥ ម៉ឺនដុល្លារ៕