ភ្នំពេញៈ ឯកសារនៃដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ១ ៤០០ ត្រូវបានលោកស្រី ម៉ាទីន ចាកឃ្វីន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម បរិច្ចាគដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលការបរិច្ចាគនះ គឺជាសក្ខីភាពនៃជំហានឆ្ពោះទៅមុខ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនអត្ថប្រយោជន៍របស់ដើមបណ្ដឹងរដ្ឋប្បវេណី, ជនរងគ្រោះ និងសមាជិកគ្រួសារ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី ១០ ខែតុលា បានឱ្យដឹងថា លោកស្រី ម៉ាទីន ចាកឃ្វីន មេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្រុមទី៣ បានធ្វើការបរិច្ចាគ នូវឯកសាររហូតដល់ ១ ៤០០ ច្បាប់ ដល់បណ្ណសារដ្ឋានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «មជ្ឈមណ្ឌលឯកសារកម្ពុជា រំពឹងយ៉ាងមុតមាំ ក្នុងការធ្វើការជាមួយដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ៗ, ជនរងគ្រោះ, សមាជិកគ្រួសារដែលមានរស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ដើម្បីសម្របសម្រួលដល់ការវិភាគ ការចែកផ្សាយជូនសាធារណជនលើឯកសារជាក់លាក់ និងការប្រើប្រាស់ទូលំទូលាយជាងនេះក្នុងការអប់រំនិងការស្រាវជ្រាវ លើឯកសារប្រវត្តិសាស្ត្រដែលបង្កប់ព័ត៌មានដ៏វិសេសវិសាល ប៉ុន្តែមានសារប្រយោជន៍មហិមានេះ»។
យុត្តិធម៌មិនគួរ ឬមិនអាចបញ្ចប់ទៅនៅពេលដែលតុលាការចេញសេចក្តីវិនិច្ឆ័យទោសចុងក្រោយទេ។
ការសម្របសម្រួលដល់ការវិភាគនានា និងការផ្សព្វផ្សាយនូវព័ត៌មានជាក់លាក់ ក៏ដូចជាការប្រើប្រាស់បន្ថែមក្នុងគោលបំណងអប់រំ និងការចែកចាយឯកសារទាំងអស់នេះ សបញ្ជាក់អំពីជំហានឆ្ពោះទៅមុខបន្ទាប់ ដើម្បីធ្វើឱ្យកម្ពុជាឈានទៅសម្រេចបាននូវយុត្តិធម៌ពិតប្រាកដសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងទៀតថា៖ «ការបរិច្ចាគឯកសារនេះ គឺជាសក្ខីភាពនៃជំហានឆ្ពោះទៅមុខ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនអត្ថប្រយោជន៍របស់ដើមបណ្ដឹងរដ្ឋប្បវេណី, ជនរងគ្រោះ និងសមាជិកគ្រួសារដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីធានាថា យុត្តិធម៌មិនមែនបញ្ចប់ទៅនៅពេលដែលតុលាការខ្មែរក្រហមបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួនទេ»។
សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ ១៩៩៥ មក មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើន ក្នុងការដាក់ពាក្យបណ្តឹងនិងប្រមែប្រមូលចងក្រងសាច់រឿងនានា ដែលគាំពារដល់ការចងចាំជាសាធារណៈ ការអប់រំពីអំពើប្រល័យពូជសាសន៍ និងការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ឬសាលាក្តីខ្មែរក្រហម)។
ទាក់ទងនឹងការផ្តល់ឯកសារនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នេះជាសិទ្ធិរបស់មេធាវីដែលគាត់អាចផ្តល់ឱ្យអ្នកណាក៏បាន ដោយសារវាជាបណ្ណសារផ្ទាល់ខ្លួន ជាសំណុំឯកសាររបស់គាត់ដែលគាត់មានទាក់ទងនឹងការការពារក្តី។
លោកបានថ្លែងថា៖ «គាត់អាចផ្តល់ជូនបានដែលវាជាឯកសារផ្ទាល់ខ្លួន ពីព្រោះនៅតុលាការសម្រាប់យើងឯកសារទាំងនោះយើងក៏មានដែរ ហើយយើងបានចាត់ថ្នាក់ជាឯកសារសាធារណៈ ឯកសារសម្ងាត់ និងឯកសារសម្ងាត់បំផុត ដែលគ្រប់គ្រងទៅតាមការងារតុលាការ។ ដូចនេះវាជាសិទ្ធិបុគ្គលផ្ទាល់ខ្លួនរបស់គាត់ក្នុងការផ្តល់ឯកសារទាំងនេះទៅស្ថាប័នណាមួយ»។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ដែរថា សម្រាប់តុលាការកំពុងតែបន្តកិច្ចការងាររបស់ខ្លួនក្នុងការអនុវត្តទៅលើការងារដែលនៅសេសសល់របស់តុលាការក្នុងរយៈពេល ៣ ឆ្នាំទៅមុខ គឺពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ដោយផ្តោតសំខាន់លើការគ្រប់គ្រងឯកសាររបស់តុលាការ ដើម្បីធានាដល់ការចូលមើលរបស់សាធារណជនក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់ពីប្រវត្តិសាស្រ្តរបស់កម្ពុជាប្រជាធិបតេយ្យ និងការកាត់ក្តីផ្សេងៗ។
លោកបានបន្ថែមទៀតថា៖ «យើងក៏ពង្រឹងទៅលើការងារអប់រំ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់សាលាក្តីខ្មែរក្រហមក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ ដល់សាធារណជនដែលយើងបានធ្វើកិច្ចការងារច្រើនក្នុងអំឡុងពេលនៃដំណើរការនីតិវិធីរបស់តុលាការនេះផងដែរ»៕