ភ្នំពេញៈ ក្រុមការងារស្រាវជ្រាវជីវចម្រុះអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា សហការជាមួយអ្នកជំនាញសត្វស្លាប បានកំណត់អត្តសញ្ញាណនូវសំឡេងសត្វស្លាបមួយចំនួននៅទីវាល តាមរយៈការវិភាគទិន្នន័យសត្វស្លាបដែលប្រមូលបានជិត ១០០ ប្រភេទ ដើម្បីចងក្រងជាឯកសារវិទ្យាសាស្ត្រ និងរបាយការណ៍បច្ចេកទេស។
អង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ការវិភាគទិន្នន័យសត្វស្លាប និងសំឡេងដែលទទួលបាននេះ គឺធ្វើឡើងនៅតាមទីវាល ស្ថិតក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល និងរបៀងជីវចម្រុះ។ អង្គការនេះ បានឱ្យដឹងបន្តថា ការវិភាគទិន្នន័យសត្វស្លាបដែលប្រមូលបាននេះ នឹងត្រូវចងក្រងជាឯកសារវិទ្យាសាស្ត្រ និងរបាយការណ៍បច្ចេកទេស ដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ។
អង្គការអភិរក្សអន្តរជាតិបានបញ្ជាក់ថា៖ «ក្រៅពីនេះ ក្រុមការងារបានចងក្រងឯកសារការចុះអង្កេតតាមដានជីវចម្រុះនៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល និងរបៀងជីវចម្រុះ និងបានធ្វើការពិភាក្សាជាមួយនាយកដ្ឋានឣភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបនៃក្រសួងបរិស្ថាន ក្នុងការស្វែងរកមតិយោបល់ ដើម្បីកែលម្អការងារបច្ចេកទេសឱ្យកាន់តែមានភាពប្រសើរឡើង និងការអនុញ្ញាត ព្រមទាំងកិច្ចសហការក្នុងការដំណើរការការចុះអង្កេតតាមដានជីវចម្រុះនៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល និងរបៀងជីវចម្រុះ»។
កញ្ញា ថោង រ៉េត មន្ត្រីសម្របសម្រួលផ្នែកជីវចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិដែលបានចុះសិក្សាដោយផ្ទាល់លើការធ្វើអង្កេតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ តុលាថា សត្វស្លាបដែលត្រូវបានប្រទះឃើញក្នុងតំបន់នេះ គឺមានមួយចំនួននៅមិនទាន់មានអត្តសញ្ញាណនៅឡើយទេ។
កញ្ញាបានឱ្យដឹងបន្តថា មកដល់ពេលនេះ ក្រុមអ្នកជំនាញ បានប្រទះឃើញសត្វស្លាបជិត ១០០ ប្រភេទ ខណៈសត្វមួយចំនួន ត្រូវបានស្គាល់អត្តសញ្ញាណ និងមួយចំនួនទៀត មិនទាន់ស្គាល់ដែលទាមទារឱ្យមានការធ្វើវិភាគច្បាស់លាស់ ដើម្បីកំណត់អត្តសញ្ញាណសត្វស្លាបទាំងនោះ។
កញ្ញាបានបន្តថា៖ «ខ្ញុំកំពុងតែធ្វើការវិភាគទិន្នន័យ។ មានសត្វស្លាបចំនួន ៩៧ ប្រភេទ ដែលយើងនឹងយកមកវិភាគទាំងសំឡេង និងមើលឃើញផ្ទាល់។ ប្រភេទសត្វមួយចំនួន ដោយសារតែក្រុមរបស់យើង មិនអាចធ្វើការកំណត់អត្តសញ្ញាណបាន ទើបការកំណត់តាមសំឡេង ត្រូវធ្វើឡើងជាមួយអ្នកជំនាញ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ តុលាថា ការអង្កេត និងកំណត់អត្តសញ្ញាណសត្វស្លាបក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាកិច្ចសហការរួមគ្នារវាងអង្គការអន្តរជាតិប្រចាំកម្ពុជា និងក្រសួងបរិស្ថាន។
លោកបន្តថា ការសិក្សានេះ គឺដើម្បីឱ្យបានដឹងពីប្រភេទសត្វស្លាប ដែលកំពុងរស់នៅក្នុងតំបន់នេះ បន្ទាប់ពីធ្លាប់ធ្វើអង្កេតតាំងពីឆ្នាំ ២០០០ មក។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នតំបន់នេះ មានការអនុវត្តគម្រោងឥណទានកាបូន ដែលទាមទារឱ្យមានការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ហ្នឹង ក៏ដូចជាសិក្សាឱ្យបានច្បាស់លាស់ថា មានប្រភេទសត្វអ្វីខ្លះរស់នៅក្នុងតំបន់ហ្នឹង? តើមានសត្វកម្រឬសត្វសម្បូរយ៉ាងណា ដើម្បីសិក្សាពីលក្ខណៈវិទ្យាសាស្ត្រ»។
កាលពីថ្ងៃទី ២៣ សីហា អង្គការអភិរក្សអន្តរជាតិ បានបង្ហាញថា សត្វស្លាបដែលក្រុមការងារបានជួបប្រទះក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺមានជិត ២០ ប្រភេទ ហើយភាគច្រើនគឺជាវត្តមានសត្វស្លាបដែលប្រឈមនឹងការជិតផុតពូជ។
អង្គការអភិរក្សអន្តរជាតិបានបង្ហាញថា សត្វទាំងនោះ គឺរួមមានសត្វប៉ោលតោក ប៉ោលតោកត្រចៀកខៀវ ប៉ោលតោកត្រចៀកបៃតង កេងកងធំ កេងកងតូច សត្វចំពុះមាស សត្វចំពុះធំកស ចេកទុំក្បាលខ្មៅ ចេកខៀវ ស្តេចកូលីត ចាបជៀបក្រហម ឬកន្ទោងពួចក្រហម ត្រដេវព្រៃ ចាបសួគ៌ាអាស៊ី ត្រសេះត្នោត ត្រសេះដំរី ល្វាចេកព្រៃ និងសត្វចេកខ្ចីស្លាបខៀវ។
កញ្ញា ថោង រ៉េត រំពឹងថា ការរកឃើញ និងការបង្ហាញវត្តមានសត្វស្លាបដ៏កម្រនៅក្នុងតំបន់នេះ នឹងចូលរួមចំណែកក្នុងការជំរុញដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យបញ្ឈប់ការបរិភោគសត្វស្លាប និងចូលរួមអភិរក្សសត្វស្លាបទាំងនេះឱ្យបានគង់វង្ស៕