ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) សម្រេចបន្តកិច្ចសហការចុះ MOU លើ «កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៣-២០២៧» ខណៈគម្រោងនេះជាផ្នែកមួយជំរុញសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកម្មវិធី “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១០ ខែតុលា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងអង្គការ អន្តរជាតិខាងការងារ រួមទាំងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។
រដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង ថ្លែងថា គម្រោងនេះចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០០១ មកដល់ឥឡូវនេះមានរយៈពេល ២១ ឆ្នាំ ដោយផ្តើមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកដែលពេលនោះបានផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយលក្ខខណ្ឌការងារដើម្បីនាំចេញផលិតផលកាត់ដេរស្បែកជើង ទៅអាមេរិក។
លោកបន្តថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក អាចនិយាយបានថា គម្រោងនេះ គឺបាននាំមកនូវជោគជ័យជាច្រើន រួមចំណែកក្នុងភាពជោគជ័យជាច្រើន ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ពិសេសកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង និងបន្ថែមផលិតផលធ្វើដំណើរ និងកាបូប ។
លោកថា៖ «គម្រោងនេះធ្វើឱ្យតម្លៃនៃការនាំចេញ ក៏ដូចជាចំនួនរោងចក្រសហគ្រាសចំនួនកម្មករ មានការកើនឡើង ដោយចាប់ផ្តើមចាប់ពីតិចតួច។ យើងដឹងហើយកាលពីឆ្នាំ ២០០០ ចំនួនរោងចក្រមានតិច មានប្រហែលពី ១០០ ទៅ ២០០ រោងចក្រ ចំនួនកម្មករមានពី ១០ ទៅ ២០ ម៉ឺននាក់ ប៉ុន្តែឥឡូវនេះរោងចក្រមានដល់រាប់ពាន់ ចំណែកចំនួនកម្មករឡើងដល់ជិត ១ លាននាក់ហើយតម្លៃនៃការនាំចេញមានរហូតដល់ ១៧ ពាន់លានដុល្លារ»។
លោកបន្ថែមថា ការសហការនេះ បានបង្ហាញពីគោលនយោបាយក៏ដូចជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវសិទ្ធិ សេរីភាព និងវិស័យការងារ ស្របទៅតាមច្បាប់ស្តីពីការងារ ក៏ដូចជាបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ណ្ណ និងបង្ហាញសារដល់អ្នកប្រើប្រាស់ទំនិញ ក៏ដូចជាក្រុមហ៊ុនបញ្ជាទិញពីកម្ពុជាថា ប្រភពទំនិញនៅកម្ពុជាមានការគោរពសិទ្ធិសេរីភាពរបស់កម្មករ ស្អាតស្អំ ដែលពេញនិយមក្នុងទីផ្សារ។
លោកថា៖ «ឆ្នាំ ២០២២ រយៈពេល ៩ ខែដូចគ្នា បើប្រៀបធៀបទៅឆ្នាំ ២០២១ មានកំណើនជាង ២៤ ភាគរយ។ អ៊ីចឹងមានន័យថា សម្ទុះនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពិតជាលឿនណាស់ដោយសារយើងមានការគាំទ្រ និងកិច្ចសហការជាមួយ“ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា”។
លោក បានឱ្យដឹងថា គម្រោងនេះ មានកម្មវិធីច្រើន តាមរយៈការចុះធ្វើអធិការកិច្ចការបណ្តុះបណ្តាលទាំងច្បាប់ បទដ្ឋានអន្តរជាតិ ការអភិវឌ្ឍសមត្ថភាពផ្នែកទំនាក់ទំនងវិជ្ជាជីវៈនិយោជក និងកម្មករនិយោជិត និងតំណាងអង្គការ កម្មករនិយោជិតនៅតាមសហគ្រាសគ្រឹះស្ថានឱ្យយល់ពីសារៈសំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក គង់ សាង មានប្រសាសន៍ថា ការចុះ MOU នេះជាវឌ្ឍនភាពជាប្រវត្តិសាស្រ្តមួយ ស្តីពីសមិទ្ធផល និងការប្តេជ្ញាចិត្តឥតងាករេ លើការកែលម្អ លក្ខខណ្ឌ ការងារ ជាបន្តបន្ទាប់សម្រាប់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា។ លោកថា៖ « រយៈពេលជាង ២០ ឆ្នាំមកនេះ យើងបានទទួលយកកម្មវិធីពិសេសរបស់អង្គការអន្តរជាតិខាងការងារនេះ គឺចក្ខុវិស័យច្បាស់លាស់ថា ការកែលម្អលក្ខខណ្ឌការងារ ជាបន្តបន្ទាប់គឺជាការងារសំខាន់មួយ នៅក្នុងចំណោមការងារសំខាន់ផ្សេងៗទៀត ដែលមានភាពជោគជ័យ»។
លោកគូសបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានមោទនភាព ដែលបានក្លាយជាសមាគមទី១ ក្នុងពិភពលោកដែលបានទទួលយកកម្មវិធីពិសេសរបស់ ILO ឱ្យមកតាមដានត្រួតពិនិត្យដោយឯករាជ្យលើរោងចក្រ និងធ្វើការរាយការណ៍ប្រកបដោយតម្លាភាព អំពីលទ្ធផល។ លោកថា៖ «ការប្តេជ្ញាចិត្តរបស់យើងចំពោះកម្មវិធីនេះ គឺនៅតែរឹងមាំ ហេតុដូច្នេះយើងមានសេចក្តីរីករាយដែលបានបន្តចុះ MoU នេះ ដើម្បីបន្តអនុវត្តកម្មវិធីនេះសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៅមុខទៀត»។
លោក Graeme Buckley នាយកការិយាល័យអង្គការពលកម្មអន្ដរជាតិខាងការងារ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ មានប្រសាសន៍ថា ការចុះ MoU ជាមួយរដ្ឋាភិបាលកម្ពុជានេះដើម្បីរួមគ្នាលើកកម្ពស់ការងារសមរម្យសម្រាប់កម្មកររាប់ម៉ឺននាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករនិយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន។
លោកបញ្ជាក់ថា៖ «គ្រប់ស្ថាប័នទាំងអស់មានគោលដៅ និងចក្ខុវិស័យដូចគ្នា លើការពង្រឹងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងឧស្សាហកម្មកាបូប និងកែលម្អលក្ខខណ្ឌការងារឱ្យ កាន់តែប្រសើរឡើង»។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ថ្លែងថា៖ «តាមការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកទៅអនុវត្ត និងរៀនសូត្របន្ថែម និងបានបង្កើនការទុកចិត្តពីបរទេសក្នុងការបញ្ជាទិញផលិតផលសំខាន់ៗពីកម្ពុជានៃវិស័យកាត់ដេរសម្លៀកបំពាក់»។
បើតាម លោក អ៊ិត សំហេង ការចុះ MoU នេះត្រូវបានធ្វើឡើងជាលើកទី ៨ ហើយ ហើយលើកនេះមានការកែទម្រង់ខុសពីលើកមុនៗបន្តិច ដោយសារមានការបន្ថែមពេលវេលា ពោលគឺពីមុនចុះ MoU ធ្វើឡើងរយៈពេល ៣ ឆ្នាំម្តង ប៉ុន្តែលើកនេះ ធ្វើឡើងរយៈពេល ៥ ឆ្នាំ៕