ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់លើការបង្កើតនូវក្រុមកាយរឹទ្ធិឱ្យបានគ្រប់ស្ថាប័នអប់រំ ដែលចាត់ទុកជាកម្លាំងស្នូលនៃសីលធម៌ ហើយលោកក៏បានអំពាវនាវឱ្យអតីតសិស្សជួយឧបត្ថម្ភដល់សាលាដែលពួកគេធ្លាប់សិក្សានោះផងដែរ។
ការអំពាវនាវនេះត្រូវបានលោក ហ៊ុន សែន ថ្លែងឡើង នារសៀលថ្ងៃទី ១០ ខែតុលា ក្នុងពិធីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា។
លោកថ្លែងថា៖ «សូមយកចិត្តទុកដាក់បង្កើតឱ្យមានកម្លាំងនេះឡើងដែលចាត់ទុកជាកម្លាំងស្នូលនៃផ្នែកសីលធម៌ ព្រោះយើងមិនរើសយកក្រុមញៀនគ្រឿងញៀនចូលទេ។ កម្លាំងនេះគឺជាកម្លាំងដែលសម្រិតសម្រាំងគុណភាពច្បាស់លាស់ ដែលធានាទាំងបរិមាណ និងគុណភាព។ ដូចនេះហើយ ទាំងរដ្ឋ និងឯកជនគប្បីត្រូវមានកាយរឹទ្ធិនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវទៅដល់អតីតសិស្សនៅតាមវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សាយកចិត្តទុកដាក់ឧបត្ថម្ភដល់អតីតសាលារបស់ខ្លួនឱ្យមានយុវជនកាយរឹទ្ធិនេះឡើង។
ប្រមុខរាជរដ្ឋាភិបាលរូបនេះ មានមោទនភាពចំពោះការរីកចម្រើននៃចលនាកាយរឹទ្ធិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជនទាំងក្នុងគ្រឹះស្ថានសិក្សានិងសហគមន៍គ្រប់មជ្ឈដ្ឋានដែលមានប្រមាណជាង ១៧ ម៉ឺននាក់។
លោក ហ៊ុន សែន ថ្លែងថា កាយរឹទ្ធកម្ពុជា គឺជាអង្គការចាត់តាំងយុវជនដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នាដែលចាប់ផ្តើមពីបុគ្គលគ្រួសារ និងសហគមន៍។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយតាមរយៈសកម្មភាពកាយរឹទ្ធកម្ពុជាដែលកម្លាំងចលករសម្រាប់ការងារអប់រំ ការហាត់ពត់លត់ដំស្មារតី ព្រមទាំងកាយសម្បទាប្រកបដោយសក្តានុពលរួមជាមួយនឹងចំណេះដឹងសីលធម៌ល្អ ចរិយាសម្បត្តិ ថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយរឹទ្ធ គឺការកសាងពិភពលោកមួយប្រកបដោយសមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត»។
នាពិធីបិទមហាសន្និបាតកាយរឹទ្ធជាតិកម្ពុជានោះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធជាតិកម្ពុជា ក៏បានលើកឡើងឱ្យដឹងផងដែរថា កាយរឹទ្ធជាតិកម្ពុជាត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ននេះ។
លោក ហង់ជួន ណារ៉ុន ថ្លែងថា៖ «ចលនាកាយរឹទ្ធជាតិគឺជាចលនាសម្រាប់កុមារ និងយុវជន និងជាការអប់រំកាយក្រៅប្រព័ន្ធដើម្បីជាការគាំទ្រដល់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកាយរឹទ្ធជាតិក៏ជាការអប់រំបែបស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជនដោយមិនធ្វើនយោបាយ និងបើកចំហចំពោះជនគ្រប់រូបដោយមិនគិតពីភេទ ដើមកំណើត ឬជំនឿ ដោយអនុលោមទៅតាមគោលបំណង គោលការណ៍ និងវិធីកាយរឹទ្ធកម្ម»។
លោក ហង់ជួន ណារ៉ុន បានលើកឡើងបន្ថែមថា ចលនាកាយរឹទ្ធជាតិ មានគោលបំណងរួមចំណែកអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម និងផ្លូវអារម្មណ៍ ឱ្យក្លាយជាពលរដ្ឋល្អ និងមានភាពទទួលខុសត្រូវនៅក្នុងសង្គមជាតិ និងអន្តរជាតិ។
លោកថា សមាជិក សមាជិកាម្នាក់ៗមានភារកិច្ចសំខាន់ ៣ យ៉ាងគឺ ភារកិច្ចចំពោះសាសនា, ភារកិច្ចចំពោះប្រទេសជាតិ និងមនុស្សជាតិទាំងអស់ និងភារកិច្ចចំពោះខ្លួនឯង។
លោកថ្លែងថា៖ «ថ្ងៃនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កាយរឹទ្ធជាតិកម្ពុជា ដោយបានលោក លោកស្រីថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសប្រមាណ ៧០០ នាក់ មកជួបជុំគ្នាក្នុងមហាសន្និបាតវិសាមញ្ញរបស់ខ្លួននេះ»៕