ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូប ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នៅតាមបណ្តាសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស ឬតាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ របស់ គ.ជ.ប.ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។
តាមរយៈវីដេអូពន្យល់លើបណ្ដាញយូធូបផ្លូវការ របស់ គ.ជ.ប. លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២១ អាចទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមបណ្តាសាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជនមួយចំនូនក្នុងឃុំ-សង្កាត់ ឬអាចចូលពិនិត្យមើលឈ្មោះតាមរយៈគេហទំព័ររបស់ គ.ជ.ប. voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃ (APP) “NEC KH” ដើម្បីប្រាកដថា ខ្លូនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត។
ក្នុងករណីពលរដ្ឋពិនិត្យឃើញថា ឈ្មោះ និងទិន្នន័យខ្លួន មិនមានភាពត្រឹមត្រួវដូចទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកទេ ពលរដ្ឋអាចស្នើសុំធ្វើការកែតម្រូវ តាមរយៈក្រុមចុះឈ្មោះបោះឆ្នោត ដោយភ្ជាប់ជាមួយនូវឯកសារសំអាងច្បាស់លាស់ទៅជាមួយ ក្នុងអំឡុងពេលប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ ដែលខ្លួនរស់នៅបាន។ នេះបើតាមប្រធាន គ.ជ.ប.។
ចំណែក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា បញ្ជីឈ្មោះផ្លូវការ ឆ្នាំ ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមឃុំ-សង្កាត់ ចំនួន ១ ៦៥២ ទូទាំងប្រទេសចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ តទៅ។ គ.ជ.ប. ក៏បានបង្ហោះព័ត៌មាន និងទិន្នន័យទាំងនេះ ចូលក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃផ្លូវការរបស់ខ្លួនផងដែរ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់មានឈ្មោះបោះឆ្នោត រួមមាន អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៥ ឬពលរដ្ឋខ្មែរដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី ទៅចុះឈ្មោះតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ សម្តែងនូវជំនឿមុតមាំថា ពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងឡាយ នឹងរួមគ្នាសហការតាមការអំពាវនាវនេះ ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតសម្រាប់ពលរដ្ឋគ្រប់ៗគ្នា។ រដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីសម្រេចកំណត់យកថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
បើតាមស្ថិតិប៉ាន់ស្មាន នៅឆ្នាំ ២០២២ នេះ ប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានចំនួន ១០ ៨៧៧ ០១៧ នាក់ ក្នុងនោះស្រី មានចំនួន ៥ ៥៦៨ ៣៩៨ នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ ២០២១ មានចំនួន ៩ ២០៥ ៦៨១ នាក់។ ចំណែកចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោត នៅឆ្នាំ ២០២២ មានចំនួន ៤០៩ ០៥៦ នាក់ ខណៈចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៤ ៩៥៦ នាក់៕