បាត់ដំបងៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀន និងក្រើនរំឭកដល់អាជ្ញាធរ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀនដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ខណៈលោកចេញមុខបដិសេធជុំវិញការចោទប្រកាន់ថា ក្រសួងមហាផ្ទៃ ជាកន្លែងប្រមូលផ្តុំអំណាច។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែតុលា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថា បទល្មើសគ្រឿងញៀន ក៏ជាជំងឺសង្គម ជាបទល្មើសប្រពៃណី ដែលមានន័យថា បទល្មើសនេះមានយូរមកហើយជាប់ជាប្រចាំ ដូច្នេះត្រូវតែចាត់វិធានការ ព្រោះវាបង្កគ្រោះថ្នាក់ដែលនឹងក្លាយជាសង្គមគ្រឿងញៀន។
លោកបន្តថា ក្នុងនោះរាជរដ្ឋាភិបាល បាននិងកំពុងបើកយុទ្ធនាការបង្ក្រាបបទល្មើសមួយចំនួន ដែលជាបទល្មើសគ្រោះថ្នាក់ដល់សន្តិសុខជាតិរួមមាន ល្បែងអនឡាញ ដែលតាមរយៈល្បែងអនឡាញ វាបង្កើតបទល្មើសមួយចំនួនដូចជា បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការធ្វើទារុណកម្ម ការជួញដូរផ្លូវភេទ ការចាប់ជំរិត ការបិទសិទ្ធិសេរីភាព បទល្មើសជួញដូរអាវុធ លាងលុយកង្វក់ ដែលនេះជាស្ថានភាពមួយមិនអាចទុកបានទេ។
លោកបានគូសបញ្ជាក់ថា ទោះបីការបង្ក្រាបនោះ មិនទាន់អស់ក្តី ប៉ុន្តែបទល្មើសទាំងនោះ ឃើញមានការថយចុះ ខណៈលោកក៏បានក្រើនរំឭកដល់អាជ្ញាធរមានសមត្ថកិច្ចកុំឱ្យមានការពាក់ព័ន្ធគ្រឿងញៀនឱ្យសោះ។
លោកថា៖ «នៅថៃប៉ូលិស ១ រូប ដែលជក់គ្រឿងញៀនផង រកស៊ីគ្រឿងញៀនផង គេបណ្តេញចេញ បន្ទាប់ពីគេបណ្តេញចេញមិនបានប៉ុន្មានខែផង បានទៅរកកាំភ្លើង ១ ដើម ទៅបាញ់កូនសិស្សស្លាប់អស់ ៣៤ នាក់ រួចទៅបាញ់កូន និងប្រពន្ធទៀត ស្លាប់ទាំងអស់ ទីបំផុតបាញ់ខ្លួនឯង។ នេះជាឧទាហរណ៍មួយ ហើយសូមឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យកករណីនេះជាមេរៀន ជាបទពិសោធ ដើម្បីផ្សព្វផ្សាយទូទាំងប្រទេស ឱ្យបានដឹងទាំងអស់គ្នាថា នេះយើងមើលស្រាលគ្រឿងញៀនមិនបានទេ កុំទៅឃុបឃិតជាមួយគ្រឿងញៀន»។
លោក ស ខេង បានឱ្យដឹងថា ជាការពិតការផលិតគ្រឿងញៀននាំចេញទៅក្រៅ ៩០ ភាគរយ ប៉ុន្តែ ១០ ភាគរយនៅក្នុងស្រុក ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួបរួមគ្នាទប់ស្កាត់គ្រឿងញៀន ដើម្បីកុំឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញគ្រឿងញៀន។
ជាមួយគ្នានេះដែរលោក ណែនាំដល់អាជ្ញាធរមូលដ្ឋានទប់ស្កាត់ការសាយភាយគ្រឿងញៀនចូលទៅក្នុងសាលារៀន និងស្នើដល់អាណាព្យាបាលចូលរួមទាំងអស់គ្នាដើម្បីធ្វើការងារនេះឱ្យទទួលបានជោគជ័យ។ លោកថា៖ « ជាពិសេសនៅតាមជនបទធ្វើម៉េចកុំឱ្យគ្រឿងញៀន វាយលុកចូលក្នងភូមិ ឃុំរបស់យើងបាន ក្នុងនោះសាលារៀន ពិសេសសាលារៀនក្មេងមានអាយុពី ១៣ ឆ្នាំឡើងទៅ។
ឪពុកម្តាយ ក៏មានកាតព្វកិច្ចការពារសុវត្ថិភាពឱ្យកូនដែរ ចៀសវាងពេលមានបញ្ហាបន្ទោសទៅប៉ូលិស ឬអាជ្ញាធរ។ យើងខ្ញុំទទួលប៉ុន្តែ ឪពុកម្តាយ នៅក្បែរកូនរាល់ថ្ងៃ ម៉េចមិនជួយមើលផង កូនទៅបាត់ពីផ្ទះមែន ប៉ុន្តែអត់ទៅសាលារៀនទេ វាទៅជក់អាភៀន ចែកចាយគ្រឿងញៀន ម៉េចក៏មិននាំគ្នាទប់ស្កាត់ បើទាំងអស់គ្នាធ្វើរួមគ្នា កូនចៅយើងនឹងសុខសប្បាយ»។
ពាក់ព័ន្ធការបង្ក្រាបល្បែងស៊ីសងវិញលោក ស ខេង ថ្លែងថា អាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាប និងចាត់វិធានការប្រកបដោយការទទួលខុសត្រូវចៀសវាងការរុញឱ្យខ្លោច រោចឱ្យឆៅ ពោលរកអ្នកទទួលខុសត្រូវពិតប្រាកដដើម្បីផ្តន្ទាទោស ។
លោកថា៖ «រឿងល្បែងស៊ីសងនេះសូមឱ្យអាជ្ញាធរមូលដ្ឋានមើល កុំចាំតែថ្នាក់លើស្រែក ព្រោះយើងមានគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព មានអស់ហើយ នាំគ្នាចាត់ចែងធ្វើតាមច្បាប់ទៅ»។
នាយករងអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បានគាំទ្រនូវប្រសាសន៍លោក ស ខេង ជុំវិញឱ្យមន្រ្តីអនុវត្តច្បាប់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។
លោកថ្លែងថា៖«បញ្ហាសំខាន់មន្រ្តីទាំងអស់ជាអ្នកអនុវត្តច្បាប់ត្រូវ តែនៅឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសង ពីព្រោះវាជារឿងធ្ងន់ធ្ងរបើសិនជាមានមន្រ្តីនៅពីក្រោយខ្នងរឿងនេះ ដូច្នេះត្រូវតែពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាព»។
លោកបន្តថា បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង មិនមែនពាក់ព័ន្ធត្រឹមតែរឿងនេះទេ អាចឈានទៅដល់ការជួញដូរមនុស្សក្នុងរូបភាពដូចកើតឡើងបច្ចុប្បន្នដែរ ដូច្នេះបញ្ហានេះទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបង្ក្រាប និងការទប់ស្កាត់ ជាពិសេសពង្រឹងយន្តការសហការរវាងអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេស ដោយចាប់ផ្តើមពីការបំបាត់អំពើពុករលួយ ។
ដោយឡែកជុំវិញមានការលើកឡើងថា ក្រសួងមហាផ្ទៃជាកន្លែងប្រមូលផ្តុំអំណាច ត្រូវបានលោក ស ខេង ចេញមុខបដិសេធ និងគូសបញ្ជាក់ថា អ្វីដែលក្រសួងបានធ្វើកន្លងមក ដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើកំណែទម្រង់កម្លាំងនគរបាល។
លោកចោទសួរថា៖ «ត្រង់ណាថា ក្រសួងមហាផ្ទៃប្រមូលអំណាច? ខ្ញុំមិនឯកភាព មានថ្នាក់រដ្ឋមន្រ្តីខ្លះភ្លើដល់ថ្នាក់ហ្នឹង ល្ងង់ដោយខ្លួនឯង ប៉ុន្តែមិនមែនគេល្ងង់ទេ គេឆ្លាត តែឆ្លាតខាងខុស ។ គេមិនចង់ផ្ទេរអំណាច ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ តាមស៊ីតាមចុកគម្រោងមួយៗយកមក ផ្លូវនេះធ្វើអស់ប៉ុន្មាន ១ លានដុល្លារ ដែលធ្វើជាក់ស្តែងផ្លូវនោះធ្វើអស់ ៤០ ម៉ឺនដុល្លារ ថាខ្លាំងហើយ សុំទោសដែលខ្ញុំនិយាយអ៊ីចឹង! ខ្ញុំមិនមែនហែក ប៉ុន្តែរឿងខ្លះខ្ញុំមិនអាចទ្រាំបានខ្ញុំនិយាយដែរ។ គាត់ចោទអ៊ីចឹងមក ខ្ញុំថាមិនមែនទេ ខុសហើយ អ្វីដែលក្រសួងមហាផ្ទៃខំប្រឹងប្រែងនោះ... ដើម្បីឱ្យមន្រ្តីបម្រើប្រជាជន»៕