ភ្នំពេញៈ ​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​យុទ្ធសាស្ត្រ ​«ការអប់រំ​សម្រាប់​ទាំងអស់គ្នា» ​របស់​រដ្ឋាភិបាល​ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​(Plan International)​ បាន​សាងសង់​មត្តេយ្យ​សហគមន៍ ​មត្តេយ្យ​តាម​ខ្នង​ផ្ទះ ​និង​មត្តេយ្យ​រដ្ឋ ​សម្រាប់​កុមារ​អាយុ​ពី ​៣ ​ដល់ ​៥ ​ឆ្នាំ ​បាន​ចំនួន ៤៤០កន្លែង​ ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែន​អន្តរជាតិ ​ក្នុង​ទិវា​អបអរសាទរ​ខួប​ ២០ ​ឆ្នាំ​របស់ខ្លួន ​នា​ថ្ងៃទី​ ១១ ​ខែតុលា ​ស្តីពី ​«ការអបអរ​សាទរ​ភាពជោគជ័យ​របស់​កុមារ ​និង​ស្រី្ត​វ័យក្មេង» ​លើកឡើងថា ​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​ចុង​ក្រោយ​នេះ ​អង្គការ​បាន​បង្កើត​កម្មវិធី​គំនិត​ផ្តួចផ្តើម​កែលម្អ​សាលារៀន ​ដោយ​គាំទ្រ​ដល់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ក្នុង​ការបង្កើត​គោល​នយោបាយ ​និង​គោល​គំនិត​នៃ​កិច្ចការពារ​កុមារ ​និង​សុវត្ថិភាព​សាលារៀន ​សម្រាប់​សាលា​រដ្ឋ​ទាំង​អស់​។

នា​ពិធី​នោះ​ នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​លោកស្រី ​គ្វីននេត ​វ៉ង ​ថ្លែងថា ​អង្គការ​លោកស្រី​បានធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ​អស់​រយៈពេល ​២០​ ឆ្នាំ​ហើយ ​ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ​ និង​សមភាព​សម្រាប់​ក្មេងស្រី ​ជាពិសេស​ក្មេងស្រី​ជំទង់​និង​ស្ត្រី​វ័យក្មេង​ក្នុង​ភាព​ចម្រុះ​ផ្សេងគ្នា​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «យើង​នៅ​ក្មេង ​ស្វាហាប់ ​និង​ពោរពេញ​ទៅដោយ​ថាមពល ​ដូច​ស្ត្រី ​និង​បុរស​អាយុ ២០​ ឆ្នាំ​។ តែ​យើង​ឆ្លាត​វៃ ​និង​មាន​បទពិសោធ​ច្រើន​ រួមមាន​ផ្នែក​អប់រំ ​អាហារូបត្ថម្ភ ​កិច្ចការ​ការពារ​កុមារ ​សិទ្ធិ​កុមារ ​ទឹកស្អាត​ និង​អនាម័យ ​និង​ផ្នែក​ជាច្រើន​ទៀត»។​

បើតាម​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​កុមារ​ជាង ​៦៣០ ០០០ ​នាក់ ​ក្នុងនោះ​មាន​កុមារី​ចំនួន​ ៣១០ ០០០ ​នាក់ ​នៅ​សាលា​បឋមសិក្សា ​បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​ស្បៀងអាហារ​តាម​សាលារៀន ​រួមមាន ​អាហារ​ពេលព្រឹក​ អនាម័យ ​គ្រឿង​បរិក្ខារ​អនាម័យ ​និង​ប្រព័ន្ធ​ចែកចាយ​ទឹក។

លោកស្រី​គ្វីន​ នេត ​វ៉ង ​បន្តថា​៖ «យើង​បាន​សាងសង់​សាលា​បឋមសិក្សា ​និង​អនុវិទ្យាល័យ​ជាង ​៨០​ អគារ​ជាមួយ​ការបំពាក់​គ្រឿង​បរិក្ខារ​សិក្សា​ផងដែរ​។ យើង​ក៏បាន​សាងសង់​បណ្ណាល័យ​ជាង​ ៤០​ កន្លែង ​និង​បង្គន់​អនាម័យ​តាម​សាលារៀន​ចំនួន ៤៣០​ ដោយ​មាន​ការបែង​ចែក​បន្ទប់ ​សម្រាប់​បុរស ​និង​ស្ត្រី​ផង​ដែរ»។

ជាមួយ​គ្នានេះ ​អង្គការ ​ក៏បានផ្តល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​តាម​សាលារៀន​ជាង​ ៥២០ ​រួមមាន ​ម៉ាស៊ីន​បូម​ចម្រោះ​ទឹក​ អាង​​ត្រង​ទឹកភ្លៀង ​រួម​នឹង​កន្លែង​លាងដៃ​ជា​ក្រុម តាម​សាលារៀន​ជាង ​១ ០០០​ កន្លែង ​ហើយ​ក៏បាន​បង្កើត​ថ្នាក់​កុំព្យូទ័រ ​និង​ការបង្រៀន​ភាសា​អង់គ្លេស ​នៅ​សាលារៀន​ចំនួន ​៤ ​ក្នុង​ខេត្ត​សៀមរាប​ផងដែរ។​

លោកស្រី​ឱ្យដឹងថា​៖ «យើង​បាន​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​អប់រំ ​រួមមាន ​ការចុះឈ្មោះ​ចូលរៀន ​អត្រា​បោះបង់​ការសិក្សា​ខ្ពស់ ​អនក្ខរកម្ម ​និង​ការអប់រំ​ដែល​មាន​ស្តង់ដា​ទាប​ដោយ​អង្គការ​យើង​បាន​បង្កើត​ការអប់រំ​បំប៉ន​សិស្ស​យឺត​។ ផ្តល់​អាហារូបករណ៍ ​និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​ (ថ្នាក់​តាម​ភូមិ) ​ដើម្បី​លើក​ទឹកចិត្ត​ដល់​កុមារ​មកពី​គ្រួសារ​ដែល​មាន​ចំណូល​ទាប​ឱ្យបាន​ទៅ​សាលា​រៀន»។​

អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បាន​គាំទ្រ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ក្នុង​ការបញ្ចូល​ការឆ្លើយតប​យេនឌ័រ​ទៅក្នុង​សៀវភៅ​ណែនាំ​របស់​គ្រូ​មត្តេយ្យ​សិក្សា​។

សូម​បញ្ជាក់ថា ​នៅ​ឆ្នាំ ២០០២ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា ​ហើយ​បាន​អនុវត្ត​កម្មវិធី​ដំបូង​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប ​នា​ដើម​ឆ្នាំ​ ២០០៣ ​និង​កម្មវិធី​ទី​២​ នៅ​ខេត្ត​កំពង់ចាម​ នៅ​ពាក់​កណ្តាល​ឆ្នាំ ២០០៤​។

លោក​ រស់ សុ​វាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ​កាលពី​ខែសីហា​កន្លងមក​ថា ​គិត​ត្រឹម​ឆ្នាំ​សិក្សា ​២០២១-២០២២ ​សាលា​មត្តេយ្យ​សិក្សា ​និង​សាលា​រៀនចំណេះ​ទូទៅ​ទាំង​សាធារណៈ ​និង​ឯកជន​មាន​ចំនួន​ ១៨ ៤៣០​។ ក្នុង​នោះ ​មត្តេយ្យ​សិក្សា​សហគមន៍ ​មាន​ ៣ ០៨៣​ កន្លែង​ សាលារៀន​សាធារណៈ ​១៣ ៦៨១ ​និង​សាលារៀន​ឯកជន​ចំនួន ​១ ៦៦៦​។​

លោក​ឱ្យដឹង​ដែរ​ថា ​ចាប់ពី​ឆ្នាំ​ ២០១៩ ​ដល់ ​២០២២ ​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​តាម​សាលារៀន ​ក្រសួង​ធានាបាន​ស្តង់ដា​សាលារៀន​មាន​ប្រសិទ្ធភាព ​លើកកម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន ​ការកែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​សាលារៀន ​និង​ពង្រឹង​ការគ្រប់គ្រង ​ការតាមដាន ​និង​វាយតម្លៃ​តាម​សាលារៀន​។​

លោក​ រស់ សុ​វាចា ​ថ្លែងថា​៖ «ជាមួយ​គ្នានេះ ​កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន ​បាន​ជួយ​ឱ្យ​សាលារៀន​អាច​ពង្រឹង​សមត្ថភាព​សិស្ស ​ដែល​មាន​គុណភាព​ទាំង​ចំណេះដឹង ​និង​ជា​កូន​ល្អ ​សិស្ស​ល្អ ​និង​ពលរដ្ឋ​ល្អ​ក្នុង​សហគមន៍»។​

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ធ្លាប់បាន​បង្ហាញ​ឱ្យដឹង​ដែរ​ថា ​នៅ​កម្ពុជា​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ថ្នាក់​មត្តេយ្យ ​និង​បឋមសិក្សា​ចំនួន ​២៨​ ម៉ឺន​នាក់ ​នៅ​សាលារៀន​ចំនួន​ ១ ១១៣ ​នៅ​ខេត្ត​ចំនួន​ ១០​។ បច្ចុប្បន្ន ​រាជរដ្ឋាភិបាល​កម្ពុជា ​គឺជា​អ្នកផ្ដល់​មូលនិធិ ​និង​ចាត់ចែង​កម្មវិធី​នៅតាម​សាលា​ចំនួន​ ២៩០ ​(២៦%) ​និង​បាន​បែងចែក​ថវិកា​ចំនួន ​២៩ លាន​ដុល្លារ ​សម្រាប់​កម្មវិធី​ក្នុង​ឆ្នាំនេះ​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​លោក​ ហង់ជួន ​ណារ៉ុន ​ធ្លាប់បាន​ថ្លែងថា ​ការផ្តល់​ស្បៀងអាហារ​តាម​សាលា​រៀន​នៅ​កម្ពុជា ​ជាការបង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ការពង្រីក​កម្មវិធី​នេះ​ជា​បណ្តើរៗ​ដោយ​ទទួល​ស្គាល់​​ពី​ឥទ្ធិពល​ជា​វិជ្ជមាន​របស់​កម្មវិធី​នេះ​ទៅលើ​ការអប់រំ ​អាហារូបត្ថម្ភ ​និង​កិច្ចគាំពារ​សង្គម​។​

ដោយ​ឡែក ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​ក៏​បាននិង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ​ដើម្បី​អភិវឌ្ឍ​គោល​នយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​ការពារ​កុមារ ​ច្បាប់​យុត្តិធម៌​អនីតិជន ​គោល​នយោបាយ ​និង​ផែនការ​កិច្ចការពារ​កុមារ​នៅ​សាលារៀន​ និង​ផែនការ​អនុវត្ត​សៀវភៅ​មគ្គុទ្ទេសក៍​ សម្រាប់​គ្រូបង្រៀន​ស្តីពី​ការបង្ការ​ការប្រើប្រាស់​គ្រឿង​ញៀន​ខុសច្បាប់​ ព្រមទាំង​ការទប់ស្កាត់​ និង​ការប្រឆាំង​ការជួញដូរ​មនុស្ស​សម្រាប់​បឋមសិក្សា​ និង​អនុវិទ្យាល័យ​។​

លោកស្រី​ គ្វីន​នេត ​វ៉ង ​លើកឡើងថា​៖ «យើង​បាន​បង្កើត​បណ្តាញ​កិច្ចការពារ​កុមារ​សហគមន៍​ជាង​ ១៦០ ​បណ្តាញ​ ដែល​សមាជិក ​រួមមាន ​អ្នកដឹកនាំ​សហគមន៍​ គ្រូបង្រៀន ​ឪពុកម្តាយ ​ក្រុមយុវជន ​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ និង​បុគ្គលិក​របស់​យើង ​ដើម្បី​ទប់ស្កាត់ ​និង​ឆ្លើយតប​ទៅនឹង​ការរំលោភបំពាន​លើ​កុមារ ​និង​ផ្តល់​ការគាំទ្រ​ផ្នែក​​សង្គម ​សេដ្ឋកិច្ច ​និង​ផ្លូវច្បាប់​ដល់​ជន​រងគ្រោះ»។

លោកស្រី​បន្ថែមថា​៖ «យើង​បាន​បង្កើត ​និង​គាំទ្រ​វេទិកា​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់ជាតិ​ ដើម្បី​ផ្សព្វផ្សាយ​បរិស្ថាន​សុវត្ថិភាព​កុមារ ​និង​សំឡេង​កុមារ​ទៅដល់​អ្នកបង្កើត​គោល​នយោបាយ​។ វេទិកា​នេះ​បាន​បញ្ចូល​កុមារ ​និង​យុវជន​ ជិត​ ៧ ០០០ ​នាក់ ​ក្នុង​ខេត្ត​ចំនួន ​១២ ​ទៅជា​បណ្តាញ​ក្លិប​កុមារ​ថ្នាក់​ជាតិ»៕