ភ្នំពេញៈ ក្រោមកិច្ចគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ក្រសួងផែនការ ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ ដល់ស្ថាប័នពាក់ព័ន្ធ។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងក្នុងពិធីផ្សព្វផ្សាយនៅថ្ងៃទី ១២ ខែតុលាថា គោលបំណងសំខាន់ នៃការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវនីតិវិធីថ្មី ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្ដប់ដល់គ្រួសារងាយរងហានិភ័យ នៅពេលនេះ មានគោលបំណងបង្ហាញពីចំណុចសំខាន់ៗចំនួន ៧ គឺទី១ ភាពធន់នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទី២ ការផ្លាស់ប្តូរពីការប្រមូលទិន្នន័យតាមជុំទៅជាការប្រមូលទិន្នន័យតាមតម្រូវការ ទី៣ បរិយាប័ន្ននៃគ្រួសារងាយរងហានិភ័យ (គ្រួសារក្បែរក្រ) ទី៤ ការធ្វើបច្ចុប្បន្នកម្មរបៀបរបបគណនាពិន្ទុ និងកម្រងសំណួរ ទី៥ ដំណើរការឌីជីថលភាវូបនីយកម្ម ពីការធ្វើការងារដោយលើក្រដាសទៅការកាត់ត និងការរក្សាទុកទិន្នន័យតាមរយៈឌីជីថល ទី៦ មុខងារថ្មីនៅក្នុងនីតិវិធី គឺការកែសម្រួល និងលុបទិន្នន័យដែលបានបញ្ចូល និងទី៧ យន្តការគណនេយ្យភាព គឺមតិជំទាស់ និងសំណូមពរ។
លោកបន្តថា គ្រួសារដែលត្រូវកំណត់អត្តសញ្ញាណ គឺជាគ្រួសារ រស់នៅក្បែរខ្សែបន្ទាត់នៃភាពក្រីក្រ និងងាយរងគ្រោះចំនួន ៥ ប្រភេទ ដូចជាគ្រួសារមានសមាជិកមានពិការភាព គ្រួសារមានសមាជិកចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ គ្រួសារដែលមានសមាជិកសុទ្ធតែអាយុក្រោម ១៨ ឆ្នាំ គ្រួសារមានកុមារអាយុក្រោម ២ ឆ្នាំ និងគ្រួសារមានមេគ្រួសារជាស្ត្រី ក៏នឹងត្រូវកំណត់អត្តសញ្ញាណនិងចុះឈ្មោះនៅក្នុងមូលដ្ឋាន ទិន្នន័យក្រសួងផែនការ។ ការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ក៏នឹងត្រូវបានអនុវត្តដោយក្រុមការងារឃុំ សង្កាត់ ក្រោមការដឹកនាំរបស់ក្រសួងផែនការ ដោយមានការគាំទ្រពីមន្ទីរផែនការរាជធានី-ខេត្ត។
បើតាមលោក ឆាយ ថន ក្រសួងផែនការបានដំណើរការ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅលើផ្លូវ ១ ដ៏វែងឆ្ងាយ។ កាលពី ១៥ ឆ្នាំមុន នៅពេលការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានបង្កើតឡើងជាលើកដំបូង ឈរលើមាគ៌ាឆ្ពោះទៅរកការការពារសង្គមកាន់តែប្រសើរ និងវិបុលភាពរួមមួយ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គឺជាយន្តការជាតិដំបូងគេ ត្រូវបានរៀបចំ និងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្នតាមរយៈយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសទទួលបានអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ ហើយទិន្នន័យដែលប្រមូលបានតាមរយៈប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានបង្ហាញឱ្យឃើញពីគុណតម្លៃយ៉ាងសំខាន់មិនត្រឹមតែសម្រាប់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃជាច្រើនទៀតបានយកទិន្នន័យនេះទៅប្រើជាមូលដ្ឋានសម្រាប់កិច្ចការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពក្រីក្រ តាមរយៈសកម្មភាពអាទិភាពរបស់ខ្លួនជាច្រើន។
លោកថ្លែងថា៖ «កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានអនុញ្ញាតឱ្យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានការវិវឌ្ឍជាលំដាប់សម្រាប់វិធានការអន្តរាគមន៍ គាំពារសង្គមនៅកម្ពុជា។ ក្រសួងផែនការ ពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការអន្តរាគមន៍គាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ»។
បើតាមលោក ឆាយ ថន ចាប់តាំងពីឆ្នាំ ២០០៧ ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់ដោយក្រសួងសុខាភិបាល និងអង្គការនានា សម្រាប់ជាមូលដ្ឋានផ្តល់សេវាសុខភាពជូនដល់គ្រួសារក្រីក្រ។ ឆ្នាំ ២០០៨ នៅពេលកម្ពុជាទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់ គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ត្រូវបានគិតគូរ ជាពិសេសសម្រាប់អន្តរាគមន៍ជំនួយសង្គមជាការឧបត្ថម្ភស្បៀងអាហារ។ ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីស្បៀងពលកម្ម និងការផ្តល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា ឆ្នាំ ២០១៩។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និង លើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ ២ ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ឆ្នាំ ២០២០ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ក្នុងឆ្នាំ ២០២២ រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាបន្ថែមទៀត។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូថ្លែងថា ការដាក់ចេញយន្តការនៃការគាំពារសង្គមសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ គឺជាកិច្ចការសំខាន់ និងចាំបាច់បំផុត ព្រោះកន្លងមក ទាំងកម្ពុជា ក៏ដូចជាពិភពលោក បានជួបបញ្ហាវិបត្តិនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់មុខរបរ និងធ្លាក់ខ្លួនក្រីក្រ។ ដូច្នេះ អ្វីដែលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំពារសង្គម ដោយកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងមានហានិភ័យ គឺដើម្បីទទួលជំនួយសង្គមពីរាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលល្អ ប៉ុន្តែធ្វើយ៉ាងណា អាជ្ញាធរ ក្រសួងស្ថាប័ន ឬក៏គណៈកម្មការពាក់ព័ន្ធក្នុងការវាយតម្លៃហ្នឹង ឱ្យមានតម្លាភាព និងយុត្តិធម៌ ហើយប្រជាពលរដ្ឋដែលក្រីក្រ អាចទទួលបានកិច្ចគាំពារសង្គមនេះ»។
ទោះជាយ៉ាងនេះក្តី បើតាមលោក ឆាយ ថន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការវិនិយោគប្រកបដោយនិរន្តរភាពទៅក្នុងប្រព័ន្ធគាំពារសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនក្រីក្រ ខណៈមានការរីករាលដាលសកលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋជាច្រើន។ កិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (មូលនិធិជាតិជំនួយសង្គម) ក្រោមឆត្រ ក្រុមប្រឹក្សាជាតិគាំពារសង្គម គឺរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលរងគ្រោះដោយសារជំងឺកូវីដ ១៩ ដែលបានចាប់ផ្តើមពីខែមិថុនា ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន បានចំណាយថវិកាជាតិអស់រង្វង់ ៨០០ លានដុល្លារអាមេរិក ទៅដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រប្រមាណ ៧០០ ០០០ គ្រួសារ ប្រហែល ២,៨ លាននាក់៕